អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និងអ្នកនាំ គ.ជ.ប ៖ លោក វិទិត មុនតាប៊ន ហាក់ដូចជាប្រើតែភ្នែក និងត្រចៀកម្ខាង ក្នុងការសរសេររបាយការណ៍
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និងអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានហៅការការទាមទាររបស់លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាន់តែមានពហុភាគីនិយមជាងនេះ គឺគ្មានមូលដ្ឋានទាល់តែសោះ។ ខ្លឹមសារនៃរបាយការណ៍របស់លោក វិទិត មុនតាប៊ន មិនមែនជារបាយការណ៍ ឬខ្លឹមសារ ដែលមានលក្ខណៈប្រជាធិបតេយ្យនោះទេ ហើយលោក វិទិត មុនតាប៊ន ហាក់ដូចជាប្រើតែភ្នែក និងត្រចៀកម្ខាង ក្នុងការសរសេររបាយការណ៍នេះ។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ថា ការទាមទាររបស់លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាន់តែមានពហុភាគីនិយមជាងនេះ គឺគ្មានមូលដ្ឋានទាល់តែសោះ។ សមាសភាព ពហុបក្ស នាពេលបច្ចុប្បន្ននៃស្ថាប័នធម្មនុញ្ញនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាធ្វើកំណែទម្រង់ រវាងគណបក្សដែលមានអាសនៈក្នុងសភាកាលពីឆ្នាំ២០១៥។ សមាជិក គ.ជ.ប. មិនពាក់ព័ន្ធនឹងនយោបាយ ព្រមទាំងត្រូវបានជ្រើសរើសស្របតាមរដ្ឋធម្មនុញ្ញ លើកលែងតែអ្នកដែលបានលាលែងពីតំណែងដើម្បីបំពេញចិត្តគណបក្សនយោបាយដែលតែងតាំងពួកគេ និងត្រូវបានរំលាយតែប៉ុណ្ណោះ។
ចំណែកឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី២៧ ខែសីហានេះថា ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដើម្បីឆ្លយតបទៅនឹងរបាយការណ៍ររបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា គឺមានលក្ខណៈសមស្របទាំងក្របខ័ណ្ឌច្បាប់ និងលក្ខខណ្ឌបច្ចេកទេសនៅក្នុងការអនុវត្តស្តីពីច្បាប់រៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់ច្បាស់អំពីដំណើរការ នៃការជ្រើសរើសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រួមជាមួយនឹងការជ្រើសរើសមន្ត្រីថ្នាក់ក្រោមជាតិរួមមាន គណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោតគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត និងគណៈកម្មការការិយាល័យបោះឆ្នោត ដែលដំណើរការនៃការរៀបចំនេះ គឺឆ្លើយតបទៅនឹងគោលការណ៍ដែលបានបញ្ញត្តិនៅក្នុងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ នៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប ក៏បានចែងលម្អិតអំពីនីតិវិធី នៃការជ្រើសរើសសមាសភាពគណៈកម្មការដែលបានបញ្ជាក់ជូនខាងដើម ដើម្បីធ្វើយ៉ាងណាធានាឱ្យសមាសភាពទាំងអស់ដែលបម្រើការងារនៅគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយឯករាជ្យភាព តម្លាភាព និអព្យាក្រឹត្យ ជាពិសេសគោរពនិងអនុវត្តទៅតាមបញ្ញត្តិដូចមានចែងនៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្រមសីលធម៌មន្ត្រីបោះឆ្នោត រួមជាមួយបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។
