អភិបាលរង នៃគណអភិបាលខេត្តកំពត ចំនួន ០៤រូប ត្រូវបានប្រកាសតែងតាំងឲ្យចូលកាន់តំណែង

ខេត្តកំពត ៖ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ចេីញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកំពតចំនួន ០៤រូប កាលពីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តកំពត ។

សូមជំរាបថា មន្ត្រីរាជការចំនួន ០៤រូប ដែលត្រូវបានតែងតាំងឲ្យកាន់តំណែងជាអភិបាលរង នៃគណអភិបាលខេត្តកំពត រួមមាន
១- លោក ពេញ ធារម្យ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ ៦ ជាអភិបាលរងខេត្ត ២- លោក សេន សាប៊ី ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ ៦ ជាអភិបាលរងខេត្ត
៣- លោក ខៀវ រិទ្ធិភ័ណ្ឌ
ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ ១ ជាអភិបាលរងខេត្ត
៤- លោក ង៉ាន់ ថារិទ្ធ ឋានន្តរស័ក វរ:មន្ត្រីថ្នាក់លេខ ៤ ជាអភិបាលរងខេត្ត ។

មានចំណាប់អារម្មណ៍ និងប្តេជ្ញាចិត្ត នាឱកាសនោះ លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តថ្មី តំណាងឱ្យអភិបាលរងខេត្តថ្មីទាំងអស់ បានសម្តែងនូវក្តី កត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់កិត្តិយស និងទំនុកចិត្ត ប្រគល់តួនាទីជាអភិបាលរងខេត្តកំពតទាំង ៤រូប ដើម្បីរួមចំណែកលើកកំពស់ប្រសិទ្ធិភាពការងារ ពិសេសអភិវឌ្ឍន៍ខេត្ត កំពត ឲ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តមបណ្ឌិត ម៉ៅធនិន អភិបាល នៃគណៈអភិបាលខេត្តកំពតបានលើកឡើងអំពីសកម្មភាព និងសមិទ្ធផលនានាក្នុងខេត្ត ដែលកើតឡើងពីការខិតខំប្រឹងប្រែង រួមគ្នារវាងថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពជំនាញ ជុំវិញខេត្តផងដែរ ។ លើសពីនេះ ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា កិច្ចការអភិវឌ្ឍន៍ទាំងអស់ គឺមានគោលបំណង បម្រើរផលប្រយោជន៍ទូទៅ បង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ ជាក់ស្តែង អត្រាភាពក្រក្រីរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត មានការថយចុះជាលំដាប់ ។

ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការនិងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលខេត្តកំពតសម្រេចបាននាពេលកន្លងមក ដោយរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និង ការធានាបាននូវ និរន្តរភាព ប្រក្រតីភាព នៃស្ថាប័នជាតិ និងរដ្ឋបាលសាធារណៈនានា ។

ឯកឧត្តម បានផ្តាំផ្ញើដល់ លោកអភិបាលរងខេត្តថ្មីទាំង ៤រូប ឲ្យបន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អទាំងក្នុងគណៈអភិបាល ក្រុមប្រឹក្សា និងមន្ទីរ អង្គភាព ជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ទំនាក់ទំនងល្អជាមួយ រដ្ឋបាល ឃុំ សង្កាត់ សំដៅលើក កំពស់ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋឲ្យកាន់តែមានគុណភាព តម្លាភាព និងប្រសិទ្ធិភាព។

ជាមួយគ្នានេះ រដ្ឋបាលគ្រប់ថ្នាក់ ត្រូវជម្រុញការធ្វើកំណែទម្រង់លើគ្រប់វិស័យ ដោយផ្តោតសំខាន់លើគោលដៅជាយុទ្ធសាស្ត្របីគឺ រួមគ្នាដើម្បីធានាដល់ប្រក្រតីភាពនៃស្ថាប័នជាតិ រដ្ឋបាលសាធារណៈ និងដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា ។ រួមគ្នាបន្តថែរក្សាសន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងជម្រុញការចូលរួមរបស់ប្រជាពលរដ្ឋ ៕ Sila Sarin

ads banner