អភិបាលរងខេត្តមណ្ឌលគិរី៖ ការអភិវឌ្ឍយុវជន គឺជាការងារអាទិភាព ក្នុងការអភិវឌ្ឍប្រទេសជាតិ និងកសាងសន្តិភាព
មណ្ឌលគិរី៖ លោក ឈឹម កាន អភិបាលរងខេត្តបានបញ្ជាក់ថា ការអភិវឌ្ឍ យុវជន គឺជាការងារអាទិភាពក្នុងការអភិវឌ្ឍ ប្រទេសជាតិ និងកសាងសន្តិភាព ពីព្រោះយុវជនគឺជាទំពាំងស្នងឬស្សី ដែលចាំបាច់ ត្រូវមានការអភិវឌ្ឍទាំងកាយសម្បទា ចំណេះដឹង បញ្ញាស្មារតី ដើម្បី ក្លាយ ខ្លួនជាធនធាន មនុស្សប្រកបដោយគុណវុឌ្ឍី ។
លោកអភិបាលរងខេត្តបញ្ជាក់យ៉ាងដូចនេះ ក្នុងឱកាសអញ្ជើញ ចូលរួមប្រារព្ធទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ២០២២ ក្រោមប្រធានបទ ” សាមគ្គីភាពអន្តរជំនាន់ ” នាព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីអប់រំយុវជនខេត្តមណ្ឌលគីរី ។
លោក ឈឹម កាន មានប្រសាសន៍ថា គំនិតផ្តួចផ្តើមដំបូងនៃការប្រារព្ធ ទិវាអន្តរជាតិសម្រាប់យុវជន” បានស្នើឡើងនៅឆ្នាំ១៩៩១ ដោយ ក្រុមយុវជនជួបប្រជុំគ្នា នៅទីក្រុងវីយែន(Vienne) ប្រទេសអូទ្រីស នៅក្នុងសម័យប្រជុំជាលើកដំបូងនៃ”ទិវាយុវជនពិភពលោក” រៀបចំ ឡើងដោយអង្គការសហប្រជាជាតិ និងបានប្រកាសទទួលស្គាល់ និង គាំទ្រមូលនិធិសម្រាប់យុវជននៃអង្គការសហប្រជាជាតិ ព្រមទាំងបង្កើត បានភាពជាដៃគូជាអង្គការអន្តរជាតិសម្រាប់យុវជននានាជុំវិញពិភពលោក ។
លោក ឈឹម កាន ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវខិតខំ ប្រឹងប្រែងរៀនសូត្រ គោរពច្បាប់ចរាចរណ៍ ចេះស្រលាញ់បរិស្ថាន និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន ត្រូវធ្វើជាយុវជនគំរូ ជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ពិសេសការពារខ្លួន ពីជំងឺកូវីដ១៩ តាមរយៈការអនុវត្តវិធានការការពារ និងការចាក់ វ៉ាក់សាំងដូសបន្តបន្ទាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
លោក ជឿន សារឿន អនុប្រធានមន្ទីរអប់រំយុវជន បានលើកឡើងថា ដើម្បីចូលរួមក្នុងអភិវឌ្ឍធនធានមនុស្សដែលជាស្នូលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិក្រសួងអប់រំបាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ ដោយឈរលើមូលដ្ឋាន សរសរស្ដម្ភចំនួនប្រាំ៖១.ការអនុវត្តផែនការ សកម្មភាពគោលនយោបាយគ្រូបង្រៀន, ២.ការពិនិត្យឡើងវិញ នូវកម្មវិធី សិក្សា សៀវភៅសិក្សាគោល និងការកែលម្អបរិស្ថានសិក្សា, ៣.ការដាក់ឱ្យអនុវត្តអធិការកិច្ច ,៤.ការពង្រឹងរង្វាយតម្លៃការសិក្សា និង៥.ការកែទម្រង់ឧត្តមសិក្សា ៕ ដោយ៖ ពលៈ