សង្គ្រាម៦ខែរុស្ស៊ីគ្មានឃើញសញ្ញាឈ្នះ ប៉ុន្តែបន្សល់ទុកសោកនាដកម្មដល់ប្រជាជនអ៊ុយក្រែន និងមនុស្សជុំវិញពិភពលោក
គិតត្រឹមថ្ងៃទី២៤ខែសីហា មានរយៈពេលកន្លះឆ្នាំ ដែលរុស្ស៊ីដឹកនាំដោយប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានសម្រេចលើកទ័ពចូលលុកលុយប្រទេសអ៊ុយក្រែន ដែលភាគីរុស្ស៊ីហៅថា «ជាប្រតិបត្តិការយោធាពិសេស» ដើម្បីផ្តួលរំលំរដ្ឋាភិបាលអ៊ុយក្រែនដឹកនាំដោយ ប្រធានាធិបតីវ៉ូឡូឌីមៀរ សេឡេនស្គី ដែលបានឡើងកាន់ដំណែងកាលពីឆ្នាំ២០១៩ ដោយចោទប្រកាន់រដ្ឋាភិបាលអ៊ុយក្រែនជាពួកណាស៊ីនិយម។
ក្នុងរយៈពេលកន្លះឆ្នាំ មកនេះ សង្គ្រាមកើតមានតែនៅលើទឹកដីអ៊ុយក្រែនជាពិសេសតំបន់ភាគខាងត្បូងប្រទេស និង ភាគីខាងកើតប្រទេស ប៉ុន្តែឥទ្ធិពលនៃសង្គ្រាមបានជះផលប៉ះពាល់អាក្រក់នៅជុំវិញពិភពលោក។
អាចនិយាយបានថា គ្មានមេដឹកនាំនៃប្រទេសណាមួយ ឬគ្មានមនុស្សដឹងក្តីណាម្នាក់ដែលមិននិយាយ សោះពីសង្គ្រាមនៅអ៊ុយក្រែននេះទេ។ សង្គ្រាមនេះ នាំមកនូវវិបត្តិសង្គមធ្ងន់ធ្ងរ វិបត្តិជនភៀសខ្លួន វិបត្តិស្បៀងអាហារ វិបត្តិប្រេងឥន្ធនៈ វិបត្តិមនុស្សធម៌ វិបត្តិការទូត វិបត្តិពាណិជ្ជកម្ម វិបត្តិដឹកជញ្ជូន និង វិបត្តិសព្វាវុធផ្សេងៗ។
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលចេញផ្សាយនៅថ្ងៃទី២២ខែសីហា
ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ បាននិយាយថា កុមារអ៊ុយក្រែនជិត ១០០០នាក់ត្រូវបានបញ្ជាក់ថាស្លាប់ ឬរងរបួសដោយសារសង្គ្រាមចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនបានចាប់ផ្តើមមក។
ក្នុងរយៈពេល៦ខែនៃសង្គ្រាម ទាហានអ៊ុយក្រែនដែលបាត់បង់ជីវិត មានជិត៩០០០នាក់ ។ នេះតាមសេចក្តីរាយការណ៍របស់ VOA ជាភាសាអង់គ្លេស កាលពីថ្ងៃទី២២ខែសីហា ដោយដកស្រង់ការបញ្ជាក់របស់ឧត្តមសេនីយ៍មេបញ្ជាការអ៊ុយក្រែន លោក Valerii Zaluzhnyi។
សេចក្តីរាយការណ៍នោះ ក៏បានលើកឡើងជនស៊ីវីលបានបាត់បង់ជីវិតមានរហូតដល់ជាង៥៥០០នាក់។ ចំនួនអ្នកស្លាប់ដែលជាកុមារមានយ៉ាងហោចណាស់៩៧២នាក់ ដោយចំនួននេះតំណាងឱ្យតែករណីដែលត្រូវបានផ្ទៀងផ្ទាត់ដោយអង្គការសហប្រជាជាតិ ហើយបានលើកឡើងថាចំនួនពិតទំនងជាមានច្រើនជាងនេះ។ នេះបើតាមរបាយការណ៍របស់អង្គការយូនីសេហ្វ (UNICEF) ដែលទើបចេញរបាយការណ៍។
