សម្តេចចក្រី ហេង សំរិន បញ្ជាក់ពីការគាំទ្របេសកកម្ម និងតួនាទីរបស់ អង្គការសហប្រជាជាតិ ក្នុងការពង្រឹងសាមគ្គីភាព រក្សាសន្តិភាព និង សន្តិសុខអន្តរជាតិ
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុង នាមរដ្ឋសភាកម្ពុជាបានបញ្ជាក់ពីគាំទ្របេសកកម្មនិងតួនាទីរបស់អង្គការសហប្រជាជាតិ ជាពិសេសតួនាទីរបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការ ពង្រឹងសាមគ្គីភាព រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ព្រមទាំងការ ដោះស្រាយបញ្ហាវិវាទ និងជម្លោះនានា ដែលកំពុងកើតមាននៅ ទូទាំង សកលលោក។
សម្តេចចក្រីបានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ប្រធានមហាសន្និបាតលើកទី៧៦ នៃ អង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសមនាព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។
នៅក្នុងឱកាសនោះ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដែល សម្តេចប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម នៅក្នុង ឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ឯកឧត្តមបាន កោត សរសើរចំពោះវីរភាពនិងការលះបង់ដ៏ធំធេងរបស់ សម្តេច ប្រធាន រដ្ឋសភា ក្នុងការរំដោះប្រទេសកម្ពុជា និងបានចូលរួមអភិវឌ្ឍ ប្រទេស ជាតិ រហូតមកស្ទើរពេញមួយជីវិតរបស់សម្តេច។
ឯកឧត្តមបានលើកឡើងពីតួនាទីដ៏ជិតស្និទ្ធនិងមិនអាចខ្វះបានរវាងអង្គការសហប្រជាតិ និងអន្តរសភា(IPU)។ ឯកឧត្តមបានរំលេចថា កម្ពុជា ជាប្រទេសគំរូមួយ ដែលបណ្តាប្រទេសនានាគួរយកតម្រាប់តាម ដោយ សារ កម្ពុជាបានប្រែក្លាយពីប្រទេសដែលមាន កងរក្សាសន្តិភាព អង្គការ សហប្រជាតិនៅឆ្នាំ១៩៩៣ ប៉ុន្តែពេលនេះកម្ពុជាបានបញ្ជូន កងកម្លំាង ស្ម័គ្រចិត្តរបស់ខ្លួន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ទៅបំពេញ បេសកកម្មមនុស្សធម៌ រក្សាសុខសន្តិភាព នៅប្រទេសជាច្រើន ក្នុង សកលលោក។
ឯកឧត្តម អាប់ឌូឡា សាហ៊ីដបានជូនពរឱ្យកម្ពុជាសម្រេចបាន គោលដៅ អភិវឌ្ឍក្នុងការក្លាយជា ប្រទេសមានចំណូល មធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។
ចំណែកសម្តេចចក្រី ហេង សំរិន បានថ្លែងអំណរគុណ ដល់ អង្គការសហប្រជាជាតិ ដែលតែងផ្តល់ការគាំទ្រ និងកិច្ចសហការ ក្នុងការរួមចំណែកអភិវឌ្ឍកម្ពុជា ជាពិសេសការផ្តល់វ៉ាក់សាំងកូវីដ-១៩ សំភារៈបច្ចេកទេស និងឧបករណ៍វេជ្ជសាស្រ្ត ដែលរួមចំណែក ដល់ ភាពជោគជ័យ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្តេចបានមានប្រសាសន៍លើកឡើងថា ការចាប់បដិសន្ធិ នៃព្រះរាជា ណាចក្រកម្ពុជាជាលើកទី២ គឺមានការជ្រោមជ្រែងយ៉ាងសកម្មពី អង្គការ សហប្រជាជាតិដែលធ្វើឱ្យកម្ពុជាអាចចូលរួមចំណែក យ៉ាង សកម្ម ជាមួយដៃគូរអន្តរជាតិនានា ទាំងក្នុងក្របខ័ណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ក្នុងការឈានទៅសម្រេចបាននូវរាល់ របៀបវារៈ សកលនានា ដែលបានដាក់ចេញ ក្នុងនោះរួមមាន របៀបវារៈអភិវឌ្ឍ សកលឆ្នាំ២០៣០ ជាដើម។ នាដើមទសវត្សឆ្នាំ៩០ ក្រោមកិច្ច ព្រមព្រៀង ទីក្រុងប៉ារីស ស្តីពី សន្តិភាពនៅកម្ពុជា អង្គការសហប្រជា ជាតិ បានបញ្ជូនកងកម្លំាងរក្សាសន្តិភាពមកជួយកម្ពុជា។
សម្តេចចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ចាប់តំាងពីឆ្នំា២០០៦ រហូតដល់បច្ចុប្បន្នកម្ពុជាបានក្លាយខ្លួនជាប្រទេសដែលបានរួមចំណែកជាមួយអង្គការសហប្រជាជាតិវិញ ក្នុងបុព្វហេតុសន្តិភាពនិងមនុស្សធម៌ ក្នុងពិភពលោកតាមរយៈការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពជាង៨ពាន់នាក់ ចូលរួមក្នុងបេសកកម្មចំនួន១១ ក្នុងប្រទេសចំនួនប្រាំបួន។ ការចូលរួមយ៉ាងសកម្មនិងដ៏មានតម្លៃនេះធ្វើឱ្យប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី២៨ ក្នុងចំណោម ១២២ប្រទេស។
សម្តេចចក្រីប្រធានរដ្ឋសភា បានបញ្ជាក់ជូនភ្ញៀវទៀតថា ចាប់តាំង ពីអាណត្តិទី១ រហូតដល់ចុងអាណត្តិទី៦នេះ រដ្ឋសភាកម្ពុជាក៏បាន រួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា និងកសាងសន្តិភាពក្នុង តំបន់និងសកលលោក ជាមួយដៃគូស្ថាប័ននីតិប្បញ្ញត្តិនានា ក្នុងការ ប្រតិបត្តិការងារការទូតសភា ជាពិសេសតាមរយៈស្ថាប័ន សហភាព អន្តរសភា (IPU) ដែលមានភារកិច្ចធ្វើសេចក្តីរាយការណ៍ ជូនអង្គ មហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ៕
ដោយ៖ លោក ថេត វិចិត្រ, ហេង សម្បត្តិ









