ពលរដ្ឋក្រីក្រ ២០គ្រួសាររស់នៅក្នុងឃុំបន្ទាយស្ទោង បានទទួលអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមន្នី
ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតទាំង ២០គ្រួសារ មកពីភូមិស្រោមដែក ១០គ្រួសារ និងភូមិបន្ទាយស្ទោង ១០គ្រួសារ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានទទួលអំណោយស្បៀងអាហារ ពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមន្នី ក្នុងមួយគ្រួសារអង្ករ ២៥គ.ក មី១កេស ទឹកត្រី១យួរ និងត្រីខកំប៉ុង១យួរ តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង
និងលោកកាន់ សាឡន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ចុះសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងពិនិត្យស្ថានភាពផ្លូវ ដើម្បីជួសជុលបណ្ដោះអាសន្នក្នុងរដូវភ្លៀងធ្លាក់នេះ ដើម្បីជួយសម្រួសលការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ។
លោក សូត្រ អ៊ុល មេឃុំបន្ទាយស្ទោង ស្ថានភាពការខូចខាតផ្លូវធ្វើដំណើរ ក្នុងកំណត់ផ្លូវ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលឆ្លងកាត់ឃុំបន្ទាយស្ទោង មានពីរភូមិគឺភូមិបន្ទាយស្ទោង និងស្រោមដែក ដែលមាន ការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្ស លំបាក ក្នុងការធ្វើដំណើរពិសេសគឺក្នុងរដូវភ្លៀងធ្លាក់នេះ ។
លោក កាន់ សាឡន បញ្ជាក់ពីគម្រោងសាងសង់ផ្លូវរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលឆ្លងកាត់ឃុំបន្ទាយស្ទោងនិងឃុំរុងរឿងនឹងត្រូវដំណើរការកសាងផ្លូវនេះនៅក្នុងរដូវប្រាំងចុងឆ្នាំ២០២២នេះ សំណូមពរប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវ ជួយសម្រួលនូវផលប៉ះពាល់ពាក់ព័ន្ធនិងចំណីផ្លូវ ដែលត្រូវសាងសង់នៅពេលខាងមុខ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែល ការសាងសង់ផ្លូវចាក់កៅស៊ូ ឆ្លងកាត់ពីរឃុំខាងលើឆាប់ខាងមុខនេះ ដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់ ដោយសារតែការធ្វើដំណើរពិបាកមកជាច្រើនឆ្នាំកន្លងមកហើយ និងសូមបងប្អូនមេត្តាយោគយល់អធ្យាស្រ័យ ជួយសម្រួលចំណីផ្លូវ និងដើមរុក្ខជាតិទាំងឡាយ ដើម្បីងាយស្រួលក្នុងការកសាងផ្លូវ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកថវិកាចំនួនពីរលានរៀល ដែលជាអំណោយរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ប្រគល់ជូនអាជ្ញាធរឃុំ.ភូមិ ដំណើរការជួសជុល កែលម្អផ្លូវជាបណ្ដោះអាសន្នដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនបានធ្វើ ដំណើរមានភាពងាយស្រួល ទម្រាំមានការសាងសង់ផ្លូវនៅក្នុងរដូវប្រាំងឆ្នាំ២០២២ខាងមុខនេះ ៕ ដោយ ប៊ុន រដ្ឋា