រដ្ឋបាលរាជធានីភ្នំពេញ បើកដំណើរការសាងសង់អគាររដ្ឋបាល ក្នុងបរិវេណសាលារាជធានីភ្នំពេញ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បើកដំណើរការសាងសង់អគាររដ្ឋបាល ក្នុងបរិវេណសាលារាជធានីភ្នំពេញ ដើម្បីបម្រើតម្រូវការជាក់ស្តែងក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។
ពិធីក្នុងពាលីតាមបែបសាសនា ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកជំទាវ ជាសីណា ឃួងស្រេង។
ដំណើរការសាងសង់អគារនេះ ប្រព្រឹត្តទៅស្របតាមសេចក្តីត្រូវការ ផ្នែករដ្ឋបាលរាជធានីភ្នំពេញ និងបម្រើប្រជាពលរដ្ឋដែលមកសុំសេវា។ ពិធីក្រុងពាលីនេះ ធ្វើឡើងដើម្បីសុំម្ចាស់ទឹកម្ចាស់ដី និងសេចក្តីសុខសេចក្តីចម្រើន តាមបែបសាសនា បើកការសាងសង់អគារនេះចាប់ពីពេលនេះតទៅ ក្នុងគម្រោងឲ្យរួចរាល់ រយៈពេលជាង៦ខែ ។
នេះគឺជាការគិតគូនិងយកចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង ក្នុងការរៀបចំឲ្យមន្រ្តីមានកន្លែងធ្វើការសមរម្យ ងាយស្រួលបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសស្របពេលដែលរាជធានីភ្នំពេញ កំពុងមានការអភិវឌ្ឍលើគ្របវិស័យនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ មានការកើនឡើងជាលំដាប់ ក្នុងបរិបទនៃការរីកចម្រើន និងសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ លោក ថេត វិចិត្រ + ហេង សម្បត្តិ