លោក ហ្សេលេនស្គី ថា អ៊ុយក្រែនបានរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលមានតម្លៃប្រហែល ៧៦៥លានដុល្លារ

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់នៅលើបណ្តាញសង្គម Telegram របស់ខ្លួននៅថ្ងៃសៅរ៍សប្តាហ៍នេះថា អ៊ុយក្រែនបានរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលមានតម្លៃប្រហែល ៧៦៥លានដុល្លារ។

លោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា ការបើកកិច្ចប្រជុំនៅថ្ងៃនេះ គឺស្តីពីគោលនយោបាយដាក់ទណ្ឌកម្ម និងការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី។ ដូចដែលមន្ត្រីរដ្ឋាភិបាលបានរាយការណ៍ ទ្រព្យសម្បត្តិដែលមានតម្លៃប្រហែល ៧៦៥លានដុល្លារត្រូវបានរឹបអូសដោយបង្ខំរួចហើយ។ លោកថា ការងារនេះកំពុងបន្ត ខណៈដែលគ្រឿងបរិក្ខារជាង ៩០០បន្ថែមទៀតដែលជាកម្មសិទ្ធិរបស់រដ្ឋរុស្ស៊ីក៏ត្រូវបានស្នើឱ្យរឹបអូស។

បើតាមលោក ហ្សេលេនស្គី ទ្រព្យសម្បត្តិដែលរឹបអូសបាននឹងត្រូវប្រើប្រាស់ដើម្បីទូទាត់សងការខូចខាតដែលបណ្តាលមកពីជម្លោះយោធានាពេលបច្ចុប្បន្ននៅក្នុងប្រទេសអ៊ុយក្រែន។ កាលពីថ្ងៃទី៥ ខែសីហា អ៊ុយក្រែនបានអនុម័តក្រឹត្យមួយដែលអាចឱ្យទ្រព្យសម្បត្តិ ៩០៣ ដែលគ្រប់គ្រងដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនត្រូវបានផ្ទេរទៅឱ្យរដ្ឋនិងប្រជាជនអ៊ុយក្រែន។

លោក ហ្សេលេនស្គី បាននិយាយថា វិធានការខាងលើនេះគ្រាន់តែជាជំហានដំបូងក្នុងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល សម្រាប់ការដោះស្រាយទ្រព្យសម្បត្តិរបស់រុស្ស៊ីប៉ុណ្ណោះ។ ជំហានបន្ទាប់នឹងជាការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលធ្វើឡើងនៅលោកខាងលិច ដែលត្រូវបានចោទប្រកាន់ថា មានគោលបំណងដូចគ្នាក្នុងការកសាងអ៊ុយក្រែនឡើងវិញ។ លោកថា រដ្ឋាភិបាល និងការិយាល័យប្រធានាធិបតីអ៊ុយក្រែនក៏កំពុងធ្វើការលើវិធានការនេះ រួមជាមួយនឹងក្រុមអ្នកជំនាញអន្តរជាតិ ដៃគូរ និងសម្ព័ន្ធមិត្តនៅលោកខាងលិចផងដែរ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner