អភិបាលខណ្ឌច្បារអំពៅលោក ចេង មុនីរ៉ា ចុះពិនិត្យការស្ថាបនាផ្លូវបេតុងថ្មីនៅសង្កាត់វាលស្បូវ
ភ្នំពេញ ៖ សមិទ្ធផលថ្មីមួយទៀតបាននិងកំពុងតែចេញរូបរាងជាបណ្ដើរៗ ហើយ គឺផ្លូវបេតុងមួយខ្សែនិងលូរំដោះទឹក១ខ្សែមានប្រវែងជាង ១២០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខមួយ ចូលទៅក្នុងភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដែលជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញផ្តល់ជូនដល់ប្រជាពលរដ្ឋនៅសង្កាត់វាលស្បូវ។
នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារចុះពិនិត្យ ការស្ថាបនាផ្លូវបេតុងថ្មីនេះ ដែលជាចំណងដៃរបស់សាលារាជធានីភ្នំពេញ ផ្តល់ជូនប្រជាពលរដ្ឋនៅសង្កាត់វាលស្បូវក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅទាំងមូល ។
ក្នុងការចុះពិនិត្យសមិទ្ធផលថ្មី ផ្លូវបេតុងមួយខ្សែរួមនឹងលូ១ខ្សែមានមុខកាត់១ម៉ែត្រប្រវែងជាង ១២០០ម៉ែត្រ នេះ លោកអភិបាលខណ្ឌ បានណែនាំ ឲ្យមន្ត្រីជំនាញរួមនិងអាជ្ញាធរមូលដ្ឋានសង្កាត់វាលស្បូវ ត្រូវតាមដានជាប់ជាប្រចាំនៅពេលក្រុមហ៊ុនអនុវត្តគម្រោងរហូតដល់ចប់ជាស្ថាពរ។ ក្នុងនោះដែរ លោកអភិបាលខណ្ឌ បានសុំការយោគយល់ ពីបងប្អូនប្រជាពលរដ្ឋ ដែលពិបាកក្នុងការធ្វើដំណើរនៅគ្រាដែលការដ្ឋានកំពុងដំណើរការសាងសង់។
ផ្លូវបេតុងថ្មីដែលស្ថាបនាជិតរួចរាល់នេះនឹងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ ហើយបងប្អូនប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ មានការត្រេកអរយ៉ាងខ្លាំង ព្រោះកន្លងមកពិបាកធ្វើដំណើរណាស់ ពេលភ្លៀងម្ដងៗ ទឹកលិច បែកភក់ ។ ឥឡូវនេះ បានផ្លូវបេតុងថ្មី ពិតជាមានមោទនភាពណាស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកអភិបាលខណ្ឌ និងអាជ្ញាធរដែនដី ក្នុងការស្វែងរក ប្រភពថវិកាដើម្បីស្ថាបនាផ្លូវបេតុងជូនដល់ប្រជាពលរដ្ឋនៅ ក្នុងភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ៕ ប៊ុនធី-សណ្តោស