រដ្ឋមន្រ្តីសុខាភិបាលអ៊ុយក្រែន ចោទរុស្ស៊ីប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ

កៀវ៖ រដ្ឋមន្ត្រីសុខាភិបាលអ៊ុយក្រែនបានចោទប្រកាន់អាជ្ញាធររុស្ស៊ីថា បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ តាមរយៈការរារាំងលទ្ធភាពទទួលបានថ្នាំពេទ្យដែលចាំបាច់ នៅក្នុងតំបន់ដែលកងកម្លាំងរបស់អ៊ុយក្រែនបានកាន់កាប់ ចាប់តាំងពីការឈ្លានពានប្រទេសខ្លួនកាលពីចុងខែកុម្ភៈមកនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Associated Press រដ្ឋមន្ត្រីសុខាភិបាលអ៊ុយក្រែនលោក Viktor Liashko បាននិយាយថា អាជ្ញាធររុស្ស៊ីម្តងហើយម្តងទៀតបានរារាំងកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្តល់ថ្នាំឧបត្ថម្ភដោយរដ្ឋដល់ប្រជាជននៅក្នុងទីក្រុង ទីប្រជុំជន និងភូមិដែលកាន់កាប់ដោយអ៊ុយក្រែន។

លោក Liashko បន្តថា នៅក្នុងសង្រ្គាម៦ខែមកនេះ រុស្ស៊ីមិនបានអនុញ្ញាតបើកច្រករបៀងមនុស្សធម៌ទេ ដូច្នេះយើងមិនអាចផ្តល់ថ្នាំដល់អ្នកជំងឺដែលត្រូវការពួកវាបន្ទាន់ឡើយ។

លោករដ្ឋមន្ត្រីបន្ថែមថា យើងជឿជាក់ថា សកម្មភាពទាំងនេះកំពុងត្រូវបានប្រព្រឹត្តដោយចេតនារបស់រុស្ស៊ី ហើយយើងចាត់ទុកវាជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ដែលនឹងត្រូវបានចងក្រងជាឯកសារ ហើយនឹងត្រូវបានទទួលស្គាល់។

គួរបញ្ជាក់ថា រដ្ឋាភិបាលអ៊ុយក្រែនមានកម្មវិធីផ្តល់ថ្នាំដល់អ្នកដែលមានជំងឺមហារីក និងស្ថានភាពសុខភាពរ៉ាំរ៉ៃ។ ការបំផ្លិចបំផ្លាញមន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធ រួមជាមួយនឹងការផ្លាស់ទីលំនៅរបស់មនុស្សប្រមាណ ៧លាននាក់ នៅទូទាំងប្រទេសអ៊ុយក្រែនបានរំខានដល់ការព្យាបាលក្នុងទម្រង់ផ្សេងៗជាច្រើន។ នេះបើតាមមន្ត្រីអង្គការសហប្រជាជាតិ និងអ៊ុយក្រែន៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner