មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានគាំទ្រអង្គការជឿជាក់លើសិស្សជនបទ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលជួយដល់សិស្សជនបទ

ភ្នំពេញ៖ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងលោក អ៉ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធស្នាក់ការអង្គការជឿជាក់លើសិស្សជនបទកម្ពុជាដែលមានទីតាំងនៅក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងពិធីនេះឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានបង្ហាញនូវការគាំទ្រចំពោះអង្គការជឿជាក់លើសិស្សជនបទកម្ពុជាដែលដឹកនាំដោយលោក Aviv PALTI ជនជាតិអូស្ត្រាលីដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើផ្តល់លទ្ធភាពកាន់តែប្រសើរឡើងជូនដល់កុមារនៅតាមជនបទក្នុងខេត្តសៀមរាបទទួលបានការសិក្សានិងអប់រំវិជ្ជាជីវៈសំដៅកសាងអនាគតដ៏ល្អមួយសម្រាប់កុមារនៅតាមជនបទ។

យោងតាមរបាយការណ៍របស់អង្គការនេះបានបង្ហាញថា បច្ចុប្បន្ននេះអង្គការបានផ្ដល់អាហារូបករណ៍ពីរកម្រិតគឺ កម្រិតមធ្យមសិក្សាទុតិយភូមិ និងកម្រិតឧត្តមសិក្សាដល់សិស្សខ្វះខាតមកពីជនបទ ចំនួន ១០៥ នាក់ ក្នុងនោះមានសិស្សវិទ្យាល័យចំនួន ១៦នាក់ (ប្រុស ២នាក់) កំពុងសិក្សានៅសាលាអន្តរជាតិភ្យូឆឺប្រាយ។ សិស្សចំនួន ១៥នាក់ (ស្រី ១៣នាក់)កំពុងរៀនត្រៀមថ្នាក់ភាសាអង់គ្លេសចូលសាកលវិទ្យាល័យ។ និស្សិតចំនួន៤៥ នាក់ (ស្រី ២៧នាក់) កំពុងសិក្សាថា្នក់បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាសាខាខេត្ត សៀមរាប។ លើសពីនេះ និស្សិតចំនួន ២៨ នាក់ (ស្រី ១៨នាក់)បានបញ្ចប់ការសិក្សាថា្នក់បរិញ្ញាប័ត្រជាស្ថាពរ និងកំពុងបន្ដការសិក្សាថ្នាក់អនុបណ្ឌិតនៅទីក្រុងភ្នំពេញចំនួន ២៧នាក់ និងមាននិស្សិតស្រី ១នាក់ ដែលបាននឹងកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យអារីហ្សូណា សហរដ្ឋអាមរិក។ កន្លងមកនេះ មាននិស្សិតដែលបានទទួលអាហារូបករណ៍បន្តការសិក្សាទៅក្រៅប្រទេសនៅសហរដ្ឋអាមេរិក ចំនួន ២នាក់។

