ព្យាករណ៍ប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃ ទី២៣ ខែសីហា (Video Inside)
បាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមានថែមទៀតក្នុងសប្ដាហ៍ទៅមុខនេះ ខណៈ កម្ពុជាបានទទួលរងនូវឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ( ITCZ) អូសបន្លាយកាត់ លើភាគខាងជើងប្រទេសថៃឡាវ, វៀតណាម ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយនៅភាគខាងលើ សមុទ្ទចិនខាងត្បូង រួមជាមួយនឹងខ្យល់មូសុងនិរតីបក់ពីមធ្យមទៅបង្គួរ ។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី១៧ រហូតដល់ថ្ងៃ ទី២៣ ខែសីហា តំបន់ទំនាបកណ្ដាល នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះក៏មានច្រើនដោយអន្លើ និងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ចំពោះបរិមាណទឹកភ្លៀងដែលនឹងអាចធ្លាក់បន្តបន្ទាប់នេះ នឹងអាចធ្វើឲ្យ ភូមិសាស្ត្រមួយចំនួន នៃខេត្តកំពង់ធំ ប្រឈមនឹងជំនន់ទឹកភ្លៀងសារជាថ្មី ។
ចំណែកតំបន់ខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅទៅបង្គួរ និងច្រើនដោយ អន្លើ លាយឡំទៅដោយ ផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។ តាមការព្យាករណ៍ បរិមាណទឹកភ្លៀង ដែលធ្លាក់ជាបន្តបន្ទាប់នោះ នឹងអាចបង្កឲ្យមានជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រមួយចំនួននៃ បណ្តាខេត្តព្រះវិហារ, ខេត្ដស្ទឹងត្រែង, ខេត្ដរតនគីរី, ខេត្ដក្រចេះ, ខេត្ដត្បូងឃ្មុំ, ខេត្ដកំពង់ចាម និងខេត្តឧត្តរមានជ័យ ។
ដោយឡែកនៅតំបន់មាត់សមុទ្រ នោះវិញ នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ ដែលលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ផងដែរ។