Cambodia2050 Ep41: សន្តិសុខស្បៀងនៅលើពិភពលោក និងផលបច្ច័យមកលើប្រទេសកម្ពុជា

នៅក្នុងបរិបទនៃជំងឺកូវីដ១៩ និងសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន យើងឃើញថាពិភពលោកបានធ្លាក់ចូលទៅក្នុងវិបត្តិសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សន្តិសុខស្បៀងពិភពលោកទាំងមូលនោះទេ ប៉ុន្តែជាពិសេសគឺប្រទេសកម្ពុជាយើងផ្ទាល់ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យកសិកម្មសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងបម្រើសេដ្ឋកិច្ចជាតិ ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឆេង គឹមឡុង បានរៀបរាប់អំពីស្ថានភាពវិបត្តិស្បៀងពិភពលោកក្រោមបរិបទនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងផលបច្ច័យ និងការត្រៀមខ្លួនរបស់ប្រទេសកម្ពុជាទៅលើបញ្ហាវិបត្តិស្បៀងពិភពលោកឈានចូលទៅឆ្នាំ២០២៣។

ជាដំបូង តើសន្តិសុខស្បៀងពិភពលោកមានស្ថានភាពយ៉ាងដូចម្តេចខ្លះហើយកត្តាអ្វីខ្លះដែលនាំឱ្យពិភពលោកជួបវិបត្តិស្បៀងយ៉ាងដូច្នេះ?

បើយើងមើលទៅលើស្ថានភាពសន្តិសុខស្បៀងនៅក្នុងពិភពលោក ស្ថានភាពន្តិសុខស្បៀងនេះគឺចូលរួមចំណែកប៉ះពាល់ដោយច្រើនផ្នែក ច្រើនវិស័យ។ ក៏ប៉ុន្តែស្ថានភាពវិវឌ្ឍថ្មីៗនេះ ស្ថានភាពសន្តិសុខស្បៀងពិភពលោកគឺចូលរួមចំណែកដោយសារតែកត្តាសង្គ្រាមដែលបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ុយក្រែន ដោយសារតែមានការដាក់កំហិតមួយចំនួនដោយបណ្ដាប្រទេសដែលជាដៃគូពាណិជ្ជកម្មជាមួយនឹងប្រទេសរុស្ស៊ី ហើយនឹងការរាំងស្ទះនៃដំណើរការនៃការនាំចេញទំនិញជាពិសេសគឺច្រកកំពង់ផែមួយចំនួនចេញពីប្រទេសអ៊ុយក្រែន។

ឬក៏មួយទៀត ការរាំងស្ទះនៃការនាំចេញទំនិញដោយសារតែមានបិទរឹតត្បិត យើងហៅថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួន ដែលធ្វើឲ្យរុស្ស៊ីខកខានមិនបាននាំចេញទំនិញរបស់ខ្លួនរួមមាន ប្រេងសាំង ប្រេងម៉ាស៊ូត និងឧស្ម័នផ្សេងៗទៀតដែលរុស្ស៊ីគឺជា ប្រទេសផលិតនិងផ្គត់ផ្គង់នូវប្រេងឧស្ម័ននិងប្រេងឥន្ធនៈក៏ដូចជាការនាំចេញនូវផលិតផលដែលជាកសិផលមួយចំនួនដែលបម្រើដល់វិស័យស្បៀងអាហារផង វិស័យកសិឧស្សាហកម្មផង។ កត្តាទាំងអស់នេះរុញច្រានឲ្យមាននូវការឡើងថ្លៃទំនិញជាសកល ហើយនឹងការខ្វះស្បៀងនៅក្នុងប្រទេសមួយចំនួន។ ផលបច្ច័យដែលយើងបានឃើញជាទូទៅនៅលើពិភពលោកឃើញថា មានការឡើងថ្លៃទំនិញនៅក្នុងបណ្ដាប្រទេសជាពិសេសនៅសហគមន៍អឺរ៉ុប នៅសហរដ្ឋអាមេរិកខ្លះ។

ប្រជាជនដែលមានប្រាក់ចំណូលថេរឬក៏ប្រាក់ចំណូលទាប ពួកគាត់បានផ្លាស់ប្តូរឥរិយាបថនៃការប្រើប្រាស់ទំនិញទាំងអស់ទៅជាទំនិញណាដែលមានតម្លៃធូរថ្លៃជាងហើយអាចនឹងប៉ះពាល់ទៅដល់របបសន្តិសុខស្បៀងរបស់គាត់។ ចំពោះកម្ពុជាយើងឃើញថា ការឡើងថ្លៃទំនិញ ការរាំងស្ទះនៃខ្សែចង្វាក់ផលិតកម្មនិងផ្គត់ផ្គង់ស្បៀងអាហារ ថាមពល ឧស្ម័នទាំងអស់នេះ ក៏បានចូលរួមចំណែកទៅដល់ការឡើងថ្លៃទំនិញជាទូទៅនៅក្នុងប្រទេសកម្ពុជាយើងហើយតាមរយៈការឡើងថ្លៃ ថ្លៃប្រេងសាំង ថ្លៃប្រេងម៉ាស៊ូត និងទំនិញផ្សេងៗទៀតដែលពាក់ព័ន្ធទៅនឹងខ្សែចង្វាក់ផលិតកម្មនិងផ្គត់ផ្គង់ដោយចេញពីប្រទេសអ៊ុយក្រែន​-រុស្ស៊ី ហើយនឹងភ្ជាប់ទៅនឹងទីផ្សារកម្ពុជាមួយចំនួនទៀតនៅក្នុងតំបន់អាស៊ានក៏ដូចជានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជាដើម។

យើងក៏ឃើញផងដែរថា ជំងឺរាតត្បាតសកលកូវីដដប់ប្រាំបួននិងបានធ្វើឲ្យវិបត្តិស្បៀងពិភពលោកធ្លាក់ចូលទៅក្នុងស្ថានភាពអាក្រក់មួយ ប៉ុន្តែបញ្ហាដែលធ្វើឲ្យសន្តិសុខស្បៀងកាន់តែមានភាពអាក្រក់ខ្លាំងឡើងគឺដោយសារតែសង្គ្រាមរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែន ថាតើហេតុអ្វីបានជាសង្គ្រាមរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែននឹងប៉ះពាល់យ៉ាងខ្លាំងទៅដល់សន្តិសុខស្បៀងពិភពលោក?

ជាការពិតណាស់មុននឹងផលវិបាកដែលចេញពីសង្គ្រាមអ៊ុយក្រែនគឺ ពិភពលោកកំពុងតែយាយីដោយសារការឆ្លងរីករាលដាលជំងឺកូវីដដប់ប្រាំបួនដែលបណ្ដាលឱ្យឬក៏បង្ខំចិត្តឲ្យប្រទេសមួយចំនួនបិទនូវសេដ្ឋកិច្ចរបស់ខ្លួន បិទប្រទេសរបស់ខ្លួន ឬក៏កាត់បន្ថយនូវសកម្មភាពវិនិយោគពាណិជ្ជកម្ម ឬក៏សកម្មភាពសេដ្ឋកិច្ច។ ទាំងនេះបណ្ដាលឱ្យយើងឃើញថា មានការងើបឡើងថ្លៃនៃទំនិញមួយចំនួននៅក្នុងត្រីមាសទីបីនៅឆ្នាំ 2021ដែលពេលនោះគឺមុនពេលង្គ្រាមនៅប្រទេសអ៊ុយក្រែននេះបានកើតឡើង។ ក៏ប៉ុន្តែការផ្ទុះឡើងនូវសង្គ្រាមដែលបង្កដោយប្រទេសរុស្ស៊ីដែលបានធ្វើការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន យើងឃើញថា ប្រទេសមួយចំនួនទៀតនៅលោកខាងលិចមាន៖ សហគមន៍អឺរ៉ុប អង្គការណាតូជាដើម មានសហរដ្ឋអាមេរិក និងបណ្ដាប្រទេសផ្សេងៗទៀតដែលជាមិត្តភក្តិរបស់ណាតូ ដែលជាមិត្តភក្តិរបស់សហរដ្ឋអាមេរិកហើយដែលជាអតីតកាលក្នុងប្រវត្តិសាស្ត្រជាសត្រូវឬក៏មិនចូលចិត្តរបបដឹកនាំរបស់រុស្ស៊ីក៏បានបង្ខំចិត្តដាក់គំនាបទៅលើប្រទេសរុស្ស៊ី។ រុស្ស៊ីបានជាប់គាំង។

គំនាបមានទាំង គំនាបនៃការនាំចេញទំនិញទាំងអស់នោះដែលខ្ញុំបានលើកឡើងមាន ប្រេង ឧស្ម័ន ឥន្ធនៈនិងផលិតផលមួយចំនួនទៀតមានតាំងពីរ៉ែលោហៈធាតុ មាស ជាដើម ជាឧទាហរណ៍ដែលបម្រើក្នុងក្នុងខ្សែចង្វាក់ផលិតកម្មក្នុងសេដ្ឋកិច្ចពិភពលោកផង ក្នុងវិស័យសន្តិសុខស្បៀងពិភពលោកផងនោះ។ ហើយនិងមួយទៀត តំបន់មួយចំនួនដែលធ្លាប់តែជាតំបន់ដាំដុះដំណាំកសិកម្មមានស្រូវសាលីជាដើមនៅក្នុងប្រទេសអ៊ុយក្រែនបានទទួលរងនូវការវាយប្រហារទម្លាក់គ្រាប់បែកឱ្យក្លាយទៅជាដីមួយដែលជាគេមិនអាចដាំដំណាំកសិកម្មបាន នេះគឺជាចំណុចទីពីរ។ចំណុចទីបីគឺការជាប់គាំងនៅច្រកកំពង់ផែមួយចំនួនដែលធ្លាប់តែជាច្រកនាំចេញទំនិញទាំងអស់នោះទៅទីផ្សារអឺរ៉ុប ដែលប្រទេសអ៊ុយក្រែនក៏ជាប្រទេសផលិតនូវស្បៀងអាហារជាពិសេសគឺស្រូវសាលីជាដើមដ៏ច្រើនទៅដល់សហគមន៍អឺរ៉ុប។

នៅក្នុងពេលដែលសង្គ្រាមផ្ទុះឡើងសភាពការណ៍ដែលបានកើតឡើងដោយសារតែសង្គ្រាមនៅក្នុងអ៊ុយក្រែននោះដែលធ្វើឲ្យមានចំណាត់ការដាក់ជាគំនាបផ្សេងៗទៀតផ្នែកហិរញ្ញវត្ថុដោយវិនិយោគិនឬសហគិ្រន អ្នកមានធំៗរបស់ប្រទេសរុស្ស៊ីផងដែរធ្វើឲ្យថ្លៃទំនិញឡើងថ្លៃដោយសារតែកង្វះខាតនូវការផ្គត់ផ្គង់ទំនិញជាសកលដែលខ្ញុំបានលើកខាងឡើង ប្រេងសាំង ប្រេងឥន្ធនៈហើយនឹងផលិតផលជាស្បៀងជាស្រូវសាលីនិងលោហៈធាតុមួយចំនួនទៀតចេញពីរុស្ស៊ី ចេញពីអ៊ុយក្រែនហើយធ្វើឲ្យជាប់គាំង មិនអាចដើរទៅអឺរ៉ុបបានហើយមួយទៀតសហគមន៍អឺរ៉ុបបានកាត់បន្ថយពីការបញ្ជាទិញទំនិញពីរុស្ស៊ីផងនោះធ្វើឱ្យមានការចលាចលនៅក្នុងប្រព័ន្ធនៃការផ្គត់ផ្គង់ទំនិញទាំងអស់ ទាំងទំនិញជាស្បៀង ទាំងទំនិញជាមិនមែនជាស្បៀង។ នៅពេលដែលមានការរាំងស្ទះនេះ មានន័យថាពិភពលោកកំពុងតែមានតម្រូវការធម្មតាគឺស្ថិរភាពយើងឃើញហើយនៅពេលនេះបានកើតឡើងនូវអតុល្យភាពរវាងការផ្គត់ផ្គងនិងតម្រូវការ។ នៅពេលតម្រូវការថេរហើយការផ្គត់ផ្គងថយចុះធ្វើឱ្យថ្លៃទំនិញឡើងថ្លៃ។

បើយើងងាកមកមើលពីផលបច្ច័យមកលើប្រទេសកម្ពុជាយើងវិញ តើវិបត្តិស្បៀងនេះអាចផ្តល់នូវផលបច្ច័យអ្វីខ្លះមកដល់ប្រទេសកម្ពុជាក៏ដូចជាប្រជាជនកម្ពុជាផ្ទាល់ផងដែរ?

ចាប់តាំងពីសង្គ្រាមផ្ទុះឡើងហើយដូចខ្ញុំបានលើកឡើង យើងឃើញថាអត្រានៃការប្រើប្រាស់ទំនិញឬក៏យើងប្រើភាសាថា អតិផរណា។ អតិផរណាសំដៅទៅលើតម្លៃទំនិញឡើងថ្លៃជាទូទៅទាំងអស់នៅក្នុងប្រទេសកម្ពុជាដែលមានរាប់រយមុខ។ ទំនិញទាំងអស់នោះដែលប្រើប្រាស់សម្រាប់ជាស្បៀងអាហារជាកញ្ចប់នៅក្នុងស្បៀងអាហារទាំងមូលបានឡើងថ្លៃ ទោះបីជាទំនិញទាំងអស់មិនឡើងថ្លៃក៏ពិតមែនក៏ប៉ុន្តែទំនិញមួយចំនួនបានឡើងថ្លៃ។ យើងឃើញហើយ ប្រេងសាំង។ ប្រេងសាំងឡើងមែនទែនគួរឱ្យកត់សម្គាល់ហើយធនាគារជាតិបាន ផ្សព្វផ្សាយនូវរបាយការណ៍ស្ដីអំពីផលបច្ច័យអាក្រក់នោះធ្វើឲ្យមានកំណើនអត្រាអតិផរណានៅក្នុងប្រទេសកម្ពុជាយើងមានប្រមាណរហូតដល់ 7 ទៅ 8 ភាគរយជាងនៅក្នុងខែកន្លងទៅ។ ហើយ ស្ថានភាពនេះហាក់បីដូចជា ថមថយបន្តិចមកវិញ ហាក់ដូចជាមានការធ្លាក់ចុះបន្តិចមកដល់ 6 ភាគរយជាងជិត 7 ភាគរយពីអត្រាដើមនៃអត្រាអតិផរណាដើមមុនសង្គ្រាមនោះគឺមានប្រមាណតែប្រហែលជា 2.8 ទៅ 3.0 ភាគរយ។ ការកើនឡើងនេះគឺខ្ពស់ហើយគួរឲ្យកត់សម្គាល់។

