អភិបាលខេត្តមណ្ឌលគិរី អញ្ជើញបើកការដ្ឋាន និងបញ្ចុះបឋមសិលាសាងសង់រង្វង់មូល “រូបសំណាកដំរី “
មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញបើកការដ្ឋាន និងបញ្ចុះបឋមសិលាសាងសង់រង្វង់មូល “រូបសំណាកដំរី ” នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្បែរវិមានឯករាជ្យ និងសាងសង់រូបសំណាកដំរី និងដាក់អក្សរ(ក្រុងសែនមនោរម្យ សូមស្វាគមន៍) ស្ថិតនៅក្រៅក្រុង លើកំណាត់ផ្លូវជាតិលេខ ៧៦A ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ នឹងលើកកម្ពស់សោភ័ណភាព ជាពិសេស ជាការរំលឹកពីប្រវត្តិសាស្ត្រ របស់បងប្អូនជនជាតិដើមភាគតិចពូព្នង។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានឲ្យដឹងថា ការសាងសង់រង្វង់មូលរូបសំណាកដំរី និងរូបសំណាកដំរី ក្រុងសែនមនោរម្យ សូមស្វាគមន៍ នាពេលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមបង្កើននូវសមិទ្ធផលបន្ថែមរបស់ខេត្តមណ្ឌលគិរី ក្នុងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាព ក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ជាពិសេស ដើម្បីលើកកម្ពស់សោភ័ណភាព ខេត្តមណ្ឌលគិរី ឲ្យមានការរីកចម្រើន។
ឯកឧត្តម បញ្ជាក់ថា សមិទ្ធផល ដែលនឹងចេញជារូបរាងនាពេលខាងមុខ ពិតជាឆ្លុះបង្ហាញយ៉ាងច្បាស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដឹកនាំឲ្យប្រទេស មានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តម បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកខេត្តមណ្ឌលគិរី ជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីរាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប ក្នុងចក្ខុវិស័យនៃផែនការមេ សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី។ ទទឹមនឹងនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំ និងជំរុញដល់មន្ទីរអង្គភាព និងវិស័យឯកជន រួមទាំងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការគ្នា សាងសង់រង្វង់មូលរូបសំណាក់ដំរី និងរូបសំណាក់ដំរី ក្រុងសែនមនោរម្យ សូមស្វាគមន៍នេះ ឲ្យទទួលបានជោគជ័យ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយ ហើយចូលរួមសាងសង់ និងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
សូមបញ្ជាក់ថា ការសាងសង់រង្វង់មូលរូបសំណាកដំរី ក្រុងសែនមនោរម្យ សូមស្វាគមន៍មានទំហំផ្ទៃរង្វង់មូលចំនួន ១២,៦០ម៉ែត្រ កម្ពស់ដំរី ៦,៦៣ម៉ែត្រ កម្ពស់រូបមេទ័ព ៨តឹក និង ខឿនមានបណ្តោយ ៧ម៉ែត្រ ទទឹម ៤ម៉ែត្រ កម្ពស់ដំរី ៣,០៦ម៉ែត្រ និងផ្លាក់ទំហំទំហំ ១,២៦ម៉ែត្រ និងប្រវែង ៣,៦៩ម៉ែត្រ នាពេលនេះ សាងសង់ដោយក្រុមសិក្សាប្លង់ និងសំណង់ ហង់ ឃីម ។ ហើយការសាងសង់រូបសំណាកដំរីទាំងពីរនេះមានរយៈពេលចំនួន ៤ខែ ដោយគិតចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះតទៅ ៕ ពលៈ