អធិការបតីអាល្លឺម៉ង់៖ ការកសាងអ៊ុយក្រែននឹងត្រូវចំណាយប្រាក់ច្រើនជាងការស្តារអុឺរ៉ុបឡើងវិញ ក្រោយសង្គ្រាមលោកលើកទី ២
ប៊ែរឡាំង៖ ការកសាងអ៊ុយក្រែនឡើងវិញនឹងត្រូវចំណាយអស់រាប់ពាន់លានដុល្លារ នេះបើតាមអធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ ដែលបានប៉ាន់ប្រមាណពីទំហំនៃកិច្ចខិតខំប្រឹងប្រែង ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងប៊ែរឡាំង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
លោក សូលស៍ បាននិយាយថា គម្រោងនេះនឹងមានមហិច្ឆតាច្រើនជាងផែនការ Marshall ដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិកកាលពីឆ្នាំ ១៩៤៧ ដែលបានអនុម័តដើម្បីស្ដារអឺរ៉ុបឡើងវិញ បន្ទាប់ពីសង្គ្រាមលោកលើកទី២ ដែលមានតម្លៃប៉ាន់ស្មាន ១៣ពាន់លានដុល្លារ ឬប្រហែល ១៥០ពាន់លានដុល្លារជារូបិយប័ណ្ណនាពេលបច្ចុប្បន្ននៅក្នុងកម្មវិធីស្តារសេដ្ឋកិច្ច។
ពាក់ព័ន្ធនឹងគម្រោងស្តារអ៊ុយក្រែនអាចចាប់ផ្តើម លោក សូលស៍ បាននិយាយថា បញ្ហានៃការបង្កើតសន្តិភាពនៅទីនោះ គឺអាស្រ័យលើប្រជាជន និងរដ្ឋាភិបាលរបស់ពួកគេទាំងស្រុង។
លោកថា មានតែប្រធានាធិបតីអ៊ុយក្រែន រដ្ឋាភិបាល សភា និងប្រជាជនអ៊ុយក្រែនទេ ដែលអាចនិយាយបានថា នេះគឺជាការសម្រេចចិត្តដែលយើងចាត់ទុកថា ត្រឹមត្រូវ។ លោក សូលស៍ បន្ថែមថា សន្តិភាពដោយបង្ខំនឹងមិនដំណើរការទេ ដែលជាមូលហេតុដែលអាល្លឺម៉ង់នឹងបន្តផ្តល់ជំនួយហិរញ្ញវត្ថុ និងយោធាដល់ទីក្រុងកៀវ។
បន្ទាប់ពីកិច្ចប្រជុំកំពូល G7 កាលពីខែមិថុនាកន្លងទៅ លោក សូលស៍ បាននិយាយថា ការបំផ្លិចបំផ្លាញដែលគាត់បានឃើញក្នុងពេលបំពេញទស្សនកិច្ចនៅអ៊ុយក្រែនបានរំឭកគាត់អំពីរូបភាពនៃទីក្រុងអាល្លឺម៉ង់ ដែលត្រូវបានបំផ្លាញបន្ទាប់ពីសង្គ្រាមលោកលើកទី ២។
លោក សូលស៍ បាននិយាយថា ដូចជាទ្វីបអឺរ៉ុបដែលរងការបំផ្លិចបំផ្លាញដោយសារសង្រ្គាមដែរ ថ្ងៃនេះអ៊ុយក្រែនត្រូវការផែនការ Marshall សម្រាប់ការកសាងប្រទេសខ្លួនឡើងវិញ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា





