រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញបំពេញទស្សនកិច្ចក្នុងប្រទេសអ៊ីស្រាអែល
ភ្នំពេញ៖ តបតាមការអញ្ជើញពីលោកជំទាវឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំនៅកម្ពុជា និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូក្រសួង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិស័យឯកជន និងថ្នាក់ដឹកនាំក្រុមយុវជន ក៨ បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែលចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។
កម្មវត្ថុចម្បងនៃដំណើរទស្សនកិច្ចរយ:ពេល ៤ថ្ងៃនេះគឺដើម្បី ÷
ទី១- ធ្វើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើការអភិវឌ្ឍវិស័យកសិកម្ម និងការធ្វើកសិ-ធុរកិច្ច។
ទី២- ជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតកម្ពុជាចំនួន ២០០នាក់ (ជំនាន់ទី១៤) ដែលទើបបានបញ្ចប់ការសិក្សាឆ្នាំ២០២១-២០២២ (វគ្គបណ្តុះបណ្តាលបច្ចេកទេសរយ:ពេល ០១ឆ្នាំ)។
ទី៣- នាំយកវិស័យឯកជនឈានមុខកម្ពុជា និងក្រុមយុវជន ក៨ ទៅធ្វើការសិក្សាស្វែងយល់ និងដកស្រង់-ផ្លាស់ប្តូរបទពិសោធន៍សំខាន់ៗលើការងារដឹកនាំ គ្រប់គ្រង ការអនុវត្តបច្ចេកទេសកសិកម្មទំនើបរបស់ប្រទេសអ៊ីស្រាអែល និងការធ្វើកសិ-ធុរកិច្ច។ល។ មិនតែប៉ុណ្ណោះ ដំណើរទស្សនកិច្ចដ៏មានសារសំខាន់នេះ នឹងផ្តល់ឱកាសឲ្យវិស័យឯកជនកម្ពុជាបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនឈានមុខធំៗរបស់អ៊ីស្រាអែលអំពីកាល្លានុវត្តភាពនៃការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជានាពេលអនាគតផងដែរ។
ឯកឧត្តមរដ្ឋមន្ដ្រីសង្ឃឹមថា ដំណើរទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែលលើកទី២ របស់ឯកឧត្តម (លើកទី១ ឯកឧត្តមបានអញ្ជើញទៅកាលពីចុងខែសីហា ឆ្នាំ២០១៦) នឹងទទួលបានលទ្ធផលសំខាន់ៗក្នុងនោះ
ទី១- ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអ៊ីស្រាអែលនឹងត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅទ្វេមួយកម្រិតទៀត។
ទី២- វិស័យឯកជនកម្ពុជានឹងចាប់បានដៃគូវិនិយោគលើវិស័យកសិកម្ម ជាមួយក្រុមហ៊ុនអ៊ីស្រាអែល។ វិស័យឯកជននឹងនាំយកមកមាតុប្រទេសវិញនូវបទពិសោធន៍ល្អៗអំពីការអនុវត្តបច្ចេកទេសកសិកម្មទំនើប ដើម្បីយកមកធ្វើការកែលម្អ និងអនុវត្តនៅកម្ពុជាឈានទៅធ្វើទំនើប កម្មកសិកម្មកម្ពុជានាពេលអនាគតដ៏ខ្លី ៕ដោយ:សេឌី