សមាគម ចលនាយុវជនកម្ពុជាក្រុម១៥៧ ខេត្តកំពង់ឆ្នាំង និង លោកជំទាវអនុរដ្ឋលេខាធិការក្រសួងអប់រំ នាំយកសម្ភារៈសិក្សា ថវិកា និង កង់ ជូនដល់សិស្សសាលាបឋមសិក្សាភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ
ខេត្តកំពង់ឆ្នាំង ៖ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួង អប់រំយុវជននិងកីឡា អមដំណើរដោយឯកឧត្តម កែវ សុវណ្ណារ៉ា ប្រធានកិត្តិយស និងលោក គូ ដារា ប្រធានប្រតិបត្តិ ព្រម
ទាំងសមាជិក សមាជិកា សមាគម
ចលនាយុវជនកម្ពុជា ក្រុម១៥៧ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បាននាំយក អំណោយជាសម្ភារៈសិក្សា ថវិកា និងកង់ ទៅជួយឧបត្ថម្ភដល់សិស្សសាលាបឋមសិក្សា ភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ។
ឯកឧត្តម កែវ សុវណ្ណារ៉ា ប្រធានកិត្តិយ សសមាគមចលនាយុវជនក្រុមកម្ពុជា ១៥៧ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា៖ ដោយទទួលនូវការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ម៉ឹង ពន្លក ស្តីពីការធ្វើមនុស្សធម៌ ជួយដល់គ្រួសាររងគ្រោះ ពិសេសត្រូវយកចិត្តទុកដាក់លើកុមារ តាមសាលារៀន ថ្ងៃនេះក្រុមចលនាយុវជនកម្ពុជា ១៥៧ ខេត្តកំពង់ឆ្នាំង បានអមដំណើរ លោកជំទាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ នាំយកសម្ភារៈសិក្សា ថវិកា និងកង់ មកផ្ដល់ជូនដល់សិស្សដែលកំពុងជួបការខ្វះខាត នៅសាលាបឋមសិក្សាភូមិកងមាស ។
អំណោយដែលបានចែកជូននៅពេល
នេះចំនួន ៨៤នាក់ក្នុងម្នាក់ៗទទួល
បានសៀវភៅ ១០ក្បាល ប៊ិច ២ដើម
ខ្មៅដៃ បន្ទាត់ ជ័រលុប និងថវិកា ៦ពាន់រៀល ,លោកគ្រូអ្នកគ្រូ លោកមេភូមិនិងក្រុមការងារ ព័ត៌មានយុវជនគណៈបក្ស សរុបចំនួន ១២នាក់ ក្នុងម្នាក់ៗ ៤ម៉ឺនរៀល និង ផ្តល់កង់ដល់សិស្សក្រីក្រចំនួន ៣នាក់ ម្នាក់ៗបានកង់១គ្រឿងនិងថវិកា ២ម៉ឺន៦ពាន់រៀល ។ ជួយថ្លៃចាក់ដីក្នុងទីធ្លាសាលារៀនចំនួន ៦០ម៉ឺន ។
សរុបថវិកា ដែលបានពីសមាគមន៍ចលនាយុវជនកម្ពុជា ក្រុម១៥៧ និង លោកជំទាវនាពេលនេះប្រមាណ ៤លានរៀល។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា៖ ដោយសារតែសន្តិភាពទើបមានការរីកចម្រើន ដូចដែលសាលាក្មួយៗកំពុងរៀនក្នុងអគារថ្មនៅទីនេះ ដោយសារមានសន្តិភាព ទើបយើងមានឱកាស ឲ្យក្មួយៗបានចូលរៀន។ ទាំងនេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដឹកនាំយ៉ាងត្រឹមត្រូវ និងបានផ្តោតជាសំខាន់ទៅលើវិស័យអប់រំ ។
អំណោយដែលក្រុមចលនាយុវជនកម្ពុជាយកមកចែកជូននៅពេលនេះ គឺអាចជួយសម្រាលទុក្ខលំបាករបស់ក្មួយៗ បានមួយគ្រាដែរ។ ចំណែកឯ ក្មួយៗក្រីក្រ មានផ្ទះនៅឆ្ងាយ ចំនួន៣នាក់ ទទួលបានកង់មួយគ្រឿងក៏អាចជួយសម្រួលឱ្យក្មួយជិះមករៀនសូត្របានងាយស្រួល និងគេ។
សូមក្មួយៗទាំងអស់យកចិត្តទុកដាក់ខិតខំរៀនសូត្រដើម្បីក្លាយទៅជាទំពាំងស្នងឬស្សី ដ៏ល្អរបស់ប្រទេសជាតិ ទៅ
ថ្ងៃអនាគត៕ សុខ គឹមសៀន