លោក ចូ បៃដិន បន្តធ្វើចត្តាឡីស័ក ទោះបីជាធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ក៏ដោយ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើតេស្តអវិជ្ជមានជំងឺកូវីដ១៩ នៅថ្ងៃសៅរ៍សប្តាហ៍នេះ ប៉ុន្តែ “នៅក្នុងការប្រុងប្រយ័ត្នខ្ពស់” លោកនឹងបន្តធ្វើចត្តាឡីស័កសិន (ដាក់ខ្លួននៅដាច់ដោយឡែក) ក្រោមការត្រួតពិនិត្យប្រចាំថ្ងៃ រហូតដល់លទ្ធផលអវិជ្ជមានជាលើកទីពីរ។ នេះបើតាមការបញ្ជាក់របស់វេជ្ជបណ្ឌិតសេតវិមានលោក Kevin O’Connor ។
លោកវេជ្ជបណ្ឌិត O’Connor បានសរសេរសារនៅក្នុងបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់គាត់អំពីស្ថានភាពរបស់លោក បៃដិន ថា លោកប្រធានាធិបតីនៅតែបន្តមានអារម្មណ៍ល្អណាស់។
មេដឹកនាំអាមេរិករូបនេះ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ដំបូង កាលពីថ្ងៃទី២១ ខែកក្កដា ទោះបីជាលោកចាក់វ៉ាក់សាំងពេញលេញហើយក៏ដោយ។ ជាមួយការប្រើប្រាស់ថ្នាំ Paxlovid ប្រាំថ្ងៃក្រោយមកគាត់ក៏បានធ្វើតេស្តឃើញអវិជ្ជមានឡើងវិញ ប៉ុន្តែបានធ្វើតេស្តវិជ្ជមានម្តងទៀតកាលពីថ្ងៃសៅរ៍កន្លងទៅ ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា