សិក្ខាកាមទាំង៥ប្រទេស មានការយល់ដឹងច្រើនពីវគ្គវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយកូនបាល់ ITF/OS

ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយកូនបាល់ ITF/OS ថ្នាក់តំបន់កម្រិតដំបូងនិងមធ្យម សម្រាប់ឣត្តពលិកដោយមានគ្រូបង្វឹកមកពី៥ប្រទេសចូលរួមបានបិទបញ្ចប់នាល្ងាចថ្ងៃទី១២សីហាឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)នៅអគាគណកម្មការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តមអគ្គលេខាធិការមានប្រសាសន៍ថា ៖ យើងខ្ញុំមិនមែនទទួលធ្វើម្ចាស់ផ្ទះដើម្បីឈ្នះជើងឯកនោះទេ ប៉ុន្តែធ្វើម្ចាស់ផ្ទះដើម្បីអ្នកចូលរួមទាំងអស់សប្បាយរីករាយ។ នេះហើយជាគោលបំណងរបស់យើងខ្ញុំទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំក្រោយ។ ខ្ញុំសូមអរគុណដល់ ITF និងសូមស្វាគមន៍ដល់អ្នកចូលរួមដែលអញ្ជើញមកពីប្រទេសទាំងអស់។ លោក លោកស្រីប្រហែលមកកម្ពុជាលើកដំបូង លើកទីពីរ ឬច្រើនលើកមកហើយ។ ទោះជាបែបណាក្តី យើងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ»។

ឯកឧត្តម វ៉ាត់ ចំរើន បានជម្រាបជូនបន្ថែមទៀតថា ស៊ីហ្គេម ឆ្នាំ២០២៣ គឺជាលើកដំបូងសម្រាប់កម្ពុជាធ្វើម្ចាស់ផ្ទះ ហើយកម្ពុជាសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះគឺចំពេលវេលា និងមានសារសំខាន់សម្រាប់កីឡាវាយកូនបាល់កម្ពុជា។ «ខ្ញុំក៏ចង់ប្រាប់ថា កីឡានៅកម្ពុជាទើបតែងើបឡើងនៅពេលនេះ និងងើបឡើងចំពេលវេលាដែលយើងខ្ញុំទទួលសិទ្ធិរៀបចំធ្វើម្ចាស់ផ្ទះ ដូច្នេះយើងខ្ញុំនឹងប្រឹងប្រែងអស់ពីលទ្ធភាព បើទោះជាយើងខ្ញុំមិនធ្លាប់មានបទពិសោធរៀបចំព្រឹត្តិការណ៍នេះក៏ដោយ។ លើសពីនេះទៀត កីឡាកម្ពុជាក៏មិនទាន់ឈានដល់កម្រិតក្នុងតំបន់នៅឡើយ។យើងខ្ញុំមានកម្រិតទាបជាងប្រទេសផ្សេងទៀតរាប់ទាំងតំបន់អាស៊ានផង។

កីឡាកម្ពុជាមិនទាន់អាចប្រកួតប្រជែងកម្រិតខ្លាំងជាមួយប្រទេសផ្សេងៗទេ។ ដូច្នេះវគ្គបណ្តុះបណ្តាលនេះពិតជាមានសារសំខាន់ខ្លាំងណាស់ ហើយយើងខ្ញុំសង្ឃឹមថា កីឡាវាយកូនបាល់កម្ពុជានឹងឈានឆ្ពោះទៅមុខ និងមានសក្តានុពលសម្រាប់ការប្រកួត ជាពិសេសសម្រាប់ស៊ីហ្គេម ដែលកម្ពុជាធ្វើម្ចាស់ផ្ទះឆ្នាំក្រោយ»។

ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា បើទោះជាកម្ពុជាទើបទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកដំបូងក៏ពិតមែន ប៉ុន្តែ កម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយ ដោយគ្រប់ហេដ្ឋារចនាសម្ព័ន្ធបានបញ្ចប់រួចរាល់ដែរ។ កម្ពុជាបានកសាងពហុកីឡដ្ឋានថ្មី ដែលបានក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏អស្ចារ្យ សម្រាប់កីឡាកម្ពុជាចាប់ពីពេលនេ ទៅ។ ពហុកីឡដ្ឋាននេះបរិច្ចាគដោយរដ្ឋាភិបាលចិន និងជាពហុកីឡដ្ឋានទំនើបស្តង់ដា ដែលបំពាក់ដោយច្ចេកទវិទ្យាទំនើប។

សូមបញ្ចាក់ថា វគ្គវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយកូនបាល់ ITF/OSថ្នាក់តំបន់កម្រិតដំបូងនិងមធ្យម មានសិក្ខាកាមចំនួន១៩នាក់មក៥ប្រទេសរួមមាន មីយ៉ាន់ម៉ា ទីម័រ បង់ក្លាដែស ហ្វីជី និងម្ចាស់ផ្ទះកម្ពុជា។ គ្រូឧទ្ទេសមានចំនួន៣រូបគឺ លោក Jonathan Stubbs លោក Gary Pucell និងលោក Amir Borghei មកពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ “ITF”។

ជាលទ្ធផល ក្រោយពីសិក្សាអស់រយៈពេល១២ថ្ងៃ សិក្ខាកាមទំាងអស់បានធ្វើតេស្តិ៍សាកល្បងសមត្ថភាពអនុវត្តជាក់ស្តែង និងស្តាប់ការណែនាំកែតម្រូវពីលោកគ្រូឧទ្ទេស ហើយទទួលបានការវាយតម្លៃវគ្គថា សិក្ខាកាមទទួលនិទ្ទេសល្អ ៧០ភាគរយ សិក្ខាកាមទទួលនិទ្ទេសល្អបង្គួរ ៣០ភាគរយចំពោះសិក្ខាកាមទាំងអស់បានយល់ដឹងយ៉ាងឆាប់រហ័សក្នុងការវគ្គបណ្តុះបណ្តាលខាងលើនេះ ព្រោះពួកគេភាគច្រើនសុទ្ធសឹងតែជាគ្រូមូលដ្ឋានជំនាញនិងកីឡាវាយកូនបាល់ ព្រមទំាងជាមន្រ្តីពាក់ព័ន្ធក្នុងកីឡា៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner