ទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្ដិទី៧ ឆ្នាំ២០២៣ នៅខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍ គណកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ និងត្រួតពិនិត្យការងារប្រចាំខែសីហា ព្រមទាំងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងារគណបក្សចុះជួយខេត្តឧត្តរមានជ័យ។
ឯកឧត្តម គន់ គីម ក៏បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរតែងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។
ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមការងារគណបក្សសម្រេចបានក្នុងខែកន្លងមក ទោះបីជាមានបញ្ហាប្រឈមខ្លះដែលសេសសល់ត្រូវដោះស្រាយបន្ត។
នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម គន់ គីម ក៏បានធ្វើការផ្សព្វផ្សាយនូវផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្ដិទី៧ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន ដោយគូសបញ្ជាក់នូវការងារសំខាន់ៗមួយចំនួនជូនដល់ក្រុមការងារគណបក្សគ្រប់ថ្នាក់ និងមន្ត្រីបក្ស អំពីការពង្រឹងពង្រីកសមាជិកបក្សនៅមូលដ្ឋាន ដើម្បីត្រៀមលក្ខណៈសម្បត្តិចូលរួមការបោះឆ្នោតនាពេកខាងមុខឲ្យទទួលបានជោគជ័យ។ ឯកឧត្តម ក៏បានណែនាំឱ្យមន្ត្រីគ្រប់ថ្នាក់ ត្រូវបង្កើនប្រសិទ្ធភាពការងារ ខិតខំបម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា តម្លាភាព កុំរើសអើង និងត្រូវមានសីលធម៌ល្អ បន្តធ្វើអំពើល្អថែមទៀត ដើម្បីប្រមូលបាននូវសមានចិត្តពីប្រជាពលរដ្ឋ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដោយក្តីស្រឡាញ់ពេញចិត្ត នឹងត្រូវបន្តដោះស្រាយបញ្ហាប្រឈម ដែលកើតមាននៅមូលដ្ឋាន និងបញ្ហាសេសសល់ ដែលបានសន្យាជាមួយគាត់កន្លងមក ឱ្យសមនឹងការជឿទុកចិត្តរបស់ប្រជាជនដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម បានជំរុញឱ្យគណបក្សក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតនៅថ្នាក់ខ្លួន និងធ្វើការផ្សព្វផ្សាយទៅក្រុមការងារ និងមន្ត្រីបង្គោលនៅមូលដ្ឋានឱ្យបានជ្រួតជ្រាបដើម្បីចាត់តាំងអនុវត្ត ៕ សេឌី