នាយកប្រតិបត្តិអង្គការ UNICEF លោកស្រី Catherine Russell បានអះអាងនៅក្នុងរបាយការណ៍នោះថា ភាគច្រើននៃអ្នកស្លាប់និងរបួសគឺបណ្តាលមកពីអាវុធជាតិផ្ទុះ ដោយបញ្ជាក់ថា៖«ជាថ្មីម្តងទៀត ដូចជានៅក្នុងសង្គ្រាមទាំងអស់ ការសម្រេចចិត្តដែលមិនប្រុងប្រយ័ត្នរបស់មនុស្សពេញវ័យកំពុងធ្វើឱ្យកុមារប្រឈមនឹងហានិភ័យយ៉ាងខ្លាំង។ គ្មានប្រតិបត្តិការប្រដាប់អាវុធប្រភេទនេះដែលមិនបណ្តាលឲ្យកុមាររងគ្រោះឡើយ»។
លោក Russell បាននិយាយថា លើសពីកុមារដែលត្រូវបានសម្លាប់ ឬរងរបួសក្នុងអំពើហឹង្សា «ស្ទើរតែគ្រប់កុមារទាំងអស់ក្នុងប្រទេសអ៊ុយក្រែន បានប្រឈមមុខនឹងព្រឹត្តិការណ៍ដ៏សោកសៅយ៉ាងខ្លាំង ហើយអ្នកដែលរត់គេចពីអំពើហិង្សា មានហានិភ័យខ្លាំងនៃការបំបែកគ្រួសារ អំពើហិង្សា ការរំលោភបំពាន ការកេងប្រវ័ញ្ចផ្លូវភេទ និង ការជួញដូរ។»
របាយការណ៍អង្គការសហប្រជាជាតិបង្ហាញថា គិតត្រឹមថ្ងៃទី៤ខែកក្កដាប្រជាជនអ៊ុយក្រែនយ៉ាងហោច១២លាននាក់បានធ្វើចំណាកស្រុក ដោយជាង៥លាននាក់បានចាកចេញពីអ៊ុយក្រែន និងទៅតាំងទីលំនៅនៅប្រទេសក្នុងតំបន់អឺរ៉ុប។
ប្រទេសអាមេរិកគឺជាប្រទេសដែលគាំទ្រអ៊ុយក្រែនច្រើនជាងគ្នាក្នុងការចំណាយ និងការទប់ទល់ការរុលទៅមុខរបស់ទាហានរុស្ស៊ី ក្នុងអំឡុងពេល៦ខែកន្លងមកនេះ។
របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រទេសអាមេរិកបានទម្លាក់កញ្ចប់ ជំនួយសន្តិសុខសរុបដល់ប្រទេសអ៊ុយក្រែនមានប្រមាណដល់ទៅ១០,៦ពាន់លានដុល្លារចាប់តាំងពីការចាប់ផ្តើមនៃរដ្ឋបាលនេះ។
«សហរដ្ឋអាមេរិកឈរជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើងមកពីជាង ៥០ប្រទេសក្នុងការផ្តល់ជំនួយផ្នែកសន្តិសុខដ៏សំខាន់ ដើម្បីគាំទ្រដល់ការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែន»។
សង្គ្រាមប្រដាប់អាវុធនៅប្រទេសអ៊ុយក្រែន ក៏បង្កទៅជាសង្គ្រាមការទូតដ៏សហាវផងដែរ។ ចាប់តាំងពីរសង្គ្រាមបានផ្ទុះឡើង សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនដែលភាគច្រើនជាប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់នៅតំបន់អឺរ៉ុបស្ទើរទាំងអស់ បានចូលរួមដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ីដែលធ្វើឱ្យរុស្ស៊ីខឹងយ៉ាងខ្លាំង។
ប្រទេសនៅតំបន់អាស៊ី និងអាហ្វ្រិកធំៗភាគច្រើនដូចជា ចិន ឥណ្ឌា និង ឥណ្ឌូនេស៊ី និងប្រទេសជាច្រើនទៅតំបន់អាស៊ីកណ្តាល និងតំបន់មជ្ឈឹមបូព៌ា មិនបានអនុវត្តការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីនោះទេ លើកលែងសិង្ហបុរីដែលជាប្រទេសតូចប៉ុន្តែរីកចម្រើនផ្នែកសេដ្ឋកិច្ច ជប៉ុន កូរ៉េខាងត្បូង ដែលបានប្រកាសគាំទ្រការដាក់ទណ្ឌកម្មប្រឆាំងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
ប្រទេសរុស្ស៊ីតែងស្វែងរកការបញ្ជាក់ពីចំណងមិត្តភាពរវាងប្រទេសខ្លួន និងប្រទេសអាស៊ីធំៗ តំបន់មជ្ឈឹមបូព៌ា និងតំបន់អាហ្រ្វិក និងដើរពន្យល់ប្រទេសទាំងនោះពីមូលហេតុដែលខ្លួនសម្រេចចិត្តលើកទ័ពចូលអ៊ុយក្រែន ដោយបានចោទប្រកាន់ចំៗលើសហរដ្ឋអាមេរិកដែលជាក្បាលម៉ាស៊ីននៃសម្ព័ន្ធមិត្តយោធាអង្គការណាតូ ដែលធ្វើសកម្មភាពពង្រីកខ្លួនចូលទៅកាន់ប្រទេសក្បែរខាងរបស់រុស្ស៊ី។
ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់អាហ្វ្រិកដោយធ្វើដំណើរទៅកាន់ប្រទេសយ៉ាងហោច៤ មានដូចជាប្រទេសអេហ្ស៊ីប អេត្យូពី អ៊ូហ្គង់ដា និងសាធារណៈរដ្ឋកុងហ្គោ ដោយបានជួបប្រមុខដឹកនាំប្រទេសមួយចំនួនក្រៅពីប្រទេសទាំងបួនតាមរយៈការកិច្ចប្រជុំ នៃប្រទេសសមាជិកនៃសហភាពអាហ្រ្វិក និងស្ថាប័នការទូត (African Union and the diplomatic corps) នៅទីក្រុង Addis Ababa នៃប្រទេសអេត្យូពី កាលពីថ្ងៃទី ២៧ខែកក្កដា ឆ្នាំ២០២២ រដ្ឋមន្ត្រីការបរទេស Sergey Lavrov បានរៀបចំសេចក្តីថ្លែងការណ៍ពន្យល់មូលហេតុយ៉ាងវែងដែលសបញ្ជាក់ពីមូលហេតុដែលអាមេរិកនិងសម្ព័នមិត្តរបស់អាមេរិកជាដើមចមនៃសង្រ្គាម។
ប៉ុន្តែរាល់វត្តមានរុស្ស៊ីទៅដល់ទីណា សហរដ្ឋអាមេរិកគឺតែងទៅដល់ទីនោះ ជាស្តែង ប្រហែលជាង១០ថ្ងៃក្រោយមក រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប៊្លីនកែន (Anthony Blinken) បានទៅដល់អាហ្វ្រិកខាងត្បូង និងប្រទេសមួយចំនួនទៀតនៅទីនោះ ដើម្បីពង្រឹងសម្ព័ន្ធមិត្តរបស់ខ្លួន។
នៅពេលដែលវត្តមានប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) មានវត្តមាននៅតំបន់មជ្ឈឹមបូព៌ាកាលពីពាក់កណ្តាលខែមិថុនសម្រាប់ទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល អារ៉ាប៊ី សាអ៊ូឌីត ដើម្បីពង្រឹងប្រទេសសម្ព័ន្ធមិត្តក្នុងតំបន់ផលិតប្រេង ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក៏បានបំពេញទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់ដែលជាគូសត្រូវអាមេរិកក្នុងមួយសប្តាហ៍ក្រោយមក។
ចាប់តាំងពីសង្គ្រាមកើតឡើង អង្គការសហប្រជាជនបានខ្វល់ខ្វាយចំពោះភាពអត់ឃ្លានរបស់ជនស៊ីវិលនៅប្រទេសជាច្រើនជាពិសេសប្រទេសនៅតំបន់អាហ្វ្រិក និងមជ្ឈឹមបូព៌ាដែលគ្មានលទ្ធភាពផលិតស្បៀង និងពឹងផ្អែកលើកការនាំចូលពីប្រទេសអ៊ុយក្រែងនិងរុស្ស៊ីសម្រាប់ចម្អែតក្រពះ។ តាមអង្គការសហប្រជាជាតិ មនុស្សយ៉ាងហោចណាស់៥០លាននាក់ប្រឈមការអត់ឃ្លានដោយសារខ្វះខាតស្បៀង ការឡើងថ្លៃស្បៀង និងការខ្វះខាតថាមពល។
អង្គការសហប្រជាជននិងប្រទេសតួកគីដែលជាសមាជិករបស់អង្គការណាតូដែរ បានផ្តួចផ្តើមឱ្យអ៊ុយក្រែននិងរុស្ស៊ីចរចាដើម្បីរកច្រកចេញសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិពីប្រទេសអ៊ុយក្រែនដែលជាប់គាំងក្នុងឃ្លាំងប្រមាណ២២លានតោនដោយសារតែរុស្ស៊ីខ្ទប់ច្រកនាំចេញតាមសមុទ្ទខ្មៅ។ ជាលទ្ធផលភាគីទាំងពីរបានចុះហត្ថលេខានាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនកាលពីថ្ងៃទី២២ខែកក្កដា។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ចាប់តាំងពីចុះហត្ថលេខាមក ការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនមានចំនួន៧១៩៥៤៩ តោន ដែលមានកប៉ាល់ដឹកចំនួន៣៣គ្រឿង។ តាមរយៈការនាំចេញនោះ ស្ថានភាពស្បៀងអាហារនៅក្នុងសកលលោកហាក់មានភាពប្រសើរឡើង។
សង្គ្រាមនៅអ៊ុយក្រែនហាក់មានលំនឹងបន្តិច ក្រោយប្រទេសអ៊ុយក្រែនទទួលបានអាវុធទំនើបៗពីសហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធមិត្តនៃអង្គការណាតូ ដើម្បីវាយបកទៅលើកងទ័ពរុស្ស៊ី ហើយលទ្ធភាពរុលទៅមុខរបស់កងទ័ពរុស្ស៊ីហាក់នៅទ្រឹង ព្រមទាំងបោះបង់តំបន់កាន់កាប់ខ្លះផង។ នេះបើយោងតាមសេចក្តីរាយការណ៍ជាច្រើន។
សេចក្តីរាយការណ៍ចុងក្រោយរបស់ភ្នាក់ងារព័ត៌មានរុស្ស៊ី TASS កាលពីថ្ងៃទី២៤សីហា ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ដែលតែងតែគាំទ្ររុស្ស៊ី បាននិយាយថា «ការប្រគល់គ្រីមេទៅអ៊ុយក្រែនវិញ ដែលវាជាផ្នែកមួយដែលមិនអាចកាត់ចេញបាន គឺជាតម្រូវការចាំបាច់នៃច្បាប់អន្តរជាតិ»។
ប្រទេសរុស្ស៊ីអាចនិងបោះបង់សង្គ្រាមដែលមើលមិនឃើញពីជ័យជម្នះ ងាកទៅរកតុចរចាបញ្ចប់សង្គ្រាម ដែលមានការរំពឹងទុកខ្ពស់សម្រាប់ការចរចានៅក្នុងកិច្ចប្រជុំនៅប្រទេសឥណ្ឌូនេស៊ីដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ G20 នៅពាក់កណ្តាលខែវិច្ឆិការខាងមុខនេះ៕