អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៖ មនុស្ស ៥៧នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៣ ខែសីហា
ភ្នំពេញ ៖ បើយោងតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២២នេះ ថា ជនសង្ស័យ ៥៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ រូបនេះ បានគូសបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង ៥៧នាក់នោះ មាន ១៦នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ ១៤ករណី និងជនសង្ស័យ ៤១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១៣ករណី។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅតាមមូលដ្ឋានរបស់ខ្លួន៕ ដោយ ៖ ឆៃហួត និង ប៊ុនធី