ឯកឧត្តមបានបន្តថា ការលើកឡើងរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា គឺគ្រាន់តែជាការលើកឡើងមួយដែលគាត់មិនដែលបានចូលរួមសោះ ហើយក៏មិនបានឃើញជាក់ស្តែងនៅដំណើរការ នៃការរៀបចំសមាសភាពគណៈកម្មការរៀបចំរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដោយគាត់គ្រាន់តែទទួលបានរបាយការណ៍លម្អៀងពីផ្នែកណាមួយ ឬអង្គភាពណាមួយដែលមាននិន្នាការប្រឆាំងទៅនឹង គ.ជ.ប ប្រឆាំងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ លោក វិទិត មុនតាប៊ន គួរមានព័ត៌មានគ្រប់ជ្រុងជ្រោយ មានតុល្យភាពអំពីអ្វីដែលគាត់ទទួលបាន ហើយនឹងអ្វីដែលគាត់ស្នើសុំឱ្យ គ.ជ.ប បានបញ្ជាក់។ អ្វីដែលគួរលើកឡើង គឺលើកឡើងឱ្យមានតុល្យភាពរវាងព័ត៌មានដែលទទួលបាន មិនមែនលើកឡើងតែព័ត៌មានតែម្ខាង ហើយមកសួរ គ.ជ.ប គឺ គ.ជ.ប បកស្រាយយ៉ាងល្អិតល្អន់ហើយ នៅតែមិនព្រមដាក់អ្វីដែលជាការលើកឡើង ការបញ្ជាក់របស់ គ.ជ.ប ដោយនៅតែផ្អែកលើរបាយការណ៍តែម្ខាង។ ករណីនេះ យើងអាចមើលឃើញជំហររបស់អ្នករាយការណ៍ពិសេស និងអាចវាយតម្លៃបានអំពីកិច្ចការដែលគាត់ត្រូវធ្វើ និងភាពលម្អៀង នៃរបាយការណ៍របស់គាត់ហើយ។ អគ្គលេខាធិការរង គ.ជ.ប បានវាយតម្លៃខ្ពស់ចចំពោះការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា គឺមានលក្ខណៈសមស្របទៅតាមបញ្ញត្តិដែលមានចែងនៅក្នុងច្បាប់ រួមជាមួយនឹងគោលការណ៍អនុវត្តទូទៅរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការជ្រើសរើសមន្ត្រីរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់។ ចំពោះស្ថាប័ន គ.ជ.ប ទោះបីជា គ.ជ.ប បានបញ្ជាក់ជូនគាត់រួចហើយក៏ដោយថា សមាសភាព គ.ជ.ប ពីដើមរហូតមកដល់បច្ចុប្បន្ននេះ គឺជាសមាសភាពមួយដែលត្រូវបានជ្រើសរើសឡើងដោយគោរព និងអនុវត្តទៅតាមបញ្ញត្តិចែងក្នុងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែគាត់មិនបានយកការបញ្ជាក់បំភ្លឺរបស់ គ.ជ.ប យកទៅដាក់នៅក្នុងរបាយការណ៍របស់គាត់ទេ។ ដូច្នេះយើងអត់មានអ្វីប្លែកចំពោះរបាយការណ៍នេះទេ ដែលអាចវាយតម្លៃថា របាយការណ៍នេះ គឺលម្អៀងទៅក្រុមម្ខាង។
ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨កន្លងមកនេះ គឺជាការសម្តែងឆន្ទៈរបស់ប្រជាពលរដ្ឋដែលបានផ្តល់ទំនុកចិត្តលើគណបក្សនយោបាយតែមួយគត់ក្នុងការដឹកនាំរាជរដ្ឋាភិបាល។ ការលើកឡើងរបស់លោក វិទិត មុនតាប៊ន គឺជាការលើកឡើងដែលប្រមាថលើឆន្ទៈប្រជាពលរដ្ឋខ្មែរដែលចូលរួមជ្រើសរើសតំណាងស្របច្បាប់របស់ខ្លួនក្នុងការដឹកនាំរាជរដ្ឋាភិបាល។ ឯកឧត្តមគាំទ្រចំពោះការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ពីព្រោះគេមិនអាចមើលឃើញ ឬដឹងមុនអំពីលទ្ធផលនៃការបោះឆ្នោតនោះទេ។ លទ្ធផលនៃការបោះឆ្នោត គេអាចដឹងនៅពេលដែលគេរាប់សន្លឹកឆ្នោត ហើយមើលឃើញការគូសន្លឹកឆ្នោតគាំទ្ររបស់អ្នកបោះឆ្នោតទៅលើគណបក្សដែលខ្លួនពេញចិត្ត។ លទ្ធផលនៃការបោះឆ្នោតវាបានសម្តែងចេញអំពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរដែលផ្តល់ទំនុកចិត្តលើគណបក្សតែមួយក្នុងការដឹកនាំរាជរដ្ឋាភិបាល។ លោក វិទិត មុនតាប៊ន គឺជាបុគ្គលមិនមែនជាប្រជាធិបតេយ្យទេ ពីព្រោះគាត់និយមមតិភាគតិច ប៉ុន្តែប្រជាធិបតេយ្យគេសំដៅទៅលើភាគច្រើនដាច់ខាត ហើយគាត់ប្រមាថធ្ងន់ធ្ងរទៅលើឆន្ទៈប្រជាពលរដ្ឋខ្មែរដែលចូលរួមនៅក្នុងជ្រើសរើសតំណាងស្របច្បាប់ក្នុងការដឹកនាំរាជរដ្ឋាភិបាល។ ខ្លឹមសារនៃរបាយការណ៍របស់លោក វិទិត មុនតាប៊ន មិនមែនជារបាយការណ៍ ឬខ្លឹមសារដែលមានលក្ខណៈប្រជាធិបតេយ្យនោះទេ។ លោក វិទិត មុនតាប៊ន ហាក់ដូចជាប្រើតែភ្នែក និងត្រចៀកម្ខាង ក្នុងការសរសេររបាយការណ៍នេះ៕
ដោយ៖ពលជ័យ