សំណុំរឿងអំពើហិង្សា:បុរសជនជាតិហ្វីលីពីន ត្រូវតុលារការ សម្រេចផ្តន្ទាទោស ជាប់គុក ១០ឆ្នាំ

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ បានប្រកាសសាលក្រម និងបានសម្រេចផ្តន្ទាទោស បុរសជាប់ចោទម្នាក់ ជាជនជាតិហ្វីលីពីន ដាក់គុកកំណត់ ១០ឆ្នាំ ដោយជាប់ពាក់ព័ន្ធនឹងអំពើហិង្សា ចាក់សម្លាប់ប្អូនស្រីបង្កើត និងប្អូនថ្លៃប្រុសចំនួន២នាក់ (ប្តីប្រពន្ធ) បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម ដោយសារតែរឿងជម្លោះពាក្យសម្តីគ្នា ប្រព្រឹត្តកាលពីខែកញ្ញា ឆ្នាំ២០២១ នាពេលកន្លងទៅ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកស្រីចៅក្រម យី សុខវួច ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹង នៅក្នុងអង្គសវនាការថា ជនជាប់ចោទ រូបនេះ ឈ្មោះ Yabes Fermin JR Suyat ភេទប្រុស អាយុ ៥៩ឆ្នាំ ជាជនជាតិហ្វីលីពីន និងមានមុខរបរ មុនចាប់ខ្លួន ជាពាណិជ្ជករ រស់នៅផ្ទះលេខ២៥ ផ្លូវ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកស្រីចៅក្រម យី សុខវួច បានថ្លែងបន្តថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទ ឈ្មោះ Yabes Fermin JR Suyat ត្រូវបានជាប់ចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពជនរងគ្រោះ តាមបញ្ញត្តិមាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ជនជាប់ចោទ រូបនេះ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីរូបគាត់ ចាក់សម្លាប់ជនរងគ្រោះ ទាំង២នាក់ បណ្តាលឱ្យស្លាប់ យ៉ាងអាណោចអាធ័ម ដោយសារតែជម្លោះពាក្យសម្តីនឹងគ្នា នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះលេខ២៥ ផ្លូវ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ៕ ដោយ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner