អភិបាលខណ្ឌសែនសុខ ដឹកនាំក្រុមការងារចុះពិនិត្យនិងដាក់គ្រឿងចក្រធ្វើការស្តារប្រឡាយតាមបណ្តោយផ្លូវរថភ្លើង ស្តាររីហ្គារលូដើម្បីឱ្យទឹកហូរបានលឿន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានដឹកនាំក្រុមការងារចុះពិនិត្យនិងដាក់គ្រឿងចក្រធ្វើការស្តារប្រឡាយតាមបណ្តោយផ្លូវរថភ្លើង ស្តាររីហ្គារលូ ដើម្បីនាំទឹកឱ្យហូរបានលឿន និងដើម្បីកាត់បន្ថយការជន់លិចផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ ។
យោងតាមផេកផ្លូវការរបស់រដ្ឋបាលខណ្ឌសែនសុខបានឱ្យដឹងថា ដោយសារយប់មិញមានភ្លៀងធ្លាក់មួយមេធំជាហេតុធ្វើឱ្យមានការដក់ទឹកហូរមិនទាន់នៅតំបន់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈព្រះកុសុមៈ ស្ថិតក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទើបនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដឹកនាំក្រុមការងារចុះពិនិត្យ និងដាក់គ្រឿងចក្រធ្វើការស្តារប្រឡាយតាមបណ្តោយផ្លូវរថភ្លើង ស្តាររីហ្គារលូ ដើម្បីនាំទឹកឱ្យហូរបានលឿនទៅកាន់ស្ថានីយបូមទឹកបុរី ១០០ខ្នង បញ្ជៀសការលិចដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋតំបន់នេះ ។
សូមរំលឹកផងដែរថា កាលពីយប់មិញមានភ្លៀងធ្លាក់មួយមេធំធ្វើឱ្យតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញជន់លិចដោយជំនន់ទឹកភ្លៀង។ ដូច្នេះហើយទើបគេសង្គេតឃើញអាជ្ញាធរខណ្ឌមួយចំនួនបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យនិងដាក់គ្រឿងចក្រដើម្បីកាយប្រឡាយរំដោះទឹកឱ្យហូរបានលឿន និងចុះកាយស្តាររីហ្គារលូណាដែលមានសំរាមកកស្ទះ ៕ ដោយ ៖ តុង សីហា