សហរដ្ឋអាមេរិកប៉ាន់ប្រមាណថា ជនជាតិរុស្ស៊ីប្រហែល ៨ម៉ឺននាក់បានស្លាប់ និងរបួស ចាប់តាំងពីការលុកលុយអ៊ុយក្រែន

វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានលើកឡើងថា រុស្ស៊ីបានមើលឃើញពីចំនួនអ្នកស្លាប់ និងរបួសដ៏ច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីការចាប់ផ្តើមនូវអ្វីដែលទីក្រុងម៉ូស្គូហៅថា ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន កាលពីខែកុម្ភៈកន្លងទៅ។

អនុរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ខូលីន ខាល់ បានគូសបញ្ជាក់ថា ជនជាតិរុស្សី ប្រហែលជាបានបាត់បង់ជីវិតចំនួន ៧០,០០០ ឬ ៨០,០០០នាក់ក្នុងរយៈពេលតិចជាង ៦ខែកន្លងមកនេះ ហើយថា កងកម្លាំងរុស្ស៊ីក៏បានបាត់បង់រថពាសដែក ៣,០០០ ឬ ៤,០០០គ្រឿងផងដែរ។

ទន្ទឹមគ្នា លោក ខាល់ បានពណ៌នាអំពីចំនួននេះថា ជាចំនួនដ៏ច្រើនគួរឲ្យកត់សម្គាល់ ហើយចាត់ទុកថា ជនជាតិរុស្ស៊ីមិនបានសម្រេចនូវគោលបំណងណាមួយរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅដើមសង្រ្គាមទេ។

វិទ្យាស្ថានអាមេរិកដែលសិក្សាផ្នែកសង្គ្រាម នៅថ្ងៃចន្ទសប្តាហ៍នេះ បានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីកំពុងបន្តការវាយប្រហាររបស់ពួកគេ និងរក្សាទុកសម្ភារៈយោធានៅជិតម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែររបស់រោងចក្រ។

ដោយឡែកស្ថាប័នស្រាវជ្រាវ Think Tank បានកត់សម្គាល់ថា រុស្ស៊ីទំនងជាចង់សាកល្បងលើការភ័យខ្លាចរបស់លោកខាងលិច អំពីគ្រោះមហន្តរាយនុយក្លេអ៊ែរ និងធ្វើឱ្យខូចឆន្ទៈរបស់លោកខាងលិច ក្នុងការផ្តល់ជំនួយផ្នែកយោធាបន្ថែមដល់អ៊ុយក្រែន។

ជុំវិញបញ្ហានេះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃចន្ទសប្តាហ៍នេះ បានថ្លែងថា ទណ្ឌកម្មថ្មីគឺចាំបាច់ប្រឆាំងនឹងរដ្ឋភេរវករ និងឧស្សាហកម្មនុយក្លេអ៊ែររុស្ស៊ីទាំងមូល សម្រាប់ការបង្កើតការគំរាមកំហែងនៃគ្រោះមហន្តរាយនុយក្លេអ៊ែរ ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner