លោក ដូណាល់ ត្រាំ ថ្កោលទោសលោកស្រី ណាន់ស៊ី ផេឡូស៊ី ជុំវិញដំណើរទស្សនកិច្ចទៅកាន់តៃវ៉ាន់
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្កោលទោសប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី ដែលបានទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ ដោយហៅការធ្វើដំណើររបស់លោកស្រីថា “ក្តីសុបិនរបស់ប្រទេសចិន”។
លោក ត្រាំ បាននិយាយក្នុងអំឡុងការប្រមូលផ្តុំតាមបែបយុទ្ធនាការក្នុងរដ្ឋ Wisconsin នៅថ្ងៃសុក្រសប្តាហ៍នេះថា លោកស្រីល្ងីល្ងើ ណាន់ស៊ី ផេឡូស៊ី តើមានអ្វីកើតឡើង? តើលោកស្រីកំពុងធ្វើអ្វីនៅតៃវ៉ាន់? លោកស្រីបានក្លាយជាក្តីសុបិនរបស់ចិន… លោកស្រីបានផ្តល់លេសដល់ពួកគេ… ពួកគេកំពុងស្វែងរកលេសនោះ… លោកស្រីបានផ្តល់លេសនោះហើយ។ លោកថា អ្វីគ្រប់យ៉ាងដែលលោកស្រី ផេឡូស៊ី ប៉ះបានប្រែទៅរកភាពវឹកវរ ការរំខាន និងរឿងអាស្រូវ។ កន្លងមក លោក ត្រាំ ធ្លាប់បានប្រកែកថា ដំណើរទស្សនកិច្ចរបស់លោក ផេឡូស៊ី ដែលដឹកនាំទៅដល់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ចិន និងការកាត់ផ្តាច់ទំនាក់ទំនងការទូតមួយចំនួនជាមួយសហរដ្ឋអាមេរិកនោះ នឹងបណ្តាលឱ្យមានការប៉ះទង្គិច និងការស្អប់ខ្ពើមយ៉ាងខ្លាំង។
គួរបញ្ជាក់ថា បន្ទាប់ពីដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស់របស់លោកស្រី ផេឡូស៊ី ចិនបានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំ, ការដាក់កំហិតពាណិជ្ជកម្មលើតៃវ៉ាន់, ការដាក់ទណ្ឌកម្មលើលោកស្រី ផេឡូស៊ី និងគ្រួសាររបស់លោកស្រី ព្រមទាំងកាត់បន្ថយទំនាក់ទំនងជាមួយអាមេរិកលើបញ្ហាសំខាន់ៗដូចជាសន្តិសុខដែនសមុទ្រ ការអនុវត្តច្បាប់ឆ្លងដែន និងការប្រែប្រួលអាកាសធាតុជាដើម៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា