អគ្គនាយិការក្រុមហ៊ុន សុន កណ្ណិកា នាំថវិកាជាង ៦លានរៀលជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកដល់ការជួយសង្រ្គោះជីវិតកុមារកម្ពុជា
ភ្នំពេញ៖ លោកជំទាវ សុន កណ្ណិកា អគ្គនាយិការក្រុមហ៊ុន សុន កណ្ណិកា ខូលអិលធីឌី និង សប្បុរសជនជាវិនិយោគិនមកពីប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បាននាំយកនូវថវិកាជាង ៦,៦៦,៦៦៦រៀល (៦លាន៦សែន៦ម៉ឺនរៀល) ទៅផ្តល់ជូនមន្ទីពេទ្យគន្ធបុប្ផា ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សុខមាលភាពកុមារ និងជួយសង្រ្គោះជីវិតកុមារកម្ពុជា ដែលទទួលបានការស្រលាញ់ និងព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យនេះ។
ក្រោយផ្តល់កញ្ចប់ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផារួច លោកជំទាវ សុន កណ្ណិកា អគ្គនាយិការក្រុមហ៊ុន សុន កណ្ណិកា ខូលអិលធីឌី បានមានប្រសាសន៍ថា ការនាំយកថវិកាមកបរិច្ចាកនៅពេលនេះ គឺបន្ទាប់ពីចាប់ដៃគ្នាសហការរកស៊ីជាង៦ឆ្នាំមកនេះ យើងទទួលបានផលផ្លែផ្កាជាច្រើន ធ្វើឱ្យមុខជំនួញកាន់តែរីកធំធាត់ជាបន្តបន្ទាប់ ហើយក៏ជាក្តីប្រាថ្នារបស់ខ្លួន ចំពោះគុណបំណាច់ដ៏ធំធេងរបស់មន្ទីរពេទ្យនេះ ដែលធ្លាប់បានជួយសង្រ្គោះជីវិតរបស់លោកជំទាវកាលពីនៅតូច ដែលមានជំងឺរួមរឹតជាច្រើនមុខ រួមទាំងបងប្អូនសាច់ញ្ញាតិ និងកុមារកម្ពុជាទូទាំងប្រទេសផងដែរ។
លោកជំទាវបញ្ជាក់ដោយក្តីក្តុលក្តួលថា ខ្លួនបានតាំងចិត្តជាយូមកហើយថា នៅពេលមានលទ្ធភាព នឹងតបស្នងដល់មន្ទីរពេទ្យនេះវិញ ទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើទៅបាន។ ជាក់ស្តែងថ្ងៃនេះ លោកជំទាវបានបរិច្ចាកថវិកាផ្ទាល់ខ្លួន និង នាំសប្បុរសជន ដែលជាជនបរទេសមកចូលរួមចែករំលែកក្តីលំបាក និង ផ្តល់នូវក្តីស្រលាញ់ដល់កុមារកម្ពុជា តាមរយៈមូលនិធិគន្ធបុប្ផាដោយផ្ទាល់។
លោកជំទាវបានអះអាងថា នឹងបន្តមកបរិច្ចាកថវិកាឱ្យបានញឹកញាប់ ក៏ដូចជាគៀងគរសប្បុរសជនទាំងក្នុង និងក្រៅប្រទេសមកជួយបរិច្ចាកថវិកា ដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផាមានលទ្ធភាពជួយព្យាបាលជំងឺ និងសង្រ្គោះជិវិតជូនកុមារកម្ពុជាតទៅទៀត។
សប្បុរសជនមកពីប្រទេសម៉ាឡេស៊ីបានបង្ហាញពីអារម្មណ៍រំភើបរបស់ខ្លួន បន្ទាប់ពីមើលឃើញ និងបានដឹងពីគុណតម្លៃរបស់មន្ទីពេទ្យគន្ធបុប្ផា ដែលព្យាបាលជំងឺជូនកុមារដោយមិនយកប្រាក់ ដោយលោកស្រីបានលើកឡើងថា ខ្ញុំពិតជារីករាយ ដែលបានចូលរួមបរិច្ចាកថវិកាខ្លះជួយដល់ការសង្រ្គោះជីវិតកុមាររបស់មន្ទីរពេទ្យដ៏អស្ចារ្យមួយនេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុន សុន កណ្ណិកា ខូលអិលធីឌី បានសហការជាមួយដៃគូររោងចក្រដ៏ធំនៅប្រទេសម៉ាឡេស៊ី ផ្តល់សេវាកម្មទទួលធ្វើប្រេនថ្មីលើផលិតផល ថែរក្សាសម្រស់ និងមានពិនិត្យព្យាបាលស្បែកមុខ ព្រមទាំងចែកចាយផលិតផលធម្មជាតិ ថែរក្សាសម្រស់បុរស និងនារីគ្រប់វ័យផងដែរ៕ ដោយ៖ ទីណា