ចំនួនប្រជាពលរដ្ឋនៅចម្ការម្រេចរបស់លោក ខឹម វាសនា មិនទាន់មានការថមថយនោះទេ
សៀមរាប៖ មកទល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ ចំនួនប្រជាពលរដ្ឋដែលមកស្នាក់នៅជុំវិញចម្ការម្រេចលោក ខឹម វាសនា ស្ថិតក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប មិនទាន់មានការថមថយនៅឡើយទេ ។
អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានឲ្យដឹងតាមទូរស័ព្ទថា មកដល់ថ្ងៃទី២៨នេះ ប្រជាពលរដ្ឋដែលមកស្នាក់នៅជុំវិញចម្ការម្រេចលោក ខឹម វាសនា នៅតែមានចំនួនប្រមាណជាងមួយម៉ឺននាក់ដដែល។ លោកបន្តថា ជាការពិតអាជ្ញាធរនៅតែរក្សានូវឥរិយាបទសម្របសម្រួល ដោយសាររឿងវាកើតទៅហើយ។
លោក ខឹម វាសនា បានសន្យាថា នឹងរំសាយការជួបជុំគ្នា នៅថ្ងៃទី៣០ ខែសីហា ក្នុងករណីដល់ថ្ងៃកំណត់ហើយមិនរំសាយ អាជ្ញាធរក៏ត្រៀមវិធានការដែរ។ លោក បានបញ្ជាក់ទៀតថា គឺវិធានការប្រឆាំងការរីករាលដាលនៃជំងឺកូវីដ.១៩មួយ វាគ្រប់គ្រាន់សម្រាប់អាជ្ញាធរមានវិធានការហើយ។
កាលពីថ្ងៃទី២៧ ខែសីហា អាជ្ញាធរខេត្តសៀមរាប បានស្នើឱ្យ លោក ខឹម វាសនា រំសាយចោលការជួបជុំនៅថ្ងៃទី២៨ ខែសីហានេះ ប៉ុន្តែលោក ខឹម វាសនា បានស្នើសុំដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះវិញ ៕ ដោយ ស៊ាន សុផាត