ប្រមុខ អ.ស.ប ព្រមានពីស្ថានការណ៍គ្រោះថ្នាក់ទាក់ទងនឹងរោងចក្រនុយក្លេអ៊ែរអ៊ុយក្រែន
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូធឺរែស ក្នុងថ្ងៃពុធសប្តាហ៍នេះ បានព្រមានអំពីស្ថានភាពដ៏គ្រោះថ្នាក់ទាំងនៅក្នុង និងជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។
លោក ហ្គូធឺរែស បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ថា ខ្ញុំនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពទាំងនៅក្នុង និងជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ហ្សាប៉ូរីសហ្ស៊ីយ៉ា។
លោក បន្តថា សកម្មភាពណាមួយដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ សុវត្ថិភាព ឬសន្តិសុខនៃរោងចក្រនុយក្លេអ៊ែរ គឺជារឿងមិនអាចទទួលយកបាននោះទេ។ លោកថា សន្តិសុខរោងចក្រត្រូវតែធានា ហើយរោងចក្រត្រូវតែបង្កើតឡើងវិញជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ។
នៅដើមខែសីហានេះ មានរបាយការណ៍គួរឱ្យព្រួយបារម្ភអំពីការកើនឡើង នៃការបាញ់ផ្លោងនៅជុំវិញរោងចក្របានចាប់ផ្តើមលេចចេញជារូបរាង។ ទន្ទឹមគ្នា លោក ហ្គូធឺរែស បានសម្តែងក្តីសង្ឃឹមថា ទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) នឹងអាចបញ្ជូនបេសកកម្មទៅកាន់រោងចក្រ ហ្សាប៉ូរីសហ្ស៊ីយ៉ា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា