ក្រុមហ៊ុន H&MGroup និងអង្គការ WWF សាកល្បងដាក់ដំណើរការកម្មវិធីបញ្ញាសិប្បនិម្មិត ដើម្បីជួយកាត់បន្ថយសម្ពាធលើព្រៃឈើធម្មជាតិនៅកម្ពុជា
ភ្នំពេញ៖ កម្មវិធីថ្មីមួយដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញា សិប្បនិមិត្ត ឈ្មោះថា “Wood AI” ត្រូវបានដាក់ឱ្យ ដំណើរការនៅថ្ងៃទី ២៥ខែសីហានេះ ដើម្បីគាំទ្រដល់ រោងចក្រកាត់ដេរនិងវិស័យវាយនភ័ណ្ឌក្នុងការកាត់បន្ថយសម្ពាធលើព្រៃឈើធម្មជាតិនៅកម្ពុជា។ នេះជា កិច្ចសហការដ៏ប្រសើរមួយក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាដោយភាពច្នៃប្រឌិតរវាងក្រុមហ៊ុនH&M Group និង អង្គការWWF នៅកម្ពុជា។

ក្នុងព្រឹត្តិការណ៍នេះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថានបានមានប្រសាសន៍ថា៖«ក្រសួងបរិស្ថានសូមសាទរ ចំពោះការដាក់ឱ្យប្រើប្រាស់នូវកម្មវិធីបញ្ញា សិប្បនិម្មិត(AI)សម្រាប់អត្តសញ្ញាណកម្មប្រភេទឈើដែលត្រូវបានបង្កើតឡើងក្រោមភាពជាដៃគូនៃក្រុមហ៊ុន H&M Groupនិងអង្គការWWF។

ឯកឧត្តមបន្តទៀតថា៖«យើងសូមកោតសរសើរចំពោះគំនិតផ្តួច ផ្តើមប្រកបដោយភាពច្នៃប្រឌិតនេះពីសំណាក់ អង្គការWWF និង ក្រុមហ៊ុន H&M Groupហើយសូម ស្វាគមន៍ចំពោះការប្តេជ្ញា ចិត្តរបស់ក្រុមហ៊ុន H&M Group ក្នុងការរួមចំណែកដោះស្រាយបញ្ហានៃ ការ ប្រែប្រួល អាកាសធាតុនិងក្នុងការចូលរួមកាត់បន្ថយ សម្ពាធលើព្រៃឈើធម្មជាតិក្នុងខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន។»

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍បន្ថែមទៀតថា៖ «កម្មវិធី WoodAIគឺជាការរួមចំណែកដ៏សំខាន់ មួយ ក្នុង ការដោះស្រាយកត្តាចម្បងៗមួយចំនួនដែល បង្កឱ្យ មានការកាប់បំផ្លាញព្រៃឈើ។ក្រសួងសូមលើកទឹកចិត្ត ដល់ក្រុមហ៊ុនផលិតសម្លៀកបំពាក់ដទៃៗទៀតអនុវត្តតាមគំរូនេះ និងចូលរួមក្នុងកិច្ចការពារ និងថែរក្សាធនធាន ព្រៃឈើធម្មជាតិ និងសត្វព្រៃ ដើម្បីជាប្រយោជន៍យូរ អង្វែង សម្រាប់មនុស្ស និងធម្មជាតិ។»

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវផងដែរដល់ វិស័យឯកជនឲ្យចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើក កម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ដែលរស់នៅក្នុងនិង ជុំវិញ តំបន់ការពារ ធម្មជាតិ។ក្រុមហ៊ុនទាំងអស់ក៏ត្រូវ បាន លើកទឹកចិត្តឱ្យរួមចំណែកអនុវត្តសកម្មភាព នានា តាមលទ្ធភាពដែលខ្លួនធ្វើបានក្នុងការជួយកាត់បន្ថយសម្ពាធលើព្រៃឈើធម្មជាតិ។ រាជរដ្ឋាភិបាលកម្ពុជាគាំទ្រនូវរាល់គំនិតផ្តួចផ្តើមដែលគាំទ្រដល់គោលបំណងនេះ គាំទ្រដល់រាល់គម្រោងមេត្រី ភាពបរិស្ថាន ដែលលើកកម្ពស់ការអនុវត្ត និងការ គ្រប់គ្រង ប្រកបដោយការទទួលខុសត្រូវ និងគាំទ្រដល់ ការអភិរក្ស។

កម្មវិធីWoodAIអាចកំណត់អត្តសញ្ញាណប្រភេទឈើបានរហ័សនិងអាចគាំទ្រដល់រោងចក្រកាត់ដេរបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាកង្វះព័ត៌មានជុំវិញប្រភពជីវម៉ាសដែលពួកគេប្រើប្រាស់។កម្មវិធីនេះអាចកំណត់អត្តសញ្ញាណប្រភេទឈើដោយប្រើទូរស័ព្ទដៃទំនើបនិងកញ្ចក់ម៉ាក្រូនៅច្រកចូលនៃរោងចក្រដើម្បីជួយរោងចក្រក្នុងការត្រួតពិនិត្យមើលដើម្បីធានាថាប្រភេទឈើដែលពួកគេប្រើសម្រាប់ផលិតជាថាមពលក្នុងខ្សែសង្វាក់ផលិតកម្ម អនុលោមតាមគោលការណ៍ របស់ក្រុមហ៊ុន H&M Groupពោលគឺឈើដែលបាន មកពីចម្ការឈើដាំដូចជាស្វាយនិងស្វាយចន្ទីជាដើមដែលអាចជួយធានាថាមិនរួមចំណែកដល់ការកាប់បំផ្លាញព្រៃឈើធម្មជាតិនោះឡើយ។

លោក សេង ទៀក នាយកអង្គការWWFកម្ពុជា បាន មានប្រសាសន៍ថា៖ «បេសកកម្មរបស់ អង្គការWWF នៅកម្ពុជា គឺអភិរក្សធនធានជីវចម្រុះដ៏សម្បូរបែបនៅ ក្នុងប្រទេស។ ព្រៃឈើក្នុងប្រទេសកម្ពុជានៅមានសភាពល្អផ្តល់អំណោយផលជាទីជម្រកធម្មជាតិយ៉ាងសំខាន់សម្រាប់ប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជជាច្រើនប្រភេទ។ ដូច្នេះ ហើយ យើងតែងរិះរកនូវវិធីសាស្រ្ត និងបច្ចេកវិទ្យាថ្មីៗ ប្រកប ដោយការច្នៃប្រឌិត តួយ៉ាងដូចជាកម្មវិធីWoodAI នេះព្រោះវាអាចដើរតួនាទីមួយក្នុងការជួយកាត់បន្ថយសម្ពាធមួយចំនួនដែលកំពុងគំរាមកំហែងដល់ព្រៃឈើធម្មជាតិ។»

ការផ្តល់ដល់រោងចក្រនូវបច្ចេកវិទ្យាដែលរួមចំណែកក្នុងការសម្រេចចិត្តបានកាន់តែប្រសើរគឺជាការបោះជំហានល្អមួយក្នុង ការរួមចំណែកកាត់បន្ថយសម្ពាធលើព្រៃឈើ ការពារជីវចម្រុះដ៏សម្បូរបែប និងឆ្លើយតបនឹងបញ្ហា អាកាសធាតុសកល។ វាជាគន្លឹះចាំបាច់ក្នុងវិស័យ វាយនភ័ណ្ឌដោយថាមពលដែលគេប្រើក្នុងការផលិតសម្លៀកបំពាក់គឺជាកត្តារួមចំណែកធំបំផុតទៅដល់ការបំភាយឧស្ម័នផ្ទះកញ្ចក់។ ថាមពលនេះត្រូវបានគេប្រើក្នុងខ្សែសង្វាក់ផលិតកម្មដូចជាការបោកគក់និងការអ៊ុតសម្លៀក បំពាក់ជាដើម ហើយ ដែលថាមពលនេះមានប្រភពមកពីធ្យូងថ្ម ឧស្ម័ន និង ជីវម៉ាសដូចជាឈើនេះជាដើម។

ការប្រើប្រាស់កម្មវិធីWoodAIជាផ្នែកមួយក្នុងចំណោមវិធីសាស្ត្រផ្សេងៗទៀតរួមគ្នាវាក្លាយជាធនធានដ៏សំខាន់មួយក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងចំការឈើដាំនិងព្រៃឈើធម្មជាតិនៅកម្ពុជាប្រកបដោយការទទួលខុសត្រូវ។ ក្រុមហ៊ុន H&M Groupគាំទ្រគម្រោង បែបនេះក្នុងគោលបំណងរួមចំណែកក្នុងការការពារប្រព័ន្ធអេកូឡូស៊ីព្រៃឈើឱ្យមានគុណភាពល្អដើម្បីបន្ត ស្រូប យកឧស្ម័នកាបូនិក។
ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើមានសារៈសំខាន់ណាស់ក្នុងការរក្សាសីតុណ្ហភាពពិភពលោកឱ្យនៅត្រឹម ១.៥អង្សាសេហើយវាក៏មានសារៈសំខាន់ផងដែរសម្រាប់គោលដៅរបស់ក្រុមហ៊ុន H&M Group ក្នុងការ សម្រេច បានnet-zeroនៅឆ្នាំ ២០៤០។

លោក Christer Horn af Aminne នាយកក្រុមហ៊ុន H&M Groupប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ ថា ៖«វាពិតរំភើប ណាស់សម្រាប់ការសាកល្បងអនុវត្ត បច្ចេកវិទ្យាថ្មីនេះនៅកម្ពុជានិងស្វែងរកនូវវិធីសាស្ត្រថ្មីៗដើម្បីគាំទ្រដល់កិច្ចការរបស់យើងជាមួយបណ្តាក្រុមអ្នកផ្គត់ផ្គង់ ដែលអាចជួយកាត់បន្ថយហេតុប៉ះពាល់អវិជ្ជមាន លើព្រៃឈើធម្មជាតិរបស់កម្ពុជា។»៕ ដោយ៖ ដេប៉ូ