ភ្លើងឆេះព្រៃដ៏ធំសម្បើមនៅអេស្ប៉ាញ បង្ខំឱ្យប្រជាជន ១,៥០០នាក់ភៀសខ្លួនទៅកាន់ទីសុវត្ថិភាព

ម៉ាឌ្រីដ៖ ក្រុមអ្នកពន្លត់អគ្គីភ័យបាននិយាយថា ភ្លើងឆេះព្រៃដ៏ធំសម្បើមមួយនៅភាគឦសានប្រទេសអេស្ប៉ាញ បានកើនឡើងយ៉ាងឆាប់រហ័សពេញមួយយប់ ហើយកំពុងឆាបឆេះហួសពីការគ្រប់គ្រងនៅថ្ងៃអាទិត្យសប្តាហ៍មុន ដោយបង្ខំឱ្យមានការជម្លៀសខ្លួនប្រជាជនចំនួន ៨ភូមិ និងមនុស្ស ១,៥០០នាក់នៅក្នុងខេត្ត Zaragoza។

ប្រមុខរដ្ឋាភិបាលក្នុងតំបន់ Aragon លោក Javier Lamban បាននិយាយនៅថ្ងៃអាទិត្យថា ស្ថានភាពគឺធ្ងន់ធ្ងរនៅក្នុងទីក្រុង Añon de Moncayo ហើយអាទិភាពចម្បងសម្រាប់អ្នកពន្លត់អគ្គីភ័យ ៣០០នាក់ដែលកំពុងប្រយុទ្ធនឹងអណ្តាតភ្លើង គឺដើម្បីការពារអាយុជីវិតមនុស្ស និងភូមិ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ EFE បានរាយការណ៍ថា ផ្ទៃដីដែលឆេះអាចមានទំហំរហូតដល់ ៨,០០០ហិកតា ខណៈដែលអ្នកដែលភៀសខ្លួនបានទៅជ្រកកោននៅមជ្ឈមណ្ឌលកីឡាចំនួនបីផ្សេងគ្នាក្នុងទីក្រុងក្បែរនោះ។ គ្រោះរាំងស្ងួត និងសីតុណ្ហភាពខ្ពស់ខ្លាំងនៅក្នុងបណ្តាប្រទេសមេឌីទែរ៉ាណេកំពុងប្រែក្លាយឆ្នាំ២០២២ ទៅជាឆ្នាំដ៏អាក្រក់បំផុតនៃសតវត្សរ៍ទាក់ទងនឹងភ្លើងឆេះព្រៃ។

គិតមកទល់ពេលនេះ ក្រសួងអេស្ប៉ាញទទួលបន្ទុកកិច្ចការប្រែប្រួលប្រព័ន្ធអេកូឡូស៊ីបានចុះបញ្ជីភ្លើងឆេះព្រៃដ៏ធំចំនួន ៤៣ ដែលជាភ្លើងដែលបានឆាបឆេះផ្ទៃដីយ៉ាងហោចណាស់ ៥០០ហិកតា នោះគឺជាចំនួនកើនឡើងបួនដងបើធៀបនឹងឆ្នាំមុន ហើយក៏ជាកំណត់ត្រាមួយសម្រាប់ទសវត្សរ៍ចុងក្រោយនេះផងដែរ ៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner