គណបក្សភ្លើងទៀនថាសំដីចោទ សុន ឆ័យ តាមសារព័ត៌មានចោទអំពីការបោះឆ្នោតមិនត្រឹម ត្រូវគឺជាការបញ្ចេញមតិ (Video Inside)
គណបក្សភ្លើងទៀនថ្លែងថា ការលើកឡើងរបស់លោក សុន ឆ័យ ចោទថាការបោះឆ្នោតឃុំ និងសង្កាត់ថ្ងៃទី៥មិថុនាមានអំពើលួចបន្លំនោះ គឺជាការបញ្ចេញមតិដែលគេមិនត្រូវប្តឹងទៅតុលាការនោះឡើយ។
អនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆ័យ ត្រូវព្រះរាជអាជ្ញាចោទពីបទបរិហាកេរ្តិ៍ ជាសាធារណៈប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៧មិថុនាឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ៣០៥ នៃ ក្រមព្រហ្មទណ្ឌ។ លោក សុន ឆ័យ ក្នុងកិច្ចសម្ភាសន៍ជាមួយ សារព័ត៌មានអនឡាញ IDEA TALK នៃសារព័ត៌មាន Cambodia Daily បាននិយាយចោទថាការបោះ ឆ្នោតឃុំ និងសង្កាត់ថ្ងៃ ទី៥មិថុនា មានការលួចបន្លំ។
សម្តីរបស់លោក សុន ឆៃ ដែលនិយាយក្នុងកិច្ចសម្ភាសន៍នោះ បានចោទថា ការបោះឆ្នោត ឃុំនិងសង្កាត់ថ្ងៃទី៥មិថុនា «មិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋ, មានការបំភិតបំភ័យ, មានការទិញ, មានការលួចទើបបាន នៅសល់ប៉ុណ្ណឹង»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យប្តឹង លោក សុន ឆ័យ នោះ ពីបទបរិហាកេរ្តិ៍។ អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា បាន ថ្លែងថា «គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា មិនគួរប្តឹងទៅតុលាការលើបញ្ហាបែបនេះទេ ពីព្រោះការលើកឡើងរបស់លោក សុន ឆ័យ គឺជាការបញ្ចេញមតិ…»។
លទ្ធផលនៃការបោះឆ្នោតឃុំនិងសង្កាត់ ត្រូវបានក្រុមអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិទាំង អស់ បានវាយតម្លៃដូចៗគ្នាថា ជាការបោះឆ្នោតមានតម្លាភាព, សេរីយុត្តិធម៌ និងតាមគន្លង លទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែមានតែគណបក្សភ្លើងទៀនតែមួយគត់ ក្នុងនោះគឺលោក សុន ឆ័យ ដែលជាអនុប្រធានគណបក្ស បាននិយាយតាមបណ្តាញសារព័ត៌មានចោទថាការបោះ ឆ្នោតមានការលួចបន្លំ។
លោក ថាច់ សេដ្ឋា បានថ្លែងថាការប្តឹងលោក សុន ឆ័យ នឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងលោកបានស្នើឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់នោះ។
ប៉ុន្តែយោងតាមអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កិច្ចសម្ភាសន៍ របស់លោក សុន ឆ័យ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័នគជប ដែលជាស្ថាប័នត្រូវបំពេញភារកិច្ចដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។