ផ្ទះសន្តិភាពទី១៥២ ក្នុងគម្រោងនិរន្តរភាពសហគមន៍របស់សមាគមជីវិត និងក្តីសង្ឃឹមត្រូវបានប្រគល់ជូនដល់គ្រួសារក្រីក្រមួយនៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប
សៀមរាប៖ ប្រជាពលរដ្ឋក្រីក្រលំបាកទាំងជីវភាពប្រចាំថ្ងៃនិងគ្មានផ្ទះសម្បែងជ្រកកោនមួយគ្រួសារ ស្ថិតក្នុងភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ទទួលបានផ្ទះមួយខ្នងរបស់គម្រោងនិរន្តរភាពសហគមន៍របស់សមាគមជីវិត និងក្តីសង្ឃឹម ក្រោមការឧបត្ថម្ភថវិកាពីសប្បុរសជនមួយក្រុមពីសហរដ្ឋអាមេរិកដែលមានឈ្មោះថា “ទាំងអសគ្នាយើងអាចផ្លាស់ប្តូរពិភពលោក (Together We Can Change the World)” ដឹកនាំដោយលោក ស្កត់ ហ្វ្រៃម៉ែន (Scott Friedman) ក្នុងថវិកាសរុបចំនួន ២,០០០ដុល្លារអាមេរិកគត់ ។ ផ្ទះនេះមានទំហំ ៥ម៉ែត្រគុណនឹង ៧ម៉ែត្រ សង់អំពីស៊ីម៉ង់និងឥដ្ឋផ្ទាល់ដី ប្រក់សង្កសីសាងសង់នៅលើទីតាំងដីដែលមានស្រាប់ បូករួមជាមួយសម្ភារៈផ្ទះចាស់របស់ម្ចាស់ផ្ទះផងដែរ។
ក្រោយពីចំណាយពេល ៥ថ្ងៃ ទើបសាងសង់រួចរាល់ជាស្ថាពរ ក្រោមការនិមន្តចូលរួមពីព្រះសង្ឃ ដែលជាក្រុមការងារសមាគម អាជ្ញាធរមូលដ្ឋាន និងអ្នកជិតខាងជាច្រើននាក់ ត្រូវបានរៀបចំពិធីប្រគល់នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ជូនដល់គ្រួសារ លោក ស៊ីន ឌី អ្នកស្រី ម៉ី ហ៊ាន ដែលជាគ្រួសារក្រីក្រនឹងមានមុខរបរមិនច្បាស់លាស់នៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ។
ព្រះភិក្ខុ ធម្មទិន្នោ ឡម លឿម នាយកប្រតិបត្តិសមាគមជីវិត និងក្តីសង្ឃឹម មានសង្ឃដីការថា ការដាក់ឈ្មោះផ្ទះថាផ្ទះសន្តិភាពនេះ ដោយមានគោលបំណងឱ្យសមាជិកគ្រួសារជាពិសេសឪពុក និងម្តាយ និងអាណាព្យាបាលដែលជាអ្នកឃុំគ្រងគ្រួសារ រស់នៅដោយភាពសុខដុមរមនា គ្មានអំពើហិង្សា នឹងគ្មានការប្រព្រឹត្តល្បែងពាលាផ្សេងៗ ជាគ្រួសារដែលពោរពេញដោយក្តីស្រឡាញ់ គោរពឱ្យតម្លៃ នឹងចេះមើលថែរក្សាគ្នាដោយល្អពោលគឺជាគ្រួសារពោរពេញដោយសុភមង្គលនិងសន្តិភាព ។
ព្រះអង្គ បានបញ្ជាក់ថា ដើម្បីទទួលបានផ្ទះគ្រួសារនោះ ត្រូវគោរពលក្ខខណ្ឌរបស់សមាគមចំនួន៦ គឺ ១. ត្រូវឈប់ ឬកាត់បន្ថយការសេពក្រឿងស្រវឹង។ ២. ត្រូវឈប់ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារប្រសិនបើធ្លាប់មានប្រព្រឹត្តកន្លងមក។ ៣. បើធ្លាប់ប្រព្រឹត្តល្បែងស៊ីសងនិងអំពើអបាយមុខផ្សេងៗ ត្រូវបញ្ឈប់ជាបន្ទាន់។ ៤. ត្រូវខិតខំធ្វើការងាររកចំណូលផ្គត់ផ្គង់គ្រួសារ។ ៥. ត្រូវបញ្ជូនកូនឱ្យទៅរៀនឱ្យបានគ្រប់គ្នា អប់រំទូន្មានកូន លើកទឹកចិត្តកូនៗឱ្យខិតខំសិក្សារៀនសូត្រ និង ៦. ត្រូវចេះសម្អាតបរិស្ថានក្នុង និង ក្រៅផ្ទះឱ្យបានស្អាតជាប្រចាំ ។ លុះគ្រួសារគោរពតាមលក្ខខណ្ឌនេះបានល្អទើបសមាគមសម្រេចសាងសង់ផ្ទះជូន ។
គិតចាប់ពីឆ្នាំ២០០៥មកដល់ពេលនេះក្នុងស្រុកអង្គរធំទទួលបានផ្ទះពីសមាគមជិវិតនិងក្តីសង្ឃឹមចំនួន ៣៥ខ្នងហើយ ព្រោះនេះជាស្រុកស្ថិតនៅក្នុងគោលដៅអាទិភាពរបស់គម្រោងសមាគមផងដែរ ៕ ដោយ ស៊ាន សុផាត