ផលបច្ច័យប៉ះពាល់ធំជាងគេជាទូទៅ កាលណាទំនិញឡើងថ្លៃគឺប៉ះពាល់ទៅដល់អ្នកប្រើប្រាស់ អ្នកប្រើប្រាស់ដែលមានប្រាក់ចំណូលទាបនិងប្រាក់ចំណូលថេរគឺងាយនឹងទទួលរងនូវផលប៉ះពាល់។ នៅពេលដែលថ្លៃទំនិញឡើង​ 5 ភាគរយ 10  ភាគរយអ្នកដែលមានប្រាក់ចំណូលទាបហើយថេរនោះងាយនឹងផុងខ្លួនចូលទៅក្នុងភាពក្រីក្រ ធ្លាក់ចូលទៅក្រោមបន្ទាត់ភាពក្រីក្រដែលធ្វើឲ្យប៉ះពាល់ដល់លទ្ធភាពនៃការបញ្ជាទិញដែលយើងហៅថា purchasing power ។ ការប៉ះពាល់ទៅដល់លទ្ធភាពបញ្ជាទិញធ្វើឲ្យប្រជាជនដែលមានចំណូលតិច មានចំណូលថេរទាំងអស់នោះឬក៏ប្រជាជនដែលកំពុងតែរងផលប៉ះពាល់ដោយសារតែភាពក្រីក្រខ្លះផងនោះងាកទៅរកឬក៏ប្រើប្រាស់នូវទំនិញជាស្បៀងទាំងឡាយណាដែលមានតម្លៃធូរថ្លៃជាងឬក៏អាហារដែលមានកម្រិតអាហាររូបត្ថម្ភតិចជាង។

ប្រជាជនមួយចំនួនទៀតដែលមានប្រាក់ចំណូលបង្គួរគួរសមបែរជាទៅប្រើប្រាស់តិចជាងមុនកាត់បន្ថយការប្រើប្រាស់ផលវិបាកគឺធ្វើឲ្យប៉ះពាល់ទៅដល់អាជីវកម្មទូទៅមានន័យថាអាជីវកម្មទូទៅអាចនឹងទទួលបាននូវចំណូលតិចជាងមុនដោយសារតែការលក់ធ្លាក់ចុះ នៅពេលថ្លៃទំនិញឡើងថ្លៃ។ ផលវិបាកអាចច្រានរុញដល់កម្រិត ម៉ាក្រូ។ កម្រិត ម៉ាក្រូ​ មានន័យថាដល់សេដ្ឋកិច្ចជាតិតែម្ដង។ នេះមានន័យថា​ នៅពេលដែលអាជីវកម្មមានចំនួនតិច រដ្ឋក៏ប្រហែលជានឹងទទួលបាននូវចំណូលពីពន្ធផ្សេងៗធ្លាក់ចុះដែរ។ វាក៏ធ្វើឱ្យមួយទៀតគឺប៉ះពាល់ទៅដល់សមត្ថភាពរបស់រដ្ឋាភិបាលក្នុងការកៀរគរចំណូលថវិកាជាតិពីពន្ធ ទាំងពន្ធក្នុងស្រុក ទាំងពន្ធក្រៅស្រុក។

ពន្ធក្នុងស្រុកគឺសំដៅទៅលើពន្ធអាជីវកម្ម ពន្ធប៉ាតង់ និងពន្ធផ្សេងៗហើយពន្ធក្រៅស្រុកសំដៅទៅលើពន្ធនាំចេញនាំចូលទំនិញ។ ចុងក្រោយ គឺទាក់ទងទៅនឹងលទ្ធភាពរបស់រដ្ឋាភិបាលក្នុងការជួយជ្រោមជ្រែងដល់ប្រជាជនរងគ្រោះដោយសារវិបត្តិកូវីដឬក៏ លទ្ធភាពរបស់រដ្ឋាភិបាលក្នុងការជួយដល់អាជីវកម្មដែលរងផលប៉ះពាល់ដូចតែរដ្ឋបានអនុវត្តចាប់ពីឆ្នាំកន្លងមកនេះក្នុងក្របខ័ណ្ឌនៃការអន្តរាគមន៍ស្តារសេដ្ឋកិច្ចឡើងវិញនៅក្នុងសម័យនិងនៅក្រោយសម័យកូវីដ។

នៅក្នុងខែឧសភានេះផងដែរសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានបញ្ជាក់ផងដែរថាស្រូវនិងអង្ករនៅក្នុងឃ្លាំងនោះមានត្រឹមតែចំនួនដប់លានតោនប៉ុណ្ណោះហើយលោកក៏បានបញ្ជាក់ផងដែរថាកម្ពុជាអាចនឹងមានវិបត្តិកង្វះស្បៀងនៅក្នុងឆ្នាំ 2023 តើស្បៀងបម្រុងរបស់កម្ពុជាហ្នឹងគឺមានចក្ខុវិស័យដូចម្តេចខ្លះដែរសម្រាប់ឆ្នាំ 2023?


ជាធម្មតាយើងឃើញថាកម្ពុជាយើងជាប្រទេសមួយដែលពឹងអាស្រ័យលើវិស័យកសិកម្មហើយយូរអង្វែងមកហើយមានលក្ខណៈជាប្រវត្តិសាស្ត្ររាប់សតវត្សរ៍មកហើយ។ ហើយនៅអំឡុងក្នុងឆ្នាំនេះក៏ យើងនៅតែជាប្រទេសដែលពឹងអាស្រ័យលើកសិកម្ម ដែលប្រជាជនមួយផ្នែកធំនៅតែពឹងអាស្រ័យលើវិស័យកសិកម្មនិងវិស័យពាក់ព័ន្ធទៅនឹងកសិកម្មដូចជា ការពឹងផ្អែកទៅលើធនធានធម្មជាតិ ការពឹងផ្អែកទៅលើដីនៅក្នុងការផលិតនូវម្ហូបនិងស្បៀងអាហារ។ កម្ពុជាចេះតែទទួលបាននូវអតិរេកផ្នែកផលិតផលស្បៀងជាពិសេសគឺស្រូវអង្ករ។

អតិរេកនេះមានន័យថា យើងមានផលលើសក្នុងការផលិតតាមតួលេខនៃការផលិតអង្ករ។ទោះបីជាយើងបាននាំចេញទៅប្រទេសខ្លះក៏ដោយ ហើយដូចដែលសម្ដេចអគ្គមហាសេនាបតីតេជោបានលើកឡើងសន្និធិស្បៀងនៅក្នុងប្រទេសកម្ពុជាយើងទាក់ទងទៅនឹងផ្នែកស្រូវអង្ករនេះគឺយើងមានបម្រុង។ការបម្រុងនេះវាទាមទារឱ្យយើងផលិតនិងផ្គត់ផ្គងបន្ថែម។ យើងមិនអាចពឹងតែទៅលើផលិតផលស្រូវអង្ករដែលជាចំណែកនៃផលិតផលស្បៀងបម្រុងទាំងអស់នោះទេ។

ហើយទាមទារឲ្យយើងទាំងវិស័យរដ្ឋទាំងវិស័យឯកជនផលិតនិងផ្គត់ផ្គង់ស្បៀងទាំងក្នុងស្រុកឲ្យបានច្រើនហើយក៏ដូចជាការធ្វើពិពិធកម្មនៃទំនិញកសិកម្មកសិផលទាំងអស់ដើម្បីពង្រឹងនូវសន្តិសុខស្បៀងជាតិនៅក្នុងស្រុកផងហើយមួយផ្នែកទៀតដែលនៅសេសសល់ដែលគេហៅថា អតិរេក។ អតិរេកគឺផលលើស។ វាសម្រាប់ការនាំចេញនិងផ្គត់ផ្គង់ទៅទីផ្សារនៅក្រៅស្រុកហើយសន្តិសុខស្បៀងនេះគឺមិនពឹងផ្អែកតែទៅលើស្រូវក៏មួយមុខទេ គឺយើងដឹងហើយថាម្ហូបអាហារដែលប្រជាជនហូបគឺពឹងផ្អែកលើ ផលិតផលមច្ឆាជាតិ ត្រី សាច់ បន្លែ​ផ្លែឈើទាំងអស់។ អ៊ីចឹងបើយើងបូកសរុបមកនៅក្នុងការគ្រប់គ្រងសន្តិសុខស្បៀងបូករួមទាំងមូលនិធិនូវស្បៀងបម្រុងផងគឺយើងត្រូវតែបន្តពង្រឹងនូវការអនុវត្តកម្មវិធីពីប្រតិកម្មនឹងទំនើបកម្មផ្នែកកសិកម្មកសិ-ឧស្សាហកម្មកែច្នៃនៅក្នុងការធ្វើយ៉ាងណាឱ្យកម្ពុជាយើងធានាបាននូវការគ្រប់គ្រងសន្តិសុខស្បៀងហើយនិងមួយទៀតទប់ស្កាត់ការឡើងថ្លៃទំនិញជាសកល។

យើងក៏ឃើញផងដែរថានៅក្នុងខែឧសភាឆ្នាំ 2022 ដដែលនេះផងដែរ ធនាគារជាតិកម្ពុជាក៏បានបង្ហាញផងដែរថាអតិផរណាកម្ពុជាឈរនៅលើ 7.5  ភាគរយដែលប៉ាន់ស្មានថាជាចំណុចមួយខ្ពស់បំផុតនៅក្នុងទសវត្សរ៍ចុងក្រោយនេះច្រើនដូច្នេះហើយថាតើអតិផរណាខ្ពស់នេះបានប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋយ៉ាងដូចម្តេចខ្លះហើយតើវាអាចប៉ះពាល់ដល់ការងើបឡើងវិញនៃវិស័យផ្សេងៗ​នៃសេដ្ឋកិច្ចកម្ពុជាយើងដូចម្ដេចខ្លះដែរ​​​?

ទីមួយ កាលណាទំនិញឡើងថ្លៃហើយឡើងខ្ពស់ដែលធនាគារជាតិបានអះអាងហើយថាមិនធ្លាប់មានទេនៅក្នុងទសវត្សរ៍ចុងក្រោយនេះ។ 7 ភាគរយជាងនៅក្នុងខែឧសភាហើយប្រមាណ 6 ជាងទៀតនៅក្នុងខែមិថុនាដែលជាអត្រាមួយដែលនឹងហើយបានប៉ះពាល់ទៅដល់ប្រជាកសិករប្រជាជនដែលមានផលចំណូលប្រចាំថ្ងៃតិចតួចដែលខ្ញុំ អាចនិយាយបានថា អត្រាអតិផរណានេះអាចរុញច្រានឱ្យមានកំណើននៃអត្រាអសន្តិសុខស្បៀង ជាកម្រិតបុគ្គល ជាកម្រិតគ្រួសារនៅក្នុងតំបន់ ជាពិសេសគឺតំបន់នៅក្នុងប្រទេសកម្ពុជាដែលចំណូលពឹងអាស្រ័យទៅលើវិស័យកសិកម្មឬក៏ទៅលើវិស័យមួយចំនួនទៀតដែលបានប៉ះពាល់ដោយអត្រាអតិផរណាដែលបានរុញច្រានឡើងថ្លៃដោយសារតែវិបត្តិសង្គ្រាមឬក៏ដោយសារតែការអាក់ខាននៃស្ថានភាពនៃសកម្មភាពសេដ្ឋកិច្ចបង្កឡើងដោយជំងឺកូវីដដប់ប្រាំបួន។

ផលបច្ច័យដែលប៉ះពាល់ផ្សេងមួយទៀតអាចថាទៅដល់ក្រុមប្រជាពលរដ្ឋដែលប្រកបរបរអាជីវកម្មកម្រិតគ្រួសារឬក៏ខ្នាតតូច។ ក្រុមទាំងអស់នេះអាចនឹងងាយរងគ្រោះជាងគេបំផុតហើយយើងឃើញថាផលប៉ះពាល់ដែលអាចនឹងរុញច្រានបន្តទៀតគឺទៅដល់លទ្ធភាពរបស់កម្ពុជាក្នុងការស្ដារសេដ្ឋកិច្ចឲ្យងើបឡើងវិញក៏ប៉ុន្តែយើងឃើញថាហាក់ដូចជាមានមានសញ្ញាល្អឡើងវិញនៅក្នុងពេលប៉ុន្មាន មួយសប្ដាហ៍ ពីរសប្ដាហ៍ចុងក្រោយនេះដោយសារតែថ្លៃប្រេងឥន្ធនៈនិងឧស្ម័នហាក់ដូចជាមានការធ្លាក់ចុះបន្តិចឡើងវិញ ហាក់ដូចជាការផ្តល់សញ្ញាល្អថាប្រហែលជាអត្រាអតិផរណានេះអាចនឹងធ្លាក់ចុះហើយនឹងមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរពេកដល់សេដ្ឋកិច្ចកម្ពុជាក៏ដូចជាសេដ្ឋកិច្ចនៅលើពិភពលោក។

យើងឃើញថារបាយការណ៍របស់ក្រសួងពាណិជ្ជកម្មក៏បានចេញថ្មីៗ មកទាក់ទងទៅនឹងនិន្នាការនៃការថមថយនៃអត្រាអតិផរណាក៏ប៉ុន្តែយើងពិបាកនឹងព្យាករថាតើអត្រាអតិផរណានេះវានឹងបន្តធ្លាក់ចុះទៅទៀតដោយសារតែសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនមិនទាន់បានបញ្ចប់ជាស្ថាពរហើយប្រទេសដែលកំពុងតែជាប់សង្គ្រាមឬក៏បណ្ដាប្រទេសផ្សេងទៀតដែលកំពុងតែទទួលរងការយាយីរំខានដោយសារតែការឆ្លងរីករាលដាលនៃជំងឺកូវីដដប់ប្រាំបួនដូចយើងឃើញសព្វថ្ងៃនេះមានការកើនឡើងនៃរលកថ្មីឡើងវិញបណ្ដាប្រទេសមួយចំនួនទោះបីជាខិតខំបើកច្រក សេដ្ឋកិច្ចឡើងវិញក៏ប៉ុន្ដែការឆ្លងនៃជំងឺនេះបានកើនឡើងវិញ។ ដូច្នេះ កត្តាទាំងអស់អាចនឹងប៉ះពាល់ទៅដល់លទ្ធភាព ជាការពិតណាស់សមត្ថភាពរបស់ប្រទេសកម្ពុជាយើងនៅក្នុងការស្ដារឬក៏ការជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញនៅក្នុងសម័យកូវីដដប់ប្រាំបួនឬក៏សម័យដែលពិភពលោកកំពុងតែប្រឈមនឹងផលបច្ច័យអាក្រក់ ពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។

ហើយជាចុងក្រោយនេះផងដែរ ដោយមានការព្រួយបារម្ភទៅលើវិបត្តិស្បៀងយ៉ាងដូច្នេះ តើរាជរដ្ឋាភិបាលកម្ពុជាមានវិធានការអ្វីខ្លះដើម្បីកាត់បន្ថយផលបច្ច័យនៃវិបត្តិដែលគ្រោងនឹងចូលមកខាងមុខនេះដែរ?