ចំពោះការចូលរួមកិច្ចការងារជួយសង្គមអង្គការមានគម្រោងដែលដឹកនាំដោយ សិស្ស និស្សិតអង្គការផ្ទាល់ និងដែលបាននឹងកំពុងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គមឱ្យមានភាពល្អប្រសើរដូចជា៖ ១. គម្រោងសាងសង់ផ្ទះ។ ២. គម្រោងប្រូជេកវ៉ាយហ្រ្វូហ្សិនយ៉ូកឺត ( Project Y Frozen Yogurt) ជាសហគ្រាសសង្គមដើម្បីការអប់រំ បានបង្កើតឡើងនៅឆ្នាំ២០១៥ ដើម្បីបង្រៀននិស្សិតអោយចេះបង្កើត និងគ្រប់គ្រងអាជីវកម្ម បណ្ដុះគំនិត និងបំណិនសហគ្រិន ព្រមទាំងកៀងគរថវិកា តាមរយការលក់យ៉ាអួទឹកកកដើម្បីផ្តល់អាហារូបករណ៍ និងជួយសង្គម។ ៣. គម្រោងប្រូជេក ជី Project G ជាគម្រោង លើកកម្ពស់ក្មេងស្រី និងស្រ្តី។ ៤. គម្រោងប្រូជេកវី Project V ជាគម្រោងផ្តល់បទពិសោធន៍ទៅដល់អ្នកស្ម័គ្រចិត្តក្នុង និងក្រៅប្រទេស។ ៥. គម្រោងប្រូជេក អ Project R បានបង្កើតឡើងនៅចុងឆ្នាំ២០១៩ ដែលមានគោល បំណងក្នុងការផ្ដល់ឱ្យនូវដំណោះស្រាយចំពោះបញ្ហាប្លាស្ទិកតាមរយៈ បដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និង កែច្នៃប្លាស្ទិក ក្រោមការចុះអនុស្សរណៈយោគយល់គាំទ្ររវាងក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងបរិស្ថាន និងអង្គការជឿជាក់លើសិស្សជនបទកម្ពុជា។ គម្រោងនេះបានចុះធ្វើសិក្ខាសាលាតាមអនុវិទ្យាល័យចំនួន ៣១ និង៥វិទ្យាល័យក្នុងខេត្តសៀមរាប។ក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយនេះ គម្រោងនេះមិនត្រឹមតែបានលើកកម្ពស់ការយល់ដឹងនៃបញ្ហាប្លាស្ទិកប៉ុណ្ណោះទេ តែបានអំពីបានផ្ដល់នូវកាបូបរិស្ថានដល់សិស្សចំនួន ១៥០០ ០ កាបូប ៣១ ធុងសម្រាម និងសៀវភៅការអប់រំស្ដីពីប្លាស្ទិកសម្រាប់អ្នកដឹកនាំពេលអនាគតចំនួន ១៥០ ក្បាលសម្រាប់បម្រើការអានក្នុងបណ្ណាល័យនៃសាលាដែលគម្រោងបានកំពុងអនុវត្ដបេសកកម្មរបស់ខ្លួន។ ៦. គម្រោងភូមិគ្មានប្លាស្ទិក គឺជាផ្នែកមួយនៃគម្រោងR ក្នុងអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដែលត្រូវបានផ្ដួចផ្ដើមបង្កើតឡើងក្នុងការជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាជននៅតាមទីជនបទឱ្យយល់ពីផលប៉ះពាល់អវិជ្ជមាននៃប្លាស្ទិក និងរក្សាបរិស្ថានស្អាតនៅក្នុងសហគមន៍ជនបទ។ ជាលទ្ធផលយើងបានសហការនិងមានការគាំទ្រពីរដ្ឋបាលស្រុកបន្ទាយស្រី យើងបានធ្វើការផ្សព្វផ្សាយអំពីបញ្ហាប្លាស្ទិក និងមានការចូលរួមពីប្រជាពលរដ្ឋចំនួន ១១២៤ នាក់ យុទ្ធនាការសម្អាតភូមិនៅក្នុងឃុំព្រះដាក់ស្រុកបន្ទាយស្រី ចំនួនពីរលើកដែលមានការចូលរួមចំនួន ៧៤៣នាក់ និងក្រោមការឧបត្ថម្ភពីដៃគូរសហការ ក្រុមហ៊ុន កូកា កូឡាកម្ពុជា ពួកយើងបានប្រគល់ធុងសំរាមខ្នាតធំចំនួន ១៧ និងផ្លាកផ្សព្វផ្សាយអំពីការគាំពារបរិស្ថានចំនួន ៥២ ផ្លាកដល់រដ្ឋបាលស្រុកបន្ទាយស្រី។ ៧. គម្រោងប្រូជេក អែល Project L ធ្វើការផ្ដល់ជូននៅពិលភ្លើងសូឡាខ្នាតតូចដល់សិស្សសាលាដែលស្ថិតនៅតំបន់ដាច់ស្រយាលជួបការលំបាក ដើម្បីធ្វើការសិក្សានៅពេលយប់។ ក្នុងដើមឆ្នាំ២០២២នេះ ភ្លើងពិលសូឡាខា្នតតូចចំនួន ៥១១បានចែកចេញ និង១៥៥៩ ពិលគ្រោងចែកអោយចប់ក្នុងឆ្នាំ២០២២នេះ។ ៨. គម្រោងទឹកស្អាត និងអនាម័យ (Project W) ជាគម្រោងរបស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដែលបានផ្ដួចផ្ដើមឡើងក្នុងគោលបំណងផ្តល់ដំណោះស្រាយចំពោះបញ្ហាកង្វះទឹកស្អាត និងបង្គន់អនាម័យនៅតាមសាលារៀន ។

ទាំងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ទាំងលោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងលោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា និងលើកទឹកចិត្តបន្ថែមទៀតក្នុងការចូលរួមសហការជាមួយក្រសួងស្ថាប័នរបស់ខ្លួនដើម្បីពង្រីកសកម្មភាពមនុស្សធម៌នេះឱ្យបានកាន់តែច្រើនឡើង៕​ ដោយ:ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner