លោកជំទាវកិត្តិសង្គហបណ្ឌិត៖ ស្ថានភាពនយោបាយបច្ចុប្បន្នរបស់កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពល្អ និងអំណោយផល
ភ្នំពេញ៖ “ស្ថានភាពនយោបាយបច្ចុប្បន្នរបស់កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពល្អ និងអំណោយផល ដែលតាំងពីឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា បានក្តាប់នូវអំណាចពេញដៃទាំងស្រុង ក្នុងការដឹកនាំប្រទេស ចាត់ចែងកិច្ចការផ្ទៃក្នុង រៀបចំកំណែទម្រង់ផ្សេងៗ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់រីកចម្រើន ហើយលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនាកន្លងទៅនេះ ក៏បានបង្ហាញថាប្រជាជនភាគច្រើន បានគាំទ្រ ជឿជាក់ ទុកចិត្តមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា “។ នេះជាការបញ្ជាក់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងសិក្ខាសាលាស្តីពី «ការចែករំលែក និងផ្លាស់ប្តូរបទពិសោធនលើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» នៅវិមាន៧មករា កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។
![](https://asset.ams.com.kh/central/media/2022/08/298764134_10227221157010475_6790244177085144431_n.jpg)
លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ នៃរចនាសម្ព័ន្ធគណៈចលនាមហាជន ព្រមទាំងអង្គការចាត់តាំងបក្សនានា ដែលបានខិតខំ លះបង់ ទាំងកម្លាំងកាយចិត្ត ស្មារតី ក្នុងការអនុវត្តការងារកន្លងមកប្រកបដោយភាពមោះមុត ស្វិតស្វាញ និងទំនួលខុសត្រូវខ្ពស់ ដែលការខិតខំប្រឹងប្រែងទាំងអស់នេះ គឺពិតជាការចូលរួមដ៏មានសារៈសំខាន់ ក្នុងជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា លើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីខែមិថុនា កន្លងទៅនេះ និងបានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រស្មើនឹង ៧៤.៣២% នៃសន្លឹកឆ្នោតបានការសរុប។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថលជាពិសេសប្រព័ន្ធបណ្តាញព័ត៌មានសង្គម ដែលមានលក្ខណៈងាយស្រួល និងលឿនរហ័សទាំងក្នុងការផ្សព្វផ្សាយ និងចែកចាយបន្ត គឺមានសារៈសំខាន់មិនគួរមើលរំលង ដើម្បីឈានទៅពង្រីកវិសាលភាពនៃការផ្សព្វផ្សាយមហាជនឱ្យកាន់តែទូលាយក្នុងមជ្ឈដ្ឋានមហាជន ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធនេះ ក្នុងការពន្យល់បកស្រាយ និងឆ្លើយតបបកភ្លាមៗ លើការវាយប្រហារផ្សេងៗ ឱ្យមានភាពរស់រវើក និងទាន់សភាពការណ៍ ដើម្បីបញ្រ្ជាបឱ្យប្រជាជនយល់ច្បាស់អំពីភាពត្រឹមត្រូវ ការយកចិត្តទុកដាក់ខ្ពស់ និងកិច្ចខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំដោះស្រាយបញ្ហាសង្គមនានា សំដៅរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍនៃប្រទេសជាតិលើគ្រប់វិស័យ។
![](https://asset.ams.com.kh/central/media/2022/08/299330533_10227221154090402_8541809759528650395_n.jpg)
![](https://asset.ams.com.kh/central/media/2022/08/299192724_632183101607087_5162037990111898520_n.jpg)
សូមជម្រាបថា សិក្ខាសាលារយៈពេល១ថ្ងៃកន្លះ ស្តីពី «ការចែករំលែកព័ត៌មាននៅក្នុងបរិបទឌីជីថល និងការផ្លាស់ប្តូរបទពិសោធន៍លើការងារផ្សព្វផ្សាយមហាជន» នេះ មានការចូលរួមជាសិក្ខាកាមពីសំណាក់រចនាសម្ព័ន្ធគណៈចលនាមហាជនរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ជនបង្គោលទទួលបន្ទុកការងារចលនាមហាជនពីបណ្តាគណបក្ស ក្រសួង-ស្ថាប័ន រចនាសម្ព័ន្ធផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល និងគណបក្ស ប្រមាណជាង៧០០នាក់។
អង្គសិក្ខាសាលា បានប្រព្រឹត្តទៅជាកិច្ចប្រជុំពេញអង្គ ជាមួយនឹងការចាប់ផ្តើមដោយបទបង្ហាញលើប្រធានបទសំខាន់ចំនួន៣ ដោយវាគ្មិនជំនាញនិងពោរពេញដោយបទ ពិសោធន៍។ ទន្ទឹមនេះ ក៏នឹងមានជាការបែងចែកជាក្រុមពិភាក្សា ដែលអនុញ្ញាតឱ្យអ្នកចូលរួមអាចចែករំលែកបទពិសោធដោយផ្ទាល់ពីមូលដ្ឋាននិងការងាររបស់ខ្លួនលើការងារសាធារណៈមតិ និងផ្សព្វផ្សាយមហាជន ជាពិសេសក្នុងបរិបទឌីជីថល។
គោលបំណងនៃការរៀបចំសិក្ខាសាលានេះពេលនេះ គឺ(១)ដើម្បី ធ្វើបច្ចុប្បន្នភាពស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងស្វែងយល់អំពីតួនាទីរបស់ការងារផ្សព្វផ្សាយ និងសាធារណៈមតិ (២)ចែករំលែកអំពីវិធីសាស្ត្រនៃការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល (៣)បង្កើតឱកាសជួបជុំ និងពង្រីកការទំនាក់ទំនងជាមួយអង្គការចាត់តាំងនិងយន្តការផ្សព្វផ្សាយនានារបស់គណបក្ស ជាពិសេសដើម្បីពង្រឹងប្រសិទ្ធភាព ភាពប្រទាក់ក្រឡាគ្នាទាំងយន្តការនានានៅថ្នាក់កណ្តាល និងរវាងទំនាក់ទំនងរវាងយន្តការថ្នាក់កណ្តាលជាមួយថ្នាក់មូលដ្ឋាន និង(៤)បង្កើតឱកាសបានរៀនសូត្រពីគ្នាទៅវិញទៅមកដកស្រង់ទស្សនៈ ចែករំលែកបទពិសោធន៍ និងស្វែងយល់ពីការផ្សព្វផ្សាយនៅតាមមូលដ្ឋាននីមួយៗ និងពីតម្រូវការ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកគណបក្សប្រជាជនកម្ពុជា
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-13_14-39-31-2-1024x682.jpg)
![](https://asset.ams.com.kh/central/media/2022/08/299306312_666262174865662_6602371595243365268_n.jpg)
![](https://asset.ams.com.kh/central/media/2022/08/photo_2022-08-13_14-39-31-1024x682.jpg)