អភិបាលរង នៃគណៈអភិបាលខេត្តកែបចំនួន ៥រូប ត្រូវបានធ្វើពិធីប្រកាសតែងតាំងចូលកាន់តំណែង
ខេត្តកែប ៖ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ចេីញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកែបចំនួន ៥រូប ។ ពិធីនេះរៀវចំឡើង នៅ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នាសាលាខេត្តកែប ។
យោងតាមអនុក្រឹត្យលេខ ៥១៤អនក្រ.តត របស់រាជរដ្ឋាភិបាល សម្រេចតម្លើងឋានន្តរស័ក្តិ លោក យស់ មុន្នី ឋានន្តរស័ក្តិ អនុមន្ត្រី ថ្នាក់លេខ១ ទៅជាឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ និងតែងតាំជាអភិបាលរង នៃគណ:អភិបាលខេត្តកែប ។
អនុក្រឹតលេខ ៦៧០ អនក្រ.តត របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ សម្រេចតែងតាំងមន្ត្រីរាជការចំនួន៤ ដូចមានរាយនាមខាងក្រោមគឺ
១-លោក ហ៊ួរ មិថុនា ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរង នៃគណៈអភិបាលខេត្តកែប
២-លោក អុឹម បញ្ញារិទ្ធិ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៥ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងបរិស្ថាន ជាអភិបាលរង នៃគណៈអភិបាលខេត្តកែប។
៣-លោកស្រី គឹម ចន្នី ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលរង នៃគណៈអភិបាលខេត្តកែប
៤-លោកស្រី ទិត សុខា ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរង នៃគណៈអភិបាលខេត្តកែប។
មានចំណាប់អារម្មណ៍ និងប្តេជ្ញាចិត្ត នាឱកាសនោះ លោក អ៊ឹម បញ្ចរិទ្ធិ អភិបាលរងខេត្តថ្មី តំណាងឱ្យអភិបាលរងខេត្តថ្មីទាំងអស់ បានសម្តែងនូវក្តី កត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់កិត្តិយស និងទំនុកចិត្ត ប្រគល់តួនាទីជាអភិបាលរងខេត្តកែបទាំង៥រូប ដើម្បីរួមចំណែកលើកកំពស់ប្រសិទ្ធិភាពការងារ ពិសេសអភិវឌ្ឍន៍ខេត្តកែប ឲ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានលើកឡើងអំពីសកម្មភាព និងសមិទ្ធផលនានាក្នុងខេត្ត ដែលកើតឡើងពីការខិតខំប្រឹងប្រែងរួមគ្នារវាងថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពជំនាញ ជុំវិញខេត្តផងដែរ ។ លើសពីនេះ ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា កិច្ចការអភិវឌ្ឍន៍ទាំងអស់ គឺមានគោលបំណង បម្រើរផលប្រយោជន៍ទូទៅ បង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ ជាក់ស្តែង អត្រាភាពក្រក្រីរបស់ប្រជាពលរដ្ឋក្នុងខេត្តកែប មានការថយចុះជាលំដាប់ គឺនៅត្រឹមតែ ២,៦១% តែប៉ុណ្ណោះក្នុងឆ្នាំ២០២២ នេះ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការនិងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ដែលខេត្តកែបសម្រេចបាននាពេលកន្លងមក ដោយរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងការធានាបាននូវនិរន្តរភាព ប្រក្រតីភាព នៃស្ថាប័នជាតិ និងរដ្ឋបាលសាធារណៈនានា ។
ឯកឧត្តម បានផ្តាំផ្ញើដល់លោកអភិបាលរងខេត្តថ្មីទាំង៥រូប ឲ្យបន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អទាំងក្នុងគណៈអភិបាល ក្រុមប្រឹក្សា និងមន្ទីរ អង្គភាព ជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ទំនាក់ទំនងល្អជាមួយ រដ្ឋបាល ឃុំ សង្កាត់ សំដៅលើក កំពស់ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋឲ្យកាន់តែមានគុណភាព តម្លាភាព និងប្រសិទ្ធិភាព។
ជាមួយគ្នានេះ រដ្ឋបាលគ្រប់ថ្នាក់ ត្រូវជម្រុញការធ្វើកំណែទម្រង់លើគ្រប់វិស័យ ដោយផ្តោតសំខាន់លើគោលដៅជាយុទ្ធសាស្ត្របីគឺ រួមគ្នាដើម្បីធានាដល់ប្រក្រតីភាពនៃស្ថាប័នជាតិ រដ្ឋបាលសាធារណៈ និងដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា ។ រួមគ្នាបន្តថែរក្សាសន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងជម្រុញការចូលរួមរបស់ប្រជាពលរដ្ឋ ៕Sila Sarin



