ប្រធានមហាសន្និបាតលើកទី៧៦ នៃអ.ស.ប៖ កម្ពុជាជាប្រទេសគំរូមួយ ដែលបណ្តាប្រទេសនានាគួរយកតម្រាប់តាម

ភ្នំពេញ៖ ប្រធានមហាសន្និបាតលើកទី៧៦ នៃអង្គការសហប្រជាជាតិ (អ.ស.ប) ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានបញ្ជាក់ថា កម្ពុជាជាប្រទេសគំរូមួយ ដែលបណ្តាប្រទេសនានាគួរយកតម្រាប់តាម ដោយសារកម្ពុជាបានប្រែក្លាយពីប្រទេសដែលមានកងរក្សាសន្តិភាពអង្គការសហប្រជាតិនៅឆ្នាំ១៩៩៣ ប៉ុន្តែពេលនេះកម្ពុជាបានបញ្ជូនកងកម្លំាងស្ម័គ្រចិត្តរបស់ខ្លួន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្មមនុស្សធម៌ រក្សាសុខសន្តិភាព នៅប្រទេសជាច្រើនក្នុងសកលលោក។ ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានសម្តែងការកោតសរសើរចំពោះវីរភាពនិងការលះបង់ដ៏ធំធេងរបស់ សម្តេចប្រធានរដ្ឋសភា ក្នុងការរំដោះប្រទេសកម្ពុជា និងបានចូលរូមអភិវឌ្ឍន៍ប្រទេសជាតិរហូតមកស្ទើរពេញមួយជីវិតរបស់សម្តេច។ ឯកឧត្តមបានលើកឡើងពីតួនាទីដ៏ជិតស្និទ្ធនិងមិនអាចខ្វះបានរវាងអង្គការសហប្រជាតិ និងអន្តរសភា (IPU)។ ជាមួយគ្នានេះ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានជូនពរឱ្យកម្ពុជាសម្រេចបានគោលដៅអភិឌ្ឍន៍ក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ជាការឆ្លើយតបសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ ដែលតែងផ្តល់ការគាំទ្រ និងកិច្ចសហការក្នុងការរួមចំណែកអភិវឌ្ឍកម្ពុជា ជាពិសេសការផ្តល់វ៉ាក់សាំងកូវីដ-១៩ សម្ភារបច្ចេកទេស និងឧបករណ៍វេជ្ជសាស្រ្ត ដែលរួមចំណែកដល់ភាពជោគជ័យ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្តេចបានមានប្រសាសន៍លើកឡើងថា ការចាប់បដិសន្ធិ នៃព្រះរាជាណាចក្រកម្ពុជា ជាលើកទី២ គឺមានការជ្រោមជ្រែងយ៉ាងសកម្មពីអង្គការសហប្រជាជាតិ ដែលធ្វើឱ្យកម្ពុជាអាចចូលរួមចំណែកយ៉ាងសកម្មជាមួយដៃគូរអន្តរជាតិនានា ទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ក្នុងការឈានទៅសម្រេចបាននូវរាល់របៀបវារៈសកលនានា ដែលបានដាក់ចេញ ក្នុងនោះរួមមាន របៀបវារៈអភិវឌ្ឍន៍សកលឆ្នាំ២០៣០ជាដើម។ នាដើមទសវត្សឆ្នាំ៩០ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីសន្តិភាពនៅកម្ពុជា អង្គការសហប្រជាជាតិ បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពមកជួយកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ចាប់តំាងពីឆ្នំា២០០៦ រហូតដល់បច្ចុប្បន្ន កម្ពុជាបានក្លាយខ្លួនជាប្រទេសដែលបានរួមចំណែកជាមួយអង្គការសហប្រជាជាតិវិញ ក្នុងបុព្វហេតុសន្តិភាព និងមនុស្សធម៌ក្នុងពិភពលោក តាមរយៈការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពជាង៨ពាន់នាក់ ចូលរួមក្នុងបេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩។ ការចូលរួមយ៉ាងសកម្ម និងដ៏មានតម្លៃនេះ ធ្វើឱ្យប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី២៨ ក្នុងចំណោម១២២ប្រទេស។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ចាប់តាំងពីអាណត្តិទី១ រហូតដល់ចុងអាណត្តិទី៦នេះ រដ្ឋសភាកម្ពុជាក៏បានរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា និងកសាងសន្តិភាពក្នុងតំបន់និងសកលលោក ជាមួយដៃគូស្ថាប័ននីតិប្បញ្ញត្តិនានា ក្នុងការប្រតិបត្តិការងារការទូតសភា ជាពិសេសតាមរយៈស្ថាប័នសហភាពអន្តរសភា (IPU) ដែលមានភារកិច្ចធ្វើសេចក្តីរាយការណ៍ជូនអង្គមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner