ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្ដីពី “ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមសាលារៀន”
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្ដីពី “ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមសាលារៀន” ដែលប្រព្រឹត្ដទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា និងឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅទីស្តីការក្រសួងអប់រំយុវជននិងកីឡានាថ្ងៃទៅ២៤ ខែសីហាឆ្នាំ២០២២ ។
កិច្ចប្រជុំពិភាក្សានេះផ្ដោតទៅលើគោលបំណងសំខាន់ៗ បីគឺ ៖
១. លើកកម្ពស់ការតម្រង់ទិសមូលដ្ឋានផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថលដល់សិស្សានុសិស្សនៅតាមវិទ្យាល័យ ដើម្បីសម្រួលដល់ការសិក្សាថ្នាក់ឧត្ដមសិក្សាលើជំនាញឌីជីថល ។
២. ជំរុញការអភិវឌ្ឍជំនាញ និងការបង្កើនសមត្ថភាពផ្នែកឌីជីថល ដល់អ្នកពាក់ព័ន្ធ (សិស្សានុសិស្ស មន្ត្រីមូលដ្ឋាន ពលករជំនាញ) និងការប្រើប្រាស់ប្រព័ន្ធឌីជីថលដល់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ។
៣. លើកកម្ពស់សហគ្រិនភាព និងធុរកិច្ចថ្មីដល់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ដើម្បីចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ៕ ដោយ-រ៉ាវុធ