ឯកឧត្តម ហ៊ុន ម៉ានី៖ ធម្មជាតិនៃសតិអារម្មណ៍មហាជន គឺមានលក្ខណៈស្រួចស្រាល់ និងងាយប្រែប្រួលឆាប់រហ័ស
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា “ធម្មជាតិនៃសតិអារម្មណ៍មហាជន គឺមានលក្ខណៈស្រួចស្រាល់ និងងាយប្រែប្រួលឆាប់រហ័ស ទៅតាមមជ្ឈដ្ឋានជុំវិញខ្លួន ដែលយើងត្រូវបន្តយកចិត្តទុកដាក់ និងមិនអាចធ្វេសប្រហែស ស្របពេលដែលមជ្ឈដ្ឋានប្រឆាំងក៏នៅតែចិញ្ចឹមចិត្តប៉ុនប៉ងផ្តួលរំលំយើង ដោយគេកំពុងរង់ចាំឱកាស និងបានបន្តសកម្មភាពឥតឈប់ឈរ វាយប្រហារគណបក្សយើងជាប្រចាំ តាមវិធីសាស្រ្ត និងយន្តការផ្សេង “។
ការបញ្ជាក់នេះ បានធ្វើឡើងក្នុងសិក្ខាសាលាស្តីពី «ការចែករំលែក និងផ្លាស់ប្តូរបទពិសោធនលើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» នៅវិមាន៧មករា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។
![](https://asset.ams.com.kh/central/media/2022/08/298764134_10227221157010475_6790244177085144431_n-1024x682.jpg)
ឯកឧត្តមបានមានប្រសាសន៍ថា សិក្ខាសាលានេះ រៀបចំឡើងដើម្បីជាការចែករំលែក និងការផ្លាស់ប្តូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជន ស្របតាមស្មារតីនៃសន្និបាតគណៈកម្មាធិការកណ្តាល កាលពីថ្ងៃទី១៦ និង១៧ ខែកក្កដា ដែលបានដាក់ចេញទិសដៅការងារឱ្យបន្តខិតខំ “ជំរុញការងារចលនាមហាជន ចូលជ្រៅក្នុងស្រទាប់ គ្រប់មជ្ឍដ្ឋាន ជាពិសេសចលនាយុវជន ស្ត្រី និងកម្មករ ព្រមទាំងជំរុញការងារព័ត៌មាន និងសាធារណៈមតិឱ្យបានកាន់តែទូលំទូលាយ មានលក្ខណៈលឿនរហ័ស”។
សិក្ខាសាលារយៈពេល១ថ្ងៃកន្លះ ស្តីពី «ការចែករំលែកព័ត៌មាននៅក្នុងបរិបទឌីជីថល និងការផ្លាស់ប្តូរបទពិសោធន៍លើការងារផ្សព្វផ្សាយមហាជន» នេះ មានការចូលរួមជាសិក្ខាកាមពីសំណាក់រចនាសម្ព័ន្ធគណៈចលនាមហាជនរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ជនបង្គោលទទួលបន្ទុកការងារចលនាមហាជនពីបណ្តាគណបក្ស ក្រសួង-ស្ថាប័ន រចនាសម្ព័ន្ធផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល និងគណបក្ស ប្រមាណជាង៧០០នាក់។
![](https://asset.ams.com.kh/central/media/2022/08/299075964_632183044940426_3424755302328336173_n-1024x682.jpg)
អង្គសិក្ខាសាលា បានប្រព្រឹត្តទៅជាកិច្ចប្រជុំពេញអង្គ ជាមួយនឹងការចាប់ផ្តើមដោយបទបង្ហាញលើប្រធានបទសំខាន់ចំនួន៣ ដោយវាគ្មិនជំនាញនិងពោរពេញដោយបទពិសោធន៍។ ទន្ទឹមនេះ ក៏នឹងមានជាការបែងចែកជាក្រុមពិភាក្សា ដែលអនុញ្ញាតឱ្យអ្នកចូលរួមអាចចែករំលែកបទពិសោធដោយផ្ទាល់ពីមូលដ្ឋាន និងការងាររបស់ខ្លួនលើការងារសាធារណមតិ និងផ្សព្វផ្សាយមហាជន ជាពិសេសក្នុងបរិបទឌីជីថល។
គោលបំណងនៃការរៀបចំសិក្ខាសាលានេះពេលនេះ គឺ(១)ដើម្បី ធ្វើបច្ចុប្បន្នភាពស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងស្វែងយល់អំពីតួនាទីរបស់ការងារផ្សព្វផ្សាយ និងសាធារណៈមតិ (២)ចែករំលែកអំពីវិធីសាស្ត្រនៃការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល (៣)បង្កើតឱកាសជួបជុំ និងពង្រីកការទំនាក់ទំនង ជាមួយអង្គការចាត់តាំង និងយន្តការផ្សព្វផ្សាយនានារបស់គណបក្ស ជាពិសេសដើម្បីពង្រឹងប្រសិទ្ធភាព ភាពប្រទាក់ក្រឡាគ្នាទាំងយន្តការនានានៅថ្នាក់កណ្តាល និងរវាងទំនាក់ទំនងរវាងយន្តការថ្នាក់កណ្តាលជាមួយថ្នាក់មូលដ្ឋាន និង(៤)បង្កើតឱកាសបានរៀនសូត្រ ពីគ្នាទៅវិញទៅមកដកស្រង់ទស្សនៈចែករំលែកបទពិសោធន៍ និងស្វែងយល់ពីការផ្សព្វផ្សាយនៅតាមមូលដ្ឋាននីមួយៗ និងពីតម្រូវការ៕
ដោយ៖ពលជ័យ
![](https://asset.ams.com.kh/central/media/2022/08/299192724_632183101607087_5162037990111898520_n-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/08/299330533_10227221154090402_8541809759528650395_n.jpg)