កន្លងមកនេះរដ្ឋាភិបាលបានចាត់វិធានការជាបន្ទាន់មួយចំនួនដែលយើងបានឃើញហើយនៅពេលដែលប្រេងសាំង ប្រេងម៉ាស៊ូត និងឧស្ម័នឡើងថ្លៃ។ ប្រមុខរដ្ឋាភិបាលបានចូលអន្តរាគមន៍ តាមរយៈការដាក់ចេញនូវកម្មវិធីអន្តរាគមន៍ទប់ស្កាត់ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ជាអវិជ្ជមានទៅដល់ កម្រិតជីវភាពប្រជាជន ទៅដល់សន្តិសុខស្បៀងរបស់ប្រជាជនទោះបីជា កម្រិតបុគ្គល ឬក៏កម្រិតគ្រួសារ និងកម្រិតសង្គមជាតិ។ យើងឃើញថា ការចូលរួមដោយតាមរយៈការផ្តល់ឧបត្ថម្ភធន យើងប្រើពាក្យថា subsidies។ ទោះបីជាក្នុងអត្រាតិចក៏ពិតមែនក៏ប៉ុន្តែវាបានចូលរួមមួយចំណែក។ ខ្ញុំសំដៅទៅលើការចូលរួមផ្តល់ឧបត្ថម្ភធនដោយរដ្ឋាភិបាលនៅក្នុងតម្លៃប្រេងសាំង ប្រេងម៉ាស៊ូត និងឧស្ម័ន។ ឧទាហរណ៍ កន្លងទៅនៅពេលដែលប្រេងសាំងហក់ឡើងថ្លៃខ្លាំងរដ្ឋាភិបាលបានផ្តល់ឧបត្ថម្ភធនក្នុងមួយលីត្រប្រមាណមួយរយម្ភៃរៀលក្នុងមួយលីត្រទៅក៏បានប្រហែលជាមួយរយហាសិបរៀលក្នុងមួយលីត្រ។

នេះជាការចូលរួមរបស់រដ្ឋាភិបាល ដើម្បីសម្រួលនៅពេលដែលមានអតិផរណាឬក៏ការឡើងថ្លៃនៃទំនិញមួយចំនួននេះគឺជាការចូលរួមដើម្បីកាត់បន្ថយឬក៏ទប់ស្កាត់នូវផលអវិជ្ជមាន។ ចំណុចទីពីរគឺរដ្ឋាភិបាលបានបន្តអនុវត្តនូវកម្មវិធីពិពិធកម្មមពាណិជ្ជកម្មរបស់ខ្លួនជាពិសេសគឺក្រោមក្របខ័ណ្ឌនៃពាណិជ្ជកម្មទ្វេភាគីនិងពហុភាគី។ ហេតុអ្វីបានជារដ្ឋាភិបាលនៅតែឱ្យតម្លៃនិងជំរុញបន្តអនុវត្តនូវពិពិធកម្មទីផ្សារពាណិជ្ជកម្មទាំងនៅក្នុងតំបន់និងសកលលោកមានពាណិជ្ជកម្មទ្វេភាគីឧទាហរណ៍ដូចជាជាមួយប្រទេសចិន ជាមួយកូរ៉េ ជាមួយជប៉ុន ជាមួយនឹង បណ្ដាប្រទេសផ្សេងផ្សេងទៀតនៅក្នុងក្របខ័ណ្ឌអាស៊ានក៏ដោយនិងជាពិសេសនៅក្នុងក្របខ័ណ្ឌ RCEP? RECP មានន័យថា Regional Comprehensive Economic Partnershipដែលប្រទេសដប់ប្រាំមានកម្ពុជាផងដែរក្នុងនោះជាសមាជិកបានទើបតែ ចុះហត្ថលេខាក្នុងពេលប្រមាណ​ 1 ឆ្នាំបន្តិចនេះថ្មីៗមែនទែនហើយទើបតែចូលសុពលភាពដល់បណ្ដាប្រទេសមួយចំនួនដែលទើបតែសច្ចាប័នក្នុងពេលថ្មីៗ។ នេះគឺជាកម្មវិធីធ្វើយ៉ាងណាឱ្យមានលំហូរទំនិញពាណិជ្ជកម្មជាពិសេសគឺខ្សែចង្វាក់នៃទំនិញផលិតកម្មផ្សេងៗជាពិសេសគឺស្បៀងនេះឯងកុំឱ្យវាអាក់ខានហើយដែលធ្វើឲ្យកាន់តែមានផលបច្ច័យកាន់តែអាក្រក់។

ទីបីគឺរដ្ឋាភិបាលបានអនុវត្តហើយយើងឃើញថាពីមុនពីបទសង្គ្រាម មុនអត្រាអតិផរណា រដ្ឋាភិបាលបានអនុម័តនូវច្បាប់វិនិយោគថ្មីដែរតាមរយៈរដ្ឋសភាក៏បានអនុម័តហើយច្បាប់នេះកំពុងតែមានសុពលភាពគឺលើកទឹកចិត្តទៅដល់អ្នកវិនិយោគ វិនិយោគិន ផលិតករនៅក្នុងផ្នែកកសិកម្មកសិ-ឧស្សាហកម្មកែច្នៃទាំងកែច្នៃ ស្បៀងអាហារ ទាំងកែច្នៃនូវទំនិញកសិផលផ្សេងៗ។ ការលើកទឹកចិត្តគឺដើម្បីទាក់ទាញវិនិយោគ ទាំងវិនិយោគក្នុងស្រុក ទាំងវិនិយោគក្រៅស្រុក។ ចំណុចដែលត្រូវធ្វើបន្ថែមគឺជាការផ្ដោតការយកចិត្តទុកដាក់ទៅលើផ្នែកបច្ចេកវិទ្យា។ បច្ចេកវិទ្យាដែលអាចជំរុញបានដោយរដ្ឋាភិបាល បច្ចេកវិទ្យាដែលអាចជំរុញបានដោយវិស័យឯកជន និងបច្ចេកវិទ្យាអាចជំរុញបង្កើនបន្ថែមទៀតដោយកសិករ ផលិតករខ្នាតតូច ខ្នាតមធ្យម ខ្នាតគ្រួសារមួយចំនួន។ ការចាប់យកនូវបច្ចេកវិទ្យាថ្មីៗក្នុងវិស័យកសិកម្មកសិ-ឧស្សាហកម្មកែច្នៃទាំងអស់នេះធានានូវទីមួយគឺផលិតភាព។ ទីពីរគឺផលិតផលដែលគេហៅថា efficiency

