កម្ពុជា ស្វាគមន៍ការបើកការិយាល័យពាណិជ្ជកម្មនៅស្ថានទូតតួកគី ដែលនឹងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ភ្នំពេញ៖ កម្ពុជា ស្វាគមន៍នូវការបើកការិយាល័យពាណិជ្ជកម្មនៅស្ថានទូតតួកគី ដែលនឹងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងទ្វេភាគី ទាំងក្នុងក្របខណ្ឌតំបន់ និងក្នុងក្របខណ្ឌពិភពលោក ។ នេះជាការបញ្ជាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអនុញាតិឱ្យលោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួបនេះថា លោកជំទាវ Ulku Kocaefe បានគោរពនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីតួកគី ជូនសម្ដេចតេជោ ហើយគោរពប្ដេជ្ញាចិត្តថា បេសកកម្មរបស់លោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជា គឺដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងមិត្តភាពរវាងប្រទេសទាំងពីរផង ។ ក្នុងន័យនេះ ការិយាល័យពាណិជ្ជកម្ម នឹងបើកឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងទ្វេភាគី ទាំងក្នុងក្របខណ្ឌតំបន់ និងក្នុងក្របខណ្ឌពិភពលោក ។
លោកជំទាវ Ulku Kocaefe បានបន្តថា ប្រទេសយើងទាំងពីរ នៅមានសក្ដានុពលច្រើនសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយកិច្ចព្រមព្រៀងមួយចំនួន ដែលបានចុះហត្ថលេខាហើយ ដូចនេះ លោកជំទាវនឹងទាញយកសក្ដានុពលទាំងនោះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរជូនចំពោះលោកជំទាវ Ulku Kocaefe ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីរបស់សាធារណរដ្ឋតួកគីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះលោកជំទាវផងដែរ ដែលបាននាំនូវការសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី ជូនចំពោះសម្ដេច ហើយសម្ដេច បានយល់ស្របជាមួយលោកជំទាវដែលថាប្រទេសយើងទាំងពីរ នៅមានសក្ដានុពលជាច្រើន សម្រាប់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ។ ក្នុងន័យនេះ សម្ដេចតេជោ បានស្វាគមន៍ការិយាល័យពាណិជ្ជកម្មនៅស្ថានទូតតួកគី ហើយសង្ឃឹមថា ការិយាល័យពាណិជ្ជកម្ម នឹងធ្វើការសិក្សាស្វែងយល់រាល់កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត ។
សូមរំលឹកថា កម្ពុជា-តួកគី បានប្តេជ្ញាសម្រេចឱ្យបានដល់គោលដៅចំនួន១ពាន់លានដុល្លារអាមេរិកនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសតួកគី ជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងដំណើទស្សនកិច្ចនៅសាធារណរដ្ឋតួកគី ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែកុម្ភៈ ឆ្នាំ២០២២។
បើតាមព័ត៌មានពីក្រសួងការបរទេស បានឱ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបសន្ទនាជាផ្លូវការជាមួយឯកឧត្តម Mevlut çavusoglu ហើយភាគីទាំងពីរ បានសម្ដែងនូវសេចក្តីរីករាយចំពោះការចូលជាធរមាន នៃកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគទៅវិញទៅមក និងបានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចចម្រុះលើកទី៣ សំដៅស្វែងរកសកម្មភាពជាក់ស្ដែង ដើម្បីសម្រេចឱ្យបានដល់គោលដៅចំនួន ១ពាន់លានដុល្លារអាមេរិកនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ឱ្យស្របតាមសក្តានុពលសេដ្ឋកិច្ចដែលមាននៅក្នុងប្រទេសទាំងពីរ ។
រដ្ឋមន្ត្រីទាំងពីរ បានវាយតម្លៃខ្ពស់ និងបានសម្តែងឆន្ទៈយ៉ាងមោះមុតក្នុងការស្វែងរក ក៏ដូចជាពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ សមស្របទៅនឹងសក្តានុពលនៃប្រទេសទាំងពីរក្នុងវិស័យពាណិជ្ជកម្ម អប់រំ បណ្ដុះបណ្ដាល សុខាភិបាល វាយនភណ្ឌ ដឹកជញ្ជូន សំណង ថាមពល កសិកម្ម ជួសជុលនិងថែទាំ ទេសចរណ៍ និងការដោះមីន ៕ ដោយ វណ្ណលុក