អ្នកស្រី ឃុត ឃៀង ប្រធានសហគមន៍អេកូទេសចរណ៍ភ្នំទ័ពជាង គឺជាស្រ្តីជួយកែប្រែនិងលើកស្ទួយតំបន់ទេសចរណ៍ឱ្យកាន់តែប្រសើរ
ខេត្តកោះកុង៖ ស្រ្តីដែលជាអ្នកដឹកនាំសហគមន៍តាមតំបន់អេកូទេសចរណ៍ធម្មជាតិបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយនេះជាសញ្ញាដ៏ល្អ នៃការចូលរួមជំរុញ និងលើកកម្ពស់ការអភិវឌ្ឍជាតិ ដោយស្ត្រីខ្មែរ។ ទោះបីយ៉ាងណាទម្រាំទទួលបាននូវសមិទ្ធផលល្អប្រសើរ ឬ ផ្លែផ្កានោះ ពួកគាត់បានក្រាញននៀល ជំនះគ្រប់ឧបសគ្គតូចធំក្នុងជីវិតកាងារប្រចាំថ្ងៃ។
ជាមួយការដឹកនាំ និង កសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់មូលដ្ឋានទាំងនេះ បានទៅដល់គោលដៅ ស្រ្តីអ្នកដឹកនាំ តែងមាន យុទ្ធសាស្រ្ត និងការតស៊ូអត់ធ្មត់ច្រើនទើបមានថ្ងៃនេះ។
អ្នកស្រី ឃុត ឃៀង ជាប្រធានសហគមន៍អេកូទេសចរណ៍ភ្នំទ័ពជាង គឺជាស្រ្តីមួយរូបដែលគេមិនបានស្គាល់ជាទូទៅទេ ប៉ុន្តែនៅតំបន់មួលដ្ឋានព្រៃភ្នំមួយកន្លែងនេះត្រូវផុសរូបរាងយ៉ាងស្រស់ស្អាតជាបន្តបន្ទាប់តាមរយៈការកសាងស្នាដៃ និង ការរៀបចំដ៏ប៉ិនប្រសព្វនាកន្លងមករបស់អ្នកស្រី និងក៏ដូចជាការចូលរួមសហការពីគ្រប់ភាគី ។
គួរបញ្ជាក់ថាសហគមន៍ការពារធម្មជាតិភ្នំទ័ពជាង ដែលមានទីតាំងស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ភូមិសាស្រ្តស្រុកស្រែអំបិល ខេត្តកោះកុង គឺជាទីឋានទេសចរណ៍ដ៏អស្ចារ្យនិងជាទីឋានដ៏ស្រស់ស្អាតបំផុតលាក់ខ្លួនកណ្ដាលព្រៃ សឹងតែមិនជឿថាធម្មជាតិជាអ្នកបង្កើត ឡើងសោះឡើយ។
អ្នកស្រី ឃុត ឃៀង ក្នុងវ័យ៤៣ឆ្នាំបានឱ្យដឹងថា បច្ចុប្បន្នតាមរយៈការអភិវឌ្ឍន៍ភូមិឃុំបានធ្វើឱ្យរចនាសម្ព័ន្ធនៅតំបន់ទេសចរណ៍ក្នុងទឹកដីភ្នំទ័ពជាងផុសឡើងបន្តបន្ទាប់ធ្វើឱ្យទីកន្លែងដែលធ្លាប់តែទទួលរងការកាប់បំផ្លាញព្រៃឈើប្រែក្លាយជាតំនប់ទេសចរណ៍ដ៏ពេញនិយមមួយក្នុងទឹកដីខេត្តកោះកុងផងដែរ។
តាមរយៈអេកូទេសចរណ៍នេះដែរបានធ្វើឱ្យប្រជាសហគមន៍ធ្លាប់តែពឹងអាស្រ័យលើធនធានធម្មជាតិបានផ្លាស់ប្តូរមកពឹងពាក់លើវិស័យទេសចរណ៍ដូចជាការលក់ផលិតផលសិកម្ម សេវាដឹងជញ្ជូន ការនាំភ្ញៀវទេសចរណ៍។ល។បានធ្វើឱ្យពួកគាត់អាចរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារកាន់តែរឹងមាំពីមួយឆ្នាំទៅមួយឆ្នាំ។
ស្រ្តីត្រូវបានគេមើលឃើញថាមានភាពលេចធ្លោមួយរូបប្រចាំសហគមន៍មួយកន្លែងនេះបានឱ្យដឹងដែរថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺប្រជាសហគមន៍ក្រៅពីការដាំដំណាំកសិកម្មដើម្បីរកប្រាក់ចំណូលជួយទ្រទ្រង់ជីវភាពហើយ ពួកគាត់បាននាំគ្នាចិញ្ចឹមសត្វ មាន់ គោ ក្របីដែលជាចំណូលមួយផ្នែកទៀតសំខាន់របស់ពួកគាត់ទៀងតផង។
ដោយបង្ហាញពីការប្តេជ្ញាប្រែក្លាយតំបន់ទេសចរណ៍ដាច់ស្រយ៉ាលមួយកន្លែងនេះទៅជាតំបន់ដ៏ទាក់ទាញនាថ្ងៃខាងមុខអ្នកស្រីឃុតឃៀងបានលើកឡើងថាអ្នកស្រីចង់ឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមកសាងសហគមន៍សហគមន៍អេកូទេសចរណ៍ភ្នំទ័ពជាងក្នុងនេះរូមទាំងការកសាងផ្លូវថ្នល់ តំបន់ទេសចរណ៍ក៏ដូចជារួមទាំងការជួយបណ្តុះបណ្តាលវិស័យកសិកម្មដល់ប្រជាសហគមន៍ជាដើម ៕ ដោយ៖ម៉ាដេប៉ូ