នោះគឺទាក់ទងនឹងតម្លៃថ្លៃដើម។ នៅពេលដែលផលិតបានច្រើនជាងមុនចំណាយចុះធ្វើឱ្យថ្លៃទំនិញក្នុងមួយឯកតាធ្លាក់ចុះធ្វើឲ្យប្រជាជនទូទៅនៅក្នុងប្រទេសកម្ពុជាក៏ដោយ ប្រជាជននៅក្នុងពិភពលោកដែលទៀតដែលត្រូវការនូវទំនិញពីកម្ពុជាយើងទៅគឺនឹងប្រើប្រាស់នូវទំនិញកម្មយើងច្រើនធ្វើឱ្យផលិតផលប្រជាកសិករ វិនិយោគិននៅក្នុងវិស័យកសិកម្មកសិ-ឧស្សាហកម្មកែច្នៃឧក្រិដ្ឋកម្មជាតិនេះមានការងារកាន់តែច្រើនមានចំណូលកាន់តែច្រើនហើយបម្រើវិញដល់សង្គមជាតិតាមរយៈការផ្ដល់ផ្គត់ផ្គង់ទំនិញមានតម្លៃធូរថ្លៃ ​មានគុណភាពនិងផ្ដល់ការងារដល់ប្រជាជន រដ្ឋនិងមានចំណូលច្រើនជាងមុន។

ដូច្នេះ រដ្ឋត្រូវតែពង្រឹងនៅក្នុងទិសដៅបែបនេះដើម្បីធ្វើយ៉ាងណាឱ្យសម្រេចបាននូវគោលដៅនៃការធ្វើទំនើបកម្មនិងពិពិធកម្ម ផ្នែកកសិកម្ម កសិផលនិងការកែច្នៃទំនិញឧស្សាហកម្មទាំងអស់នេះ បម្រើទីផ្សារក្នុងស្រុក បម្រើម្រូវការក្នុងស្រុក និងនាំចេញទៅវិញទៅទីផ្សារពិភពលោកផ្សេងៗទៀត។ ចំណុចចុងក្រោយ រដ្ឋាភិបាលបានធ្វើហើយដែលខ្ញុំបានលើកឡើងថាចាប់ដៃគូពាណិជ្ជកម្មទ្វេភាគីនិងពហុភាគី។ រដ្ឋគួរតែពង្រឹងនិងពង្រីកនូវដៃគូពាណិជ្ជកម្មបន្ថែមទៀតមានន័យថាស្វែងរកទីផ្សារនាំចេញសម្រាប់ទំនិញ នៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះដែរ គឺលើកទឹកចិត្តធ្វើយ៉ាងណាឱ្យមានការលើកកម្ពស់សមត្ថភាពរបស់ខ្លួន ទាំងពលករខ្នាតតូចកសិករខ្នាតតូចហើយនិងកសិករ វិនិយោគិនដែលរកស៊ីនៅក្នុងផ្នែកកសិកម្មនេះពង្រីក វិសាលភាពខ្លួនពង្រីកសមត្ថភាព ពង្រីកនូវមូលដ្ឋានគ្រឹះនៃការកែច្នៃទំនិញទាំងអស់នោះដើម្បីធ្វើយ៉ាងណាឱ្យទំនិញកម្ពុជាមានគុណភាពផងនិងមានភាពប្រកួតប្រជែង។

ហើយយើងបង្កើននូវមុខទំនិញដែលជាស្បៀងអាហារឱ្យបានច្រើនជាងមុនទាំងស្បៀងអាហារផងទាំងចំណីអាហារសម្រាប់សត្វផង។ ការកែច្នៃទំនិញទាំងអស់នោះក្លាយទៅជាទំនិញប្រើប្រាស់នៅក្នុងវិស័យឧស្សាហកម្មផងពេលនោះគឺកម្ពុជាយើងអាចនឹងឈានទៅដល់សម្រេចគោលដៅក្នុងការក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ 2030 ។ ទោះបីជាយឺតយ៉ាវរំខានដោយសារកូវីដក៏ពិតមែនក៏ប៉ុន្តែគោលដៅនេះក៏គួរតែបន្តហើយបន្តអនុវត្តនូវកម្មវិធីគោលនយោបាយផ្សេងៗឱ្យបានកាន់តែច្រើនផងនិងមួយទៀតដើម្បីកម្ពុជាឈានទៅដល់ប្រទេសដែលមានចំណូលខ្ពស់នៅក្នុងឆ្នាំ 2050៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner