អ៊ុយក្រែនចេញមុខបដិសេធមានជាប់ពាក់ព័ន្ធនឹងករណីស្លាប់កូនស្រីរបស់ទីប្រឹក្សាជើងចាស់លោក ពូទីន
កៀវ៖ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak បានបដិសេធការជាប់ពាក់ព័ន្ធរបស់ប្រទេសលោក ក្នុងករណីស្លាប់របស់នាង Darya Dugina ដែលជាកូនស្រីរបស់ទីប្រឹក្សាជើងចាស់ប្រធានាធិបតីរុស្ស៊ី គឺ លោក Alexander Dugin។
លោក Podolyak បានប្រាប់ទូរទស្សន៍អ៊ុយក្រែនថា ខ្ញុំសូមបញ្ជាក់ថា អ៊ុយក្រែនពិតជាមិនមានអ្វីពាក់ព័ន្ធនឹងរឿងនេះទេ ពីព្រោះយើងមិនមែនជារដ្ឋឧក្រិដ្ឋកម្ម ដូចសហព័ន្ធរុស្ស៊ី ហើយច្បាស់ជាមិនមែនជារដ្ឋភេរវករ។
អ្នកបើកបរឈ្មោះ Darya Dugina ដែលគេស្គាល់ថា ជាកូនស្រីរបស់អ្នកវិភាគនយោបាយរុស្ស៊ីលោក Alexander Dugin ជាមនុស្សជំនិត និងជាទីប្រឹក្សាជើងចាស់របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះរថយន្តមួយគ្រឿងនៅជិតទីក្រុងម៉ូស្គូ កាលពីយប់ថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ។
ឧបទ្ទវហេតុខាងលើនេះ បានកើតឡើងនៅលើផ្លូវហាយវេមួយកន្លែងចម្ងាយប្រហែល ២០គីឡូម៉ែត្រភាគខាងលិចនៃទីក្រុងម៉ូស្គូ នៅម៉ោង ២១ និង ៣៥ នាទី។ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា គ្រឿងផ្ទុះកែច្នៃដោយខ្លួនឯងអាចជាប់ពាក់ព័ន្ធនឹងករណីនេះ ប៉ុន្តែអ្នកស៊ើបអង្កេតមិនទាន់អាចបញ្ជាក់ពីមូលហេតុនៃការផ្ទុះ ឬមូលហេតុណាមួយចំពោះគ្រោះថ្នាក់នេះនៅឡើយទេ៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា