សម្តេចក្រឡាហោម ស ខេង តាំងចិត្តបន្តការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​​ (Video Inside)

កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងម៉ុតមាំប្រកបដោយឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទោះបីជាសហរដ្ឋអាមេរិកបានដាក់កម្ពុជាចូលក្នុងបញ្ជីខ្មៅនៃអំពើប្រឆាំងការជួញដូរមនុស្សក្តី។

ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សសម្តេចក្រឡាហោម ស ខេង ដែលជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ការប្តេជ្ញារបស់ កម្ពុជានៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយមួយកាលពីថ្ងៃទី៩សីហាឆ្នាំ២០២២។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស, ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា « រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងម៉ុតមាំប្រកបដោយឆន្ទៈមោះមុតក្នុង ការតស៊ូប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ជាពិសេស លើស្ត្រីនិងកុមារ ដើម្បីការពារជោគវាសនាប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជា ជនបរទេស ដែលរស់នៅកម្ពុជាមិនឱ្យធ្លាក់ទៅក្នុងគ្រោះភ័យអន្តរាយដោយអំពើទាសភាព សម័យថ្មីនេះបានឡើយ»។

សម្តេចក្រឡាហោម ស ខេង បានថ្លែងបន្តថា «ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងការធ្វើពលិ កម្មយ៉ាងសកម្មរបស់ក្រសួង ស្ថាប័នមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទនោះហើយ បានញ៉ាំងឱ្យ អំពើល្មើសទាំងនេះកាត់បន្ថយ និងធ្វើឲ្យសង្គមកម្ពុជា មានសុខសុវត្ថិភាព សន្តិសុខ មានការវិវត្ត រីកចម្រើន មានភាពស៊ីវិល័យ»។

ទោះជាយ៉ាងណាក្តី, សម្តេចក្រឡាហោមសខេងបានបញ្ជាក់​ថាកម្ពុជានៅមានសេសសល់បញ្ហាប្រឈមដោយអន្លើដែលបង្កឡើងដោយមហិច្ឆតារបស់ ជនឧក្រិដ្ឋ រួមទាំងកត្តាសត្យានុម័ត, អត្តនោម័ត, កត្តាសេដ្ឋកិច្ច និងកត្តានយោបាយផងដែរ ដែលបញ្ហាទាំងអស់នេះ បានជះឥទ្ធិពលដល់កិត្យានុភាពជាតិ, ប៉ះពាល់ដល់គោលនយោបាយជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ថែមទាំងបង្កឱ្យមានផលប៉ះពាល់ដល់ សិទ្ធិសុខុមាលភាព និងជីវភាព ជាក់ស្ដែង របស់ប្រជាពលរដ្ឋមួយចំនួនទៀតផង។

ads banner