រដ្ឋបាលខេត្តសៀមរាបបើកកិច្ចប្រជុំពាក់ព័ន្ធនឹងករណីបំផុសបំផុលប្រជាពលរដ្ឋដោយតាំងខ្លួនជាតួអង្គព្រហ្ម របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅភូមិសរសើ
សៀមរាប៖ កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ ដោយយោងតាមសារាចរអន្តរក្រសួងលេខ ០០៣ ស.រ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៩ របស់ក្រសួងមហាផ្ទៃ និងក្រសួងធម្មការ និងសាសនា ស្តីពីសកម្មភាពនិងការប្រតិបត្តិនៃសាសនានានា ក្នុងព្រះរាជាណាចក្រកម្ពុជាផងនោះ ទើបរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពាក់ព័ន្ធ និងករណីបំផុសបំផុលប្រជាពលរដ្ឋដោយតាំងខ្លួនជាតួអង្គព្រហ្ម របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅភូមិសរសើ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅក្នុងអំឡុងពេលពីរបីថ្ងៃកន្លងមកនេះ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានមកស្នាក់នៅក្នុងដីចំការម្រេចផ្ទាល់ខ្លួន ស្ថិតនៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានតាំងខ្លួនជាតួអង្គព្រហ្ម ( ពួកអមនុស្ស អំបូរទេវតា ដើប្បីបំផុសបំផុលប្រជាពលរដ្ឋទូទាំងក្នុងប្រទេសនិងក្រៅប្រទេស ថានឹងមានអភូតហេតុ រញ្ជួយផែនដីនឹងកើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឲ្យប្រជាពលរដ្ឋនាំគ្នាប្រញាប់ ប្រញាល់រត់មកជ្រកកោននៅម្ដុំដីចំការរបស់គាត់ (ជើងភ្នំគូលែន ) ពិសេសមកនៅក្នុងខេត្តសៀមរាបតែម្តង ទើបអាចរួចគ្រោះបាន ។
ករណីនេះ ជាការបំផុសបំផុល ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និង ធ្វើឲ្យមានចលាចលផ្សេង ៗ កើតឡើង ព្រមទាំងធ្វើឲ្យប្រជាពលរដ្ឋខាតបង់ផលប្រយោជន៍ធំផងដែរ ។ ផ្អែកតាមខ្លឹមសារសារាចរអន្តរក្រសួងលេខ ០០៣.ស.រ យោងខាងលើ បានចែងថា ( ហាមធ្វើសកម្មភាពខុសឆ្គង តាំងខ្លួនជាអ្នកមានបុណ្យ ឬ ជាព្រះបាទធម្មិក ដោយយកព្រះនាម ព្រះពុទ្ធសាសនារបស់រដ្ឋមកបាំងបិទមហិច្ឆតាផ្ទាល់ខ្លួន ដើម្បីផលប្រយោជន៍ណាមួយ។ ម៉្យាងទៀត ផ្អែកតាមការណែនាំផ្ទាល់របស់ឯកឧត្តម នាយកខុទ្ទកាល័យក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា រាល់សកម្មភាពសាសនាដែលមានការចូលរួមមនុស្សលើសពី ១០០នាក់ រហូតដល់១០០០នាក់ ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ហើយអាចធ្វើបានតែក្នុងវត្តអារាម ឬទីតាំងសាសនា ដែលស្របច្បាប់តែប៉ុណ្ណោះ។ បច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋបានកើនពីមួយថ្ងៃទៅមួយថ្ងៃប្រមាណជាង ២ម៉ឺននាក់ហើយ ដែលជឿលើលោក ខឹម វាសនា ប្រធានគណបក្សសម្ពន័្ធដើម្បីប្រជាធិបតេយ្យ បានលើកឡើងថា រលកស៊ូណាមិធំណាស់កំពុងតែហូរហើយ ព្រោះជិតបាក់ចន្លោះប្រហោងដែលមនុស្សជីកកកាយបំផ្លាញពិភពលោកហើយ។
ជុំវិញករណីខាងលើនេះ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចក្តីប្រកាសណែនាំថ្មីៗនេះថា ស្ថានទូតបានទទួលព័ត៌មានអំពីការឃោសនាប្រជាភិថុតិបែបអបិយជំនឿប្រាសចាកពីការពិត ដែលបានបំផុសបំផុលឱ្យបងប្អូនខ្មែរដែលកំពុងបម្រើការងារ និងរស់នៅសាធារណរដ្ឋកូរ៉េ មានការភិតភ័យ និងបោះបង់ចោលការងារ និងទ្រព្យសម្បត្តិ ហើយវិលត្រឡប់ទៅកម្ពុជាវិញយ៉ាងតក់ក្រហល់។ ស្ថានទូត សូមអំពាវនាវដល់សាធារណជនដែលកំពុងរស់នៅធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ ដូចខាងក្រោម៖១. ស្នើបងប្អូនខ្មែរកុំជឿលើការញុះញង់តាមលក្ខណៈប្រជាភិថុតិរបស់ជនអគតិមួយចំនួន អោយ បោះបង់ចោលការងារដែលជាប្រភពចំណូលដ៏ចម្បងសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ និងការកសាងអនាគត ទៅថ្ងៃខាងមុខ។ ២. ការវិលត្រលប់ទៅកម្ពុជាយ៉ាងប្រញាប់នេះ ដោយមិនបានទទួលការអនុញ្ញាតពីនិយោជក គឺជាអំពើខុសច្បាប់ ហើយបងប្អូនប្រឈមនឹងការបាត់បង់ការងារនិងផលប្រយោជន៍ កិត្តិយស កេរ្តិ៍ឈ្មោះ និងប៉ះពាល់ដល់ឱកាសការងារសម្រាប់បងប្អូនពលករខ្មែរដទៃទៀតទៅថ្ងៃអនាគត ព្រមទាំងធ្វើឱ្យសង្វាក់ ផលិតកម្មរបស់និយោជកកូរ៉េរងនូវផលប៉ះពាល់ផងដែរ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ សូមធ្វើការពិចារណាឱ្យបានម៉ត់ចត់ ជៀសវាង ការជឿទៅលើសំដីបំផុសបំផុលទាំងនោះ ដែលនាំមកនូវការបាត់បង់ផលប្រយោជន៍ផ្ទាល់របស់បងប្អូន នាពេលអនាគត៕ ដោយ៖ ស៊ាន សុផាត