មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ រំលឹកអំពីសាមគ្គីភាពផ្ទៃ ក្នុង ដល់អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលទើបប្រកាសចូលកាន់តំណែង
ស្ទឹងត្រែង៖ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួង មហាផ្ទៃ តំណាងសម្តេក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃ គណៈអភិបាលខេត្តស្ទឹងត្រែងប្រាំមួយរូប កាល រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តស្ទឹងត្រែង ។ពិធីនេះក៏មានការអញ្ជើញចូលរួមពី ប្រធាន ក្រុមប្រឹក្សា ខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ,អភិបាលខេត្ត ស្ទឹងត្រែង ឯកឧ្តម ស្វាយ សំអ៊ាង ,ប្រធានអង្គភាព កងកម្លាំងទាំង៣ ,អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ និងមន្ត្រីខេត្ត ក្រុង ស្រុក ។
មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានរំលឹកនិងផ្តាំផ្ញើដល់អភិបាលរង នៃ គណៈអភិបាលខេត្តស្ទឹងត្រែង ដែលទើបត្រូវបាន ផ្ទេរភារកិច្ច និងការតែងតាំងមុខតំណែងថ្មីទាំងអស់ ត្រូវចេះរួមសាមគ្គីគ្នា និងធ្វើការងាររួមគ្នា បន្ទាប់ពី រាជរដ្ឋាភិបាល បានផ្តល់ទំនុកចិត្ត និងប្រគល់ភារកិច្ច សម្រាប់ការអនុវត្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបម្រើ ឧត្តមប្រយោជន៍ជាតិ និងប្រជាជននៅក្នុងមូលដ្ឋាន ឲ្យមានប្រសិទ្ធភាពខ្ពស់។ត្រូវមានការថ្លឹងថ្លែង ឲ្យបានគ្រប់ជ្រុងជ្រោយ ។
គួរបញ្ជាក់ថា អភិបាលរងខេត្ត ដែលត្រូវ ប្រកាស ចូលកាន់មុខតំណែង នាពេលនោះ មានចំនួនប្រាំមួយរូប គឺ ១.លោក ចៅ មុន្នីរ៉ា ពីមុនជានាយករដ្ឋបាលខេត្ត ,២.លោក ថោង ស្រាន់ ពីមុនជាអភិបាលស្រុកសៀមបូក ,៣.លោក ធូ ចាន់ពៅ ពីមុនជាក្របខ័ណ្ឌ មន្ត្រីគ្រប់គ្រង រដ្ឋបាល ក្រសួងមុខងារសាធារណៈ ,៤.លោក គិត ទី្រ ពីមុនជាអភិបាលរងខេត្តរតនគិរី,៥.លោក យីម ដន ពីមុនជាអភិបាលរងខេត្តរតនគិរី និង ៦.លោក ប៉ែន លីណា ពីមុនជាអភិបាលរងខេត្តក្រចេះ ៕
ដោយ៖ឡុង សំបូរ