ប្រជាសហគមន៍ស្រុកសូទ្រនិគម ទទួលបានការគាំទ្រទៅលើការគាំទ្របច្ចេកទេស និងផលិតបន្លែសុវត្ថិភាព
ខេត្តសៀមរាប ៖ ដើម្បីជម្រុញដល់ការពង្រឹងជីវភាពរស់នៅឱ្យប្រសើរឡើង ប្រជាពលរដ្ឋនៅក្នុងសហគមន៍ មួយនៅស្រុកសូទ្រនិគម ខេត្តសៀមរាប ទទួលបានការគាំទ្រលើបច្ចេកទេស និងទីផ្សារនៃការផលិតបន្លែសុវត្ថិភាព ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។
លោកស្រី ថៃ សូដា អនុប្រធានសហគមន៍កសិកម្មសុវត្ថិភាព បានបញ្ជាក់ដល់អ្នកសារព័ត៌មានដែលបានចុះទៅដល់សហគមន៍ឱ្យដឹងថា ការដាំបន្លែសុវត្ថិភាពក្នុងសហគមន៍របស់ខ្លួន ទទួលការគាំទ្រតាំងពីបច្ចេកទេសផលិត រហូតដល់ការប្រមូលផល និងវេចខ្ចប់ ដែលធានាថា មិនប្រើប្រាស់ជីគីមី ឬសារធាតុគីមីនាំទៅដល់ផលប៉ះពាល់សុខភាពរបស់អ្នកបរិភោគនោះឡើយ ដោយការដាំដុះត្រូវគោរពទៅតាមគោលការណ៍ដោយប្រើប្រាស់តែជីធម្មជាតិ ឬជីកំប៉ុស្ត៍ ដើម្បីការលូតលាស់របស់បន្លែតែប៉ុណ្ណោះ។
លោកស្រី អនុប្រធានសហគមន៍រូបនេះបានបញ្ជាក់បន្ថែមថា ការដាំបន្លែនៅក្នុងសហគមន៍របស់ខ្លួនមានលក្ខណៈវិលជុំពេញ១ឆ្នាំ និងធានាការផ្គត់ផ្គង់ទៅកាន់ទីផ្សារដែលមានកិច្ចសន្យាជាមួយគ្នា ក្នុង១ខែៗ ជាមធ្យម៩៥០គីឡូក្រាម ក្នុងចំណោមផ្ទៃដីដាំដុះសរុបទំហំ៥ហិកតា។ ដោយការដាំដុះមានទាំងនៅលើដីទីទួលផ្ទាល់ និងលើកជារានធ្នើរដើម្បីដាំដុះ ព្រមទាំងមានស្បៃគ្របបិទបាំង ដើម្បីការពារមិនឱ្យត្រូវពន្លឺថ្ងៃ ឬទឹកភ្លៀងខ្លាំងពេក និងការបំផ្លាញពីពពួកសត្វល្អិតចង្រៃផ្សេងៗ។
លោកស្រី បន្តថា បន្លែដែលដាំបាន គឺមានសហគមន៍ជាអ្នកប្រមូលទិញពីសមាជិក ដើម្បីចែកចាយទៅកាន់ទីផ្សារដែលមានកិច្ចសន្យាជាមួយមានដូចជា៖ ផ្សារសហគមន៍ខ្មែរក្នុងរាជធានីភ្នំពេញ ផ្សារកសិករ និងផ្សារសហគមន៍ផ្សេងៗទៀត។ លោកស្រី ថៃ សូដា បញ្ជាក់ថា ក្នុងមួយខែៗ ពលរដ្ឋក្នុងមួយគ្រួសារអាចរកចំណូលបានពីការលក់បន្លែសុវត្ថិភាពជាមធ្បម ៦០ម៉ឺនរៀល និងគ្រួសារខ្លះទៀត អាចហក់ដល់ជាង ១លានរៀល។
លោក ឈួន ហាន់ ដែលជាអ្នកប្រមូលទិញបន្លែក្នុងសហគមន៍ខាងលើ បានបញ្ជាក់ថា បន្លែសុវត្ថិភាពដែលប្រមូលទិញពីកសិករមានដូចជាសាឡាត់ ស្ពៃ ជីស្លឹក តាសក់ ត្រប់ ជាដើមនេះ ត្រូវបានបោះបន្តទៅកាន់ផ្សារដំដែក មុនចែកចាយទៅកាន់គោលដៅផ្សារផ្សេងៗ។ លោកលើកទឹកចិត្តដល់កសិកផ្សេងទៀតចូលរួមជាមួយសហគមន៍កសិកម្មសុវត្ថិភាព ដើម្បីបង្កើនសមាជិក និងពង្រីកផ្ទៃដីបង្កបង្កើនផលឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីធានាការផ្គត់ផ្គង់ មានប្រាក់ចំណូលទ្រទ្រង់ជីវភាព និងចៀសផុតពីការធ្វើចំណាកស្រុកទៅរកការងារនៅក្រៅស្រុក។
គួរបញ្ជាក់ផងដែរថា សហគមន៍កសិកម្មសុវត្ថិភាពនៃស្រុកសូទ្រនិគម ត្រូវបានផ្តួចផ្តើម និងទទួលការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប អង្គការGRET នៃគម្រោងពីសហគមអឺរ៉ុប និងវិទ្យាស្ថានស្រាវជ្រាវ និងអភវឌ្ឍន៍ជនបទកម្ពុជា ហៅកាត់ CIRD ដើម្បីជួយលើកកម្ពស់កសិកម្មធម្មជាតិ និងលើកស្ទួយកម្រិតជីវភាពកសិករនៅមូលដ្ឋានឱ្យងើបឡើងពីភាពក្រីក្រ ធានាសន្តិសុខស្បៀង ការចូលរួមលើកកម្ពស់អាហារូបត្ថម្ភ និងកាត់បន្ថយការចំណាកស្រុក៕ ដោយ ៖ ង៉ាន់ ទិត្យ