នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ឌពួក ៤នាក់ ករណីគាសផ្ទះ លួចយកម៉ូតូ
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៤នាក់ ក្រោយពីបានធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋលួចយកម៉ូតូ ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង ១និង ៣០នាទីរសៀលថ្ងៃទី ២៨ខែសីហាឆ្នាំ ២០២២នៅចំណុចផ្លូវបេតុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សេង ឆៃ អាយុ៣៦ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ចំណែកបក្សពួក៣នាក់ទៀតបានរត់គេចខ្លួន។ រីឯជនរងគ្រោះមានឈ្មោះ រ៉េត ដារ៉ូ អា យុ ២០ឆ្នាំមានមុខរបរជាជាងជួសជុលទូរសព្ទស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1Q 4170 ចេញពីកន្លែងជួសជុលទូរសព្ទទៅផ្ទះជួលហើយទុកនៅមុខផ្ទះជួល រួចក៏ដើរទៅលេងជាមួយមិត្តភក្កិបាត់។ លុះដល់ម៉ោង ២និង៣០រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបានត្រឡប់មកពីដើរលេងវិញស្រាប់តែបាត់ម៉ូតូអត់ឃេីញ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវចាប់ជនសង្ស័យ។
ក្រោយពីទទួលបានពាក្យបណ្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ក៏បានធ្វើការស្រាវជ្រាវរហូតដល់ម៉ោង១និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានឃេីញជនសង្ស័យខាងលើដើរនៅតាមផ្លូវបេតុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣
ក៏បានឃាត់ខ្លួនយកមកធ្វើការសាកសួនៅប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ចំណែកបក្សពួក៣នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេរួមនិងបក្ខពួកពិតជាបានធ្វើសកម្មភាពគាស់ផ្ទះចូលទៅលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ជីម ភារ៉ា