អាជ្ញាធរខេត្តព្រះវិហារ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់ ខណៈដែលទឹកស្ទឹងសែនបានបន្តហក់ឡើង លើសកម្រិតប្រកាសអាសន្ន !
ខេត្តព្រះវិហារ ៖ អភិបាល នៃកណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី នៅថ្ងៃទី២៧ សីហានេះ បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ និងបងប្អូនដែលកំពុងរស់នៅតំបន់ងាយរងគ្រោះ ដោយទឹកជំនន់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរកទីទួលសុវត្ថិភាព ខណៈដែលភ្លៀងនៅតែបន្តធ្លាក់ និងទឹកស្ទឹងសែន បានបន្តហក់ឡើងលើសពីកម្រិត ដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្ន។
សេចក្តីអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពី ឯកឧត្តម អភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ អំពីស្ថានភាពទឹកស្ទឹងសែន និងយោងតាមសេចក្តីប្រកាសរបស់ ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពអាកាសធាតុ ជ្រលងសម្ពាធទាបឥណ្ឌា នឹងរំកិលចុះមកជាមួយនឹងសម្ពាធ (ITCZ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាប ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតី កម្រិតកម្ពស់មធ្យមទៅបង្គួរ ។
អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានបញ្ជាក់ថា ស្ថានភាពបែបនេះបានធ្វើឲ្យខេត្តព្រះវិហារ ទទួលរងភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំងជាប់គ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលធ្វើឲ្យទឹកស្ទឹងសែនហក់ឡើងខ្លាំង លើសពីកម្រិតប្រកាសអាសន្នទៅទៀត ដែលគិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ ស្ទឹងសែនមានកម្ពស់ ១១.៦០ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន ១១.៥០ម៉ែត្រ លើសពីកម្រិតប្រកាសអាសន្ន០.១០ម៉ែត្រ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ទៀតថា ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះមហន្តរាយជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ពិសេសបងប្អូនដែលកំពុងរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ និងបងប្អូនរស់នៅតំបន់ងាយរងគ្រោះដោយសារទឹកជំនន់ មេត្តាប្រុងប្រយ័ត្ន និងស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិត ជៀសសវាងកើតមាននូវគ្រោះថ្នាក់ផ្សេងៗ។
ក្នុងករណីបងប្អូនដែលជួបគ្រោះថ្នាក់ទឹកជំនន់ សូមមេត្តារាយការណ៍ និងផ្ដល់ព័ត៌មានឲ្យបានឆាប់បំផុត ដល់អាជ្ញាធរភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ជាបន្ទាន់ ដើម្បីមានលទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះឲ្យបានទាន់ពេលវេលា។
អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរដែនដី ក្នុងការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុផ្សេងៗដែលបណ្ដាលមកពីជំនន់ទឹកភ្លៀងនាពេលនេះ ឲ្យមានប្រសិទ្ធភាព ៕ ដោយ៖ ឡុង សំបូរ