អគារបន្ទប់សម្រាកព្យាបាលនៅមណ្ឌលសុខភាពថ្មដា ដែលជាអំណោយមូលនិធិសប្បុរសធម៌ស្រុកវាលវែង ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ
ខេត្តពោធិ៍សាត់៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ ឯកឧត្តម ស៊ុយ សែម បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារបន្ទប់សម្រាកព្យាបាលមណ្ឌលសុខភាពថ្មដា ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាអំណោយរបស់មូលនិធិសប្បុរសធម៌ស្រុកវាលវែងឆ្នាំ២០២២ ដែលជាការផ្ដួចផ្ដើមឡើងដោយឯកឧត្តម ទី ថានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវាលវែង ។
លោក សូ សាហុង អភិបាលនៃគណៈអភិបាលស្រុកវាលវែងបានជម្រាបជូនថា ក្រោមការផ្ដួចផ្ដើមពីឯកឧត្តម ទី ថានី និងមានការឯកភាពពីអ្នកឧកញ៉ា ទ្រី ភាព អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តពោធិ៍សាត់ទទួលបន្ទុកស្រុកវាលវែង បានរៀបចំបង្កើតនូវមូលនិធិមួយដែលមានឈ្មោះថា មូលនិធិសប្បុរសធម៌ស្រុកវាលវែងឆ្នាំ២០២២ ដើម្បីប្រមូលថវិកាយកមកកសាងសមិទ្ធផលក្នុងស្រុកវាលវែង។ កន្លងមកយើងបានកសាងអគារបន្ទប់ថែទាំក្រោយសម្រាលកូនចំនួនពីរបន្ទប់នៅមណ្ឌលសុខភាពប្រមោយ អគារសិក្សា ហើយឥឡូវនេះយើងបានកសាងអគារបន្ទប់សង្គ្រោះបឋមមួយទៀតនៅមណ្ឌលសុខភាពថ្មដា ដោយចំណាយអស់ថវិកា ៥.៤១០ដុល្លារអាមេរិក ដែលដឹកនាំកសាងដោយលោកឧត្តមសេនីយ៍ត្រី គួយ សារឿន ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំថ្មដា។
ឯកឧត្តម ស៊ុយ សែម បានកោតសរសើរដល់គំនិតផ្ដួចផ្ដើមនិងការខិតខំកសាងរបស់ក្រុមការងារចុះមូលដ្ឋានស្រុកវាលវែង ដែលមានលោកឧកញ៉ា ទ្រី ភាព និងឯកឧត្តម ទី ថានី ជាជំហរក្នុងការកៀគររកសប្បុរសជន ដើម្បីប្រមូលថវិកាយកមកកសាងសមិទ្ធផលនានា ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងស្រុកវាលវែងយើងនេះ។ មូលនិធិសប្បុរសធម៌នេះពិតជាមានប្រយោជន៍ណាស់ឲ្យតែការគ្រប់គ្រងមានតម្លាភាព ហើយឯកឧត្តមក៍បានណែនាំឲ្យក្រុមការងារស្រុកដទៃទៀតបង្កើតមូលនិធិដូចគ្នានេះដែរ ដើម្បីកសាងសមិទ្ធផលសមូហភាព ពិសេសប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយ៉ាល ។
ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍ថា មណ្ឌលសុខភាពថ្មដាស្ថិតនៅឆ្ងាយពីទីរួមស្រុកនិងទីរួមខេត្ត ទោះបីមានផ្លូវកៅស៊ូស្រួលធ្វើដំណើរហើយក៍ដោយ ក៍ការធ្វើដំណើរមានការឡើងចុះភ្នំ បត់បែន ប្រើរយៈពេល២ម៉ោងទៅ៣ម៉ោងទើបទៅដល់។ ដូច្នេះបើមណ្ឌលសុខភាពយើងមានបន្ទប់សង្គ្រោះបឋម និងមានអ្វីៗគ្រប់យ៉ាងហើយនោះយើងមិនចាំបាច់ដឹកអ្នកជំងឺទៅដល់មន្ទីរពេទ្យខេត្តនោះទេ។
ឯកឧត្តមសូមឲ្យមានការសាងសង់អគារសង្គ្រោះបន្ទាន់ អគារសម្រាកព្យាបាល និងអគារផ្សេងៗទៀតនៅក្នុងមណ្ឌលសុខភាពថ្មដានេះ ដើម្បីបម្រើសេវាព្យាបាលអ្នកជំងឺឲ្យបានទាន់ពេលវេលា ហើយឯកឧត្តមក៍ចូលរួមក្នុងការកសាងនេះដែរ។
ក្នុងឱកាសនោះឯកឧត្តម ស៊ុយ សែម បានឧបត្ថម្ភថវិកាចំនួន ១០លានរៀលសម្រាប់តម្កល់ទុកប្រើប្រាស់ក្នុងមូលនិធិសប្បុរសធម៌ស្រុកវាលវែងបន្តទៀត, ឧបត្ថម្ភថវិកាចំនួន ៥លានរៀលដល់មណ្ឌលសុខភាពថ្មដា, និងបានចែកជូនមីមួយកេស សារុង១ ថវិកា ២០.០០០រៀលក្នុងម្នាក់ៗ ដល់ប្រជាពលរដ្ឋចូលរួមចំនួន ៧០០នាក់ផងដែរ។
បន្ទាប់ពីកាត់ខ្សែបូរសម្ភោធអគារបន្ទប់សម្រាកព្យាបាលរួចមក ឯកឧត្តម ស៊ុយ សែម ឯកឧត្តម ទី ថានី ឯកឧត្តម ចេង ឡៃ និងថ្នាក់ដឹកនាំមូលដ្ឋានទាំងអស់ បានចុះពិនិត្យមើលទីតាំងសាងសង់អគារបន្ថែម ហើយឯកឧត្តម ស៊ុយ សែម និងលោកឧកញ៉ា ទ្រី ភាព បានរួមគ្នាកសាងអគារមួយខ្នងទុកសម្រាប់ប្រើប្រាស់នៅក្នុងមណ្ឌលសុខភាពថ្មដានោះ ៕ ចេង ពុំ