ឈើជាង ១០ម៉ឺនដើម ត្រូវបានដាំលើដីជាង ៨០០ហិកតា ដើម្បីស្ដារព្រៃឈើនៅស្រុកបន្ទាយស្រី និងតំបន់ភ្នំគូលែន
ខេត្តសៀមរាប ៖ ដើមឈើជាង ១០ម៉ឺនដើម ត្រូវបានដាំនិងបន្តដាំលើផ្ទៃដីសរុបជាង ៨០០ហិកតា ដើម្បីស្ដារព្រៃឈើឡើងវិញនៅស្រុកបន្ទាយស្រី និងលើតំបន់ភ្នំគូលែន នៃខេត្តសៀមរាប ក្រោមកិច្ចសហការរបស់ក្រុមហ៊ុន Kulara Water ឧទ្យានជាតិព្រះជ័យវរ្ម័ន «ភ្នំគូលែន» មូលនិធិបុរាណវិទ្យានិងការអភិវឌ្ឍ (ADF) ព្រមទាំងប្រជាពលរដ្ឋមូលដ្ឋានយ៉ាងតិច ២,៥០០គ្រួសារ ។
ក្នុងដំណើរទស្សនកិច្ចនាដើមសប្ដាហ៍ ក្រុមហ៊ុន Kulara Water បាននាំក្រុមអ្នកសារព័ត៌មានទៅទស្សនកិច្ចរោងចក្រផលិតទឹករ៉ែធម្មជាតិ អូគូលែន ព្រមទាំងបរិវេណដាំដើមឈើប្រមាណជាង ៤០ហិកតារបស់ក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅភូមិត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
លោកស្រី នៅ សុខហ៊ាង ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Kulara Water បានថ្លែងថា តាំងពីឆ្នាំ២០១៨មក ក្រុមហ៊ុន Kulara Water និងអង្គការជាដៃគូបានដាំដើមឈើជាង ១០ម៉ឺនដើមហើយ ក្នុងនោះជាង៩ពាន់ដើមត្រូវបានដាំនៅក្នុងទីធ្លារោងចក្រផលិតទឹករ៉ែធម្មជាតិអូគូលែនផ្ទាល់ដែលមានផ្ទៃដីជាង ៤០ហិកតា និងជាង៩ម៉ឺនដើមទៀតត្រូវបានដាំនៅលើផ្ទៃដីប្រមាណ ៨០០ហិកតានាឧទ្យានជាតិព្រះជ័យវរ្ម័ន «ភ្នំគូលែន»។
លោក ឆេង និមិត្ត ទីប្រឹក្សារបស់ក្រុមហ៊ុន Kulara Water បានឱ្យដឹងដែរថា ក្នុងការនាំដើមឈើនេះ ក្រុមហ៊ុនបានព្យាយាមជ្រើសរើសកូនឈើដែលកម្រ ជិតផុតពូជ និងឈើប្រណីតៗនៅកម្ពុជា ដូចជា គ្រញូង បេង កកោះ ធ្នង់ នាងនួន សុក្រំ គគីរ ផ្តៀក ផ្ចឹក ឈើទាល ច្រេស គូលែន ត្រសេកជាដើម។
លោក Jacques Marcille អគ្គនាយកក្រុមហ៊ុន Kulara Water បានឱ្យដឹងថា កិច្ចការទាំងនេះគឺជាទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន Kulara Water ចំពោះការស្ដារព្រៃឈើ ធ្វើឱ្យបរិស្ថានកាន់តែមានភាពល្អប្រសើរ និងចំពោះប្រជាជនមូលដ្ឋាន។ លោកអគ្គនាយកបានបន្តថា លក្ខណៈនៃការទទួលខុសត្រូវក្នុងសង្គមនេះ ក្ដោបរួមទៅលើការងារទាំងឡាយណាដែលមានគោលដៅគោរពគោលការណ៍ «ការអភិវឌ្ឍប្រកបដោយនិរន្តរភាព» ដែលជាការអភិវឌ្ឍអាចទទួលយកបានទាំងខាងផ្នែកសេដ្ឋកិច្ច ជះឥទ្ធិពលវិជ្ជមានទៅលើសង្គម ព្រមទាំងធ្វើឱ្យបរិស្ថានកាន់តែប្រសើរជាងមុន។
ដោយហេតុនេះហើយបានជាក្រុមហ៊ុន បានទទួលពានរង្វាន់លេខ១ ជាក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម ដែលផ្ដល់ជូនដោយសភាពាណិជ្ជកម្មអឺរ៉ុបកាលពីខែមិថុនា ឆ្នាំ២០១៩កន្លងទៅ។ ក្រៅពីពានរង្វាន់នេះ ក្រុមហ៊ុនក៏ទទួលបានពានរង្វាន់ AREA ឆ្នាំ២០២០ នៅក្នុងចំណាត់ថ្នាក់ការវិនិយោគទៅលើមនុស្សផងដែរ លោក Jacques Marcille រីករាយយ៉ាងខ្លាំង និងបានពោលថាជោគជ័យជាជំហានៗទាំងនេះគឺជារបស់អ្នកបម្រើការងារនៅក្រុមហ៊ុន Kulara Water និងប្រជាជនមូលដ្ឋានទាំងអស់គ្នា ៕ដោយ៖ សេឌី














