លោក ពូទីន ចុះហត្ថលេខាលើក្រឹត្យបង្កើនកងទ័ពជិត ១៤ម៉ឺននាក់បន្ថែម

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីបង្កើនទំហំកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសខ្លួនចំនួន ១៣៧,០០០នាក់បន្ថែមទៀត។

ចំនួនបុគ្គលិកយោធានឹងត្រូវបានកើនឡើងពី ១,០១៣,៦២៨នាក់ ដល់ ១,១៥០,៦២៨នាក់ ដូចដែលមានចែងនៅក្នុងក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដែលបានចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧។
បទបញ្ជាថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៣ខាងមុខ។

ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានឈានដល់រយៈពេល៦ខែហើយ ដោយនៅក្នុងសង្គ្រាមនេះ ភាគីអ៊ុយក្រែនបានទទួលស្គាល់ថា ខ្លួនបានបាត់បង់ជីវិតទាហានប្រហែល ៩,០០០នាក់ ខណៈដែលមន្រ្តីយោធាអាមេរិកក៏បានអះអាងដែរថា រុស្ស៊ីមានទាហានស្លាប់ និងរបួសចន្លោះពី ៧០,០០០ទៅ ៨០,០០០នាក់។

ដោយឡែកអង្គការសហប្រជាជាតិក៏បានឱ្យដឹងផងដែរថា ជនស៊ីវិល ៥,៥៨៧នាក់ត្រូវបានសម្លាប់ និង ៧,៨៩០នាក់រងរបួស ក្នុងអំឡុងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

ចំណែកឯទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានបញ្ជាក់នាពេលថ្មីៗនេះថា កុមារអ៊ុយក្រែនយ៉ាងតិច ៩៧២នាក់ត្រូវបានសម្លាប់ ឬរងរបួស ចាប់តាំងពីរុស្ស៊ីផ្តើមឈ្លានពានលើអ៊ុយក្រែន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner