ឯកឧត្តម ហ៊ុន ម៉ានី៖ គណបក្សប្រឆាំង តែងសាកល្បងបំបែកសាមគ្គីបក្សប្រជាជនកម្ពុជា តែអង្គការចាត់តាំងបក្សនៅតែរឹងមាំ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា បក្សប្រឆាំងតែងតែសាកល្បងបំបែកកម្លាំងសាមគ្គីគណបក្សប្រជាជនកម្ពុជា តែបំណងរបស់ពួកគេមិនបានសម្រេច ហើយសាមគ្គីភាពរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិករបស់បក្សនៅតែរឹងមាំដូចដែកថែបគ្មានកម្លាំងណាបំបែកបានឡើយ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបែបនេះ នៅក្នុងសិក្ខាសាលាស្តីពី «ការចែករំលែក និងការផ្លាស់ប្តូរ បទពិសោធលើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២។

ពាក់ព័ន្ធនឹងការបំបែកសាមគ្គីភាពរបស់គណបក្សប្រជាជនកម្ពុជានេះ សម្តចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ធ្លាប់បានគូសបញ្ជាក់ផងដែរថា តាំងពីទសវត្សរ៍៨០មកម្ល៉េះ ក្រុមប្រឆាំងតែងសាកល្បងបំបែកបំបាក់សាមគ្គីភាពថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ តែបំណងនោះមិនទទួលបានជោគជ័យ ផ្ទុយទៅវិញគណបក្សប្រជាជនកម្ពុជា កាន់តែរឹងមាំខ្លាំងឡើង។

នៅក្នុងសិក្ខាដែលជជែកលើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថលនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានរំលឹក ពីស្ថានភាពលំបាករបស់គណបក្សប្រជាជនកម្ពុជា ក្នុងព្រឹត្តិការណ៍បោះឆ្នោតកាលពីឆ្នាំ២០១៣។ ជាមួយការលើកឡើងនូវបញ្ហា លោក ហ៊ុន ម៉ានី បានក្រើនរំលឹកដល់សមាជិក សមាជិកបក្សថា ក្នុងបរិបទនៃការវិវឌ្ឍជាប្រចាំនៃកិច្ចការព័ត៌មាន និងបច្ចេកវិទ្យានេះ ទាមទារជាចាំបាច់នៃការធ្វើនយោបាយតាមរយៈការផ្សព្វផ្សាយ ដែលយកចិត្តទុកដាក់ធ្វើប្រជាសាស្ត្រផង ភូមិសាស្ត្រផង និងស្របជាមួយបរិបទផង។

ឯកឧត្តម បានលើកទឹកចិត្ត សមាជិក សមាជិកាគណបក្សទាំងអស់ ឱ្យចេះសម្រួច និងស្វែងរកវិធីសាស្ត្រនៃការរៀបចំខ្លឹមសារពិត ទាក់ទាញ ស្របជាមួយតម្រូវការរបស់ប្រជាជន និងចំក្រុមគោលដៅ ហើយដែលជាព័ត៌មានមានហេតុ មានផល មានប្រយោជន៍ដល់ប្រជាពលរដ្ឋតាមមូលដ្ឋានរៀងៗខ្លួន។

សូមបញ្ជាក់ថា នៅវិមាន៧មករា ទីបញ្ជាការធំរបស់គណបក្សប្រជាជនកម្ពុជា បានរៀបចំសិក្ខាស្តីពី «ការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» រយៈពេលមួយថ្ងៃកន្លះ។

ពិធីបើកសិក្ខាសាលានេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ខែសីហា ក្រោមអធិបតីភាពលោកជំទាវ សង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

សិក្ខាសាលានេះ មានការចូលរួមពីសំណាក់រចនាសម្ព័ន្ធគណៈចលនាមហាជនរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ, ជនបង្គោលទទួលបន្ទុកការងារ ចលនាមហាជនពីបណ្តាគណបក្ស ក្រសួង-ស្ថាប័ន, រចនាសម្ព័ន្ធផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល និងគណបក្ស ប្រមាណជាង ៧០០នាក់។
គោលបំណងនៃការរៀបចំសិក្ខាសាលា គឺការធ្វើបច្ចុប្បន្នភាពស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងស្វែងយល់អំពីតួនាទីរបស់ការងារផ្សព្វផ្សាយ និងសាធារណមតិ, ចែករំលែកអំពីវិធីសាស្ត្រនៃការផ្សព្វផ្សាយ មហាជនក្នុងបរិបទឌីជីថល, បង្កើតឱកាសជួបជុំ និងពង្រីកការទំនាក់ទំនង ជាមួយអង្គការចាត់តាំង និងយន្តការផ្សព្វផ្សាយនានារបស់គណបក្ស ជាពិសេសដើម្បីពង្រឹងប្រសិទ្ធភាព ភាពប្រទាក់ក្រឡាគ្នាទាំងយន្តការនានានៅថ្នាក់កណ្តាល និងរវាងទំនាក់ទំនងរវាងយន្តការថ្នាក់កណ្តាលជាមួយថ្នាក់មូលដ្ឋាន និងបង្កើតឱកាសបានរៀនសូត្រ ពីគ្នាទៅវិញទៅមកដកស្រង់ទស្សនៈ ចែករំលែកបទពិសោធន៍ និងស្វែងយល់ពីការផ្សព្វផ្សាយនៅតាមមូលដ្ឋាននីមួយៗ និងពីតម្រូវការ៕ ដោយ